អាស៊ី-ប៉ាស៊ីភិក

ប្រធានាធិបតី ឌូតែតេ ពង្រឹង​អំណាច​ក្នុង​លទ្ធផល​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា

ជាមួយនឹងសមាជិកព្រឹទ្ធសភាថ្មី ដែលត្រូវជ្រើសតាំង រវាង៦ឆ្នាំម្ដង លោក រ៉ូឌ្រីចូ ឌូតែតេ (Rodrigo Duterte) ប្រធានាធិបតីនៃប្រទេសហ្វីលីពីន កំពុងបោះជំហានទៅគ្រប់គ្រង់ ស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់មួយនេះ ដែលកន្លងមកតែងជំទាស់ នឹងគោលនយោបាលដ៏ប្រទាំងប្រទើសរបស់លោក។

ស្ថាប័នព្រឹទ្ធសភា ដែលមានអសនៈចំនួន២៤ ត្រូវបានគេស្គាល់ តាំងពីរយៈពេល៣ឆ្នាំ នៃការឡើងកាន់អំណាចរបស់លោក ឌូតែតេ ថាមានជំហរ«ឯករាជ្យ» ជាជាងរដ្ឋសភាជាតិ និងបានជំទាស់យ៉ាងមានប្រសិទ្ធិភាព នូវវិធានការក្ដៅបំផុតទាំងឡាយ ដែលដាក់ចេញដោយលោកប្រធានាធិបតី។

កាលពីថ្ងៃពុធកន្លងមក លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹង បេក្ខជនស្និតប្រធានាធិបតី ចំនួន៩នាក់ ត្រូវបានជាប់ព្រឹទ្ធសមាជិកថ្មី ខណៈគណបក្សប្រឆាំងទទួលបានតែ ៤អសនៈប៉ុណ្ណោះ។ អសនៈដែលនៅសេសសល់ បានទៅលើបេក្ខជនឯករាជ្យ (៣អសនៈ) និងគណបក្សផ្សេងទៀត។

នៅក្នុងរដ្ឋសភា លោក រ៉ូឌ្រីចូ ឌុយតែតេ មានសម្លេងគាំទ្រដ៏លើសលប់ រួចជាស្រេចហើយ។

លទ្ធផលខាងលើ ដែលចេញពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងជួយឲ្យលោកប្រធានាធិបតី ជិះសេះលែងដៃ នៅក្នុងការកាន់អំណាច ដោយកណ្ដាប់ដៃដែក របស់លោក។ លោក ឌូតែតេ កំពុងដាក់ឲ្យមានឡើងវិញ នូវទោសប្រហារជីវិត និងឈានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នោះថែមទៀត។

គម្រោងច្បាប់ទាំងនោះ ត្រូវបានស្នើឡើងរួចហើយ តែត្រូវបានព្រឹទ្ធសភាខ្ទប់ មិនឲ្យចេញរួច រហូតមកដល់ថ្ងៃនេះ។

តាំងពីបានឡើងមកកាន់អំណាច ក្នុងឆ្នាំ២០១៦ លោក ឌូតែតេ បានរងការរិះគន់ខ្លាំងក្លា ពីសំណាក់បស្ចឹមលោក ចំពោះនយោបាយវាយបង្ក្រាបយ៉ាងហឹង្សា ប្រឆាំងការជួញដូរគ្រឿងញៀន និងនយោបាយជេរប្រទេចផ្ដាសាររបស់លោក។

ប៉ុន្តែប្រធានាធិបតីរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់ប្រជាពលរដ្ឋហ្វីលីពីន ជាពិសេសនៅចំពោះការនិយាយត្រង់ៗរបស់លោក។ ពលរដ្ឋមួយភាគធំ នៅតែបន្តមើលឃើញលោក ឌូតែតេ ថាជានិមិត្តរូប​នៃការកែទម្រង់មួយ ទល់នឹងកង្វះប្រសិទ្ធិភាព នៃក្រុមអ្នកនយោបាយកន្លងមក៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។