ផ្ទាំងសំពត់ស

ការបញ្ចូលសម្លេង​ដោយ​​តារាសំដែង-​ចម្រៀង ក្នុង​ភាពយន្ដ​គំនូរជីវចល

ពិតហើយថា ក្នុង​ភាពយន្ដ​គំនូរជីវចល ឬភាពយន្ដគំនូរ «3D» ទោះនៅទីណាក៏ដោយ គ្រប់តួអង្គជាតុក្កតា(ឬជាគំនូរ)ទាំងអស់ ត្រូវការការបញ្ចូលសម្លេង ពីខាងក្រោយឆាក ដែលខុសពីភាពយន្ដ ដែលមានតួអង្គសំដែង ជាមនុស្សពិត។

ខាងក្រោមនេះ ជាការដកស្រង់នូវឈុតឆាកជាច្រើន ចេញពីភាពយន្ដគំនូរជីវចល ឬភាពយន្ដគំនូរ «3D» ដ៏ល្បីៗ ដែលត្រូវបានបញ្ចូលសម្លេង ដោយកំពូលតារាសំដែង និងតារាចម្រៀង ទាំងនៅក្នុងពិភពហូលីវូដ នៅសហរដ្ឋអាមេរិក ឬមកពីប្រទេសផ្សេង។ ការដកស្រង់ និងការកាត់តវីដេអូ ធ្វើឡើងដោយម្ចាស់គណនីមួយ នៅលើបណ្ដាញចែករំលែកវីដេអូ «Youtube» ដាក់ឈ្មោះ «Salty Facts»។

តាមរយៈរូបភាពដ៏ពិសេសៗ យើងអាចយល់បានភ្លាមថា បើទោះពួកគេជាតារាសំដែង ឬតារាចម្រៀងក្ដី តែការចេះសំដែងតែមួយមុខ ឬការចេះច្រៀងតែម្យ៉ាង មិនអាចធ្វើឲ្យក្រុមតារាទាំងនេះ ទទួលបានភាពជោគជ័យ និងឈានទៅរកភាពល្បីល្បាញ នៅក្នុងអាជីពរបស់ពួកគេនោះទេ។

ហើយក៏តាមរយៈទេពកោសល្យ​ដ៏អស្ចារ្យ​ របស់ពួកគេទាំងនេះដែរ ដែលធ្វើឲ្យក្រុមសមិទ្ធិករភាពយន្ដមើលឃើញ ហើយអញ្ជើញពួកគេ​ឲ្យធ្វើការបញ្ចូលសម្លេង ឲ្យដល់តួអង្គនៅក្នុងសាច់រឿង និងដែលជាផ្នែកមួយ ធ្វើឲ្យភាពយន្ដនោះទទួលបានការនិយម ពីទស្សនិកជនរាប់លាននាក់ នៅជុំវិញពិភពលោក៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។