កម្ពុជា

អនុរដ្ឋមន្ត្រីចិន​ថា រាជធានីភ្នំពេញ មាន​ភាពរស់រវើកស្រស់ស្អាត

អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃប្រទេសចិនប្រជាមានិត បានអះអាងថា រាជធានីភ្នំពេញ មានភាពរស់រវើក​ស្រស់ស្អាត និងមានសក្ដានុពលជាច្រើន។ មន្ត្រីជាន់ខ្ពស់ចិន លោក វ៉ាង យ៉ាជុន បានថ្លែងដូច្នេះ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីព្រឹកម៉ិញ មុននឹងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ។

មន្ត្រីចិន ត្រូវបានស្រង់សំដី មកបង្ហោះក្នុងទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ថា៖

«នៅពេលដែលលោក បានចុះពីយន្តហោះ មកដល់រាជធានីភ្នំពេញ គឺលោកបានសង្កេតឃើញរាជធានីភ្នំពេញ មានភាពរស់រវើកស្រស់ស្អាត និងមានសក្តានុពលជាច្រើនផងដែរ។ ក្នុងពេលស្នាក់នៅកម្ពុជា លោកនឹងទៅធ្វើទស្សនកិច្ច នៅខេត្តព្រះសីហនុ ដើម្បីសិក្សា អំពីហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការវិនិយោគ លើវិស័យឧស្សាហកម្មផ្សេងៗ ដែលកំពុងរីកដុះដាលយ៉ាងខ្លាំង នៅក្រុងព្រះសីហនុ។»

លោក យ៉ាជុន បានបញ្ជាក់ថា ចិននៅតែបន្តជំរុញការវិនិយោគ មកកាន់កម្ពុជា និងជំរុញការបើកទីផ្សារសម្រាប់កម្ពុជា និងជួយដល់កម្ពុជា លើគ្រប់វិស័យ។

ជាចម្លើយតបវិញ លោក ហ៊ុន សែន បានយល់ស្របចំពោះការលើកឡើងខាងលើ របស់មន្ត្រីចិន ជាពិសេសចំពោះការពង្រឹងទំនាក់ទំនងផង ជាមួយនឹងសក្តានុពល ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផង ដោយឈរលើឯកសារជាប្រវត្តិសាស្ត្រ ដែលបានចុះហត្ថលេខារួចហើយ ពាក់ព័ន្ធទៅនឹងសហគមន៍មួយ ជោគវាសនាមួយ។

នាយករដ្ឋមន្ត្រីកម្ពុជា​ បានបន្តថ្លែងអំណរគុណ ចំពោះប្រទេសចិន ក្នុងការជួយជំរុញការវិនិយោគចិន ឲ្យបានកាន់តែច្រើន មកកាន់កម្ពុជា ស្របពេល​នឹងការជួយ​ជ្រោមជ្រែងបើកចំហរ ទីផ្សារកសិផល និងផលិតផលផ្សេងៗ ជាច្រើនទៀត​របស់កម្ពុជា ទៅកាន់ទីផ្សារ​របស់ប្រទេសចិន​នោះ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។