ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់សំដីលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ។
ផ្ទុយគ្នាស្រឡះ ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលត្រូវរងការដកអាជ្ញាបណ្ណ ឬរងការរាំងខ្ទប់ ពីសំណាក់ក្រសួងព័ត៌មាន ឬពីសំណាក់អាជ្ញាធរពាក់ព័ន្ធនោះ ទូរទស្សន៍របស់កូនស្រីលោក ហ៊ុន សែន មានភ័ព្វវាសនាល្អ ដោយអាចផ្សាយកែតម្រូវឡើងវិញ និងបានធ្វើការសុំទោស ព្រមទាំងត្រូវបានក្រុមអ្នកគាំទ្រ ជួយលាងសម្អាតឲ្យថែមទៀត។
រឿងរ៉ាវកើតឡើង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ និងទំព័រយូធូបផ្លូវការ របស់ស្ថានីយ៍ទូរទស្សន៍នេះ។ បើគ្រាន់តែឃើញតួលេខភ្លាម អាចជារឿងគួរឲ្យភ្ញាក់ផ្អើល និងអាចឲ្យបណ្ដាជនសំដែងការសង្ស័យ ថាជា«Fake News»។ ទាស់ត្រង់ថា ការផ្សាយនោះ ធ្វើឡើងដោយទូរស្សន៍បាយ័ន្ដ «BTV» ដែលជាប្រព័ន្ធផ្សព្វផ្សាយ ដ៏មានឥទ្ធិពលបំផុត នៅកម្ពុជា។
ទំព័រហ្វេសប៊ុក និងយូធូប របស់ «BTV» បានសរសេរអមនឹងការបង្ហោះវីដេអូព័ត៌មានមួយ ជុំវិញការលើកឡើងរបស់លោក ទៀ បាញ់ ដូច្នេះថា៖
«សម្ដេច ទៀ បាញ់៖ កងទ័ពចំនួន ៥ពាន់នាក់ បានឆ្លងមេរោគកូវីដ-១៩ ទោះបីបានចាក់វ៉ាក់សាំងរួចក្ដី។»
វីដេអូនោះ ត្រូវបានលប់ចេញវិញ ក្នុងពេលបន្ទាប់មក នឹងត្រូវបានបង្ហោះជាថ្មី ដោយសំណេរអម ដូចខាងក្រោម៖
«សម្ដេច ទៀ បាញ់៖ កងទ័ពចំនួន ៥នាក់ បានឆ្លងមេរោគកូវីដ-១៩ បើទោះបីបានចាក់វ៉ាក់សាំងរួចក្ដី។»
បន្ទាប់មក នៅខាងក្រោមវីដេអូ ដែលទើបនឹងបង្ហោះផ្សាយសារជាថ្មី ស្ថានីយ៍ទូរទស្សន៍បានសរសេរអះអាង ពីកំណែតម្រូវរបស់ខ្លួន ជាមួយនឹងការសុំទោសថា៖
«យេីងខ្ញុំសូមអភ័យទោស ចំពោះការសរសេរចំណងជេីង មានការខុសឆ្គងរយៈពេល៦នាទី ដោយក្រុមការងារបានបង្ហោះ ក្នុង Facebook និង YouTube ខុសតួលេខ “៥នាក់ ទៅជា ៥ពាន់នាក់” ។ ប៉ុន្តែចំពោះខ្លឹមសារនៃព័ត៌មាន គឺមិនមានការខុសឆ្គងទេ។ ពេលនេះ យេីងខ្ញុំមានការកែតំរូវរួចរាល់ហើយ។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងចុងសប្ដាហ៍នេះ ដើម្បីស្នើសុំការធ្វើអត្ថាធិប្បាយ តែការទាក់ទងមិនទទួលបានការឆ្លើយតបទេ។
ការកែតម្រូវ ត្រូវបានធ្វើរួចមែន តែការបង្ហោះណាមួយ នៅលើបណ្ដាញសង្គម មិនអាចចៀសផុត ពីភ្នែកអ្នកផងទាំងឡាយ ដែលជាប្រិយមិត្តរបស់ខ្លួននោះឡើយ។ ដូចការបង្ហោះលើកទី១ (ដែល«ផ្សាយតួលេខខុស») ខាងលើ ត្រូវបានក្រុមអ្នកប្រើប្រាស់ ថតផ្ដិតជារូបភាពអេក្រង់ (PrintSreen) យកទៅបង្ហោះបន្ត ជាមួយនឹងការសង្ស័យ និងការចំអកដាក់ស្ថានីយ៍ទូរទស្សន៍ ដែលផ្នែកមួយនៃប្រដាប់ឃោសនា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្រាប់លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានយកករណីខាងលើ មកលាងសម្អាត និងទម្លាក់កំហុសទៅលើក្រុមប្រឆាំង មុននឹងទទួលបានភាពហៃអើ យ៉ាងគគ្រឹកគគ្រេង ពីសំណាក់ក្រុមអ្នកគាំទ្រផ្សេងទៀត។ នៅលើបណ្ដាញសង្គម ទីប្រឹក្សានាយករដ្ឋមន្ត្រីរូបនេះ ដែលធ្លាប់ជាអ្នកធ្វើអត្ថាធិប្បាយ របស់ទូរទស្សន៍បាយ័ន បានសរសេរបន្ទោសក្រុមប្រឆាំងថា៖
«ចំនួនពិត គឺ៥នាក់ទេ។ ហើយការផ្សាយរបស់ផេក BTV Cambodia ក៏សរសេរ៥នាក់ដែរ តែនេះគឺមនុស្សចង្រៃ មនុស្សឧទ្ទាមបំផ្លាញជាតិទេ ដែលវាយកមកបន្លំពាក្យ ៥ពាន់នាក់ ដើម្បីឲ្យមានការយល់ច្រឡំ ពីសំណាក់អ្នកអាន។»
សំណេររបស់លោក ជុំ កុសល ត្រូវបានលប់ចេញវិញ នៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមានប្រិយមិត្តមួយចំនួន បានប្រតិកម្មតបវិញថា នេះពិតជាកំហុសឆ្អង របស់ស្ថាប័នទូរទស្សន៍បាយ័ន្ដខ្លួនឯង ដែលបានសរសេរកែតម្រូវ និងបានសុំទោសរួចហើយ។
កាលពីសប្ដាហ៍មុន សារព័ត៌មានផ្សាយតាមអ៊ិនធើណែត និងតាមបណ្ដាញសង្គម របស់លោក ព្រំ សាន ត្រូវបានក្រសួងព័ត៌មានលប់អាជ្ញាបណ្ណចោលភ្លាមៗ បន្ទាប់ពីលោក ព្រំ សាន បានបង្ហោះរូបភាព ជុំវិញមរណភាពរបស់អ្នកជំងឺកូវីដ-១៩ម្នាក់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ នៅមួយថ្ងៃបន្ទាប់មក លោក ព្រំ សាន ថែមទាំងត្រូវបានលោក ហ៊ុន សែន [ទូលថ្វាយព្រះមហាក្សត្រ] ទម្លាក់ចេញពីតំណែង ជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការនោះទៀត។
បើទោះជាក្រុមលោក ព្រំ សាន បានទទួលស្គាល់ថា ជាការយល់ច្រឡំមួយ ដែលបង្កឲ្យមានកំហុសឆ្គងនោះក្ដី តែពួកគេគ្មានភ័ព្វសំណាង ដូចស្ថាប័នរបស់កូនស្រីនាយករដ្ឋមន្ត្រី ដើម្បីធ្វើការកែតម្រូវ និងធ្វើការសុំទោសនោះឡើយ។ ពួកគេត្រូវបានវិន្និច្ឆ័យរួចជាស្រេច អំពីការ«ផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បង្កភាព ច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម»។
យ៉ាងណា លោក ព្រំ សាន នៅសល់សំណាងល្អមួយ នោះគឺរូបលោក មិនត្រូវបានអាជ្ញាធរចាប់វាយខ្នោះ ដើម្បីបញ្ជូនទៅពន្ធនាគារ ដូចអ្នកសារព័ត៌មានដទៃទៀត ក្នុងពេលកន្លងមកទេ។
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ហៅកាត់តាមភាសាអង់គ្លេស «RWB» និងភាសាបារាំង «RSF» ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ ជាច្រើនដង ថ្កោលទោសរាល់ចំណាត់ការចាប់ចង និងការបិទស្ថាប័នព័ត៌មាន នៅកម្ពុជា ថាជាការគម្រាមកំហែង ទៅលើសិទ្ធិ អ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន របស់ពលរដ្ឋកម្ពុជា។
នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអន្តរជាតិខាងលើ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ ប្រចាំឆ្នាំរបស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាន អន់ជាងឆ្នាំមុន ដោយធ្លាក់លេខរៀង ពីលេខរៀងទី១៤៣ មកលេខរៀងទី១៤៤ ក្នុងឆ្នាំ២០២០ ពីក្នុងចំណោម១៨០ប្រទេស នៅជុំវិញពិភពលោក៕