របាយការណ៍

«កន្លះ​លាន​ដុល្លារ»ដើម្បីជួល​ព្រឹទ្ធសមាជិក​អាមេរិក​ម្នាក់ ឲ្យ​ដើរ​បញ្ចុះបញ្ចូល

ជារឿងរ៉ាវ ដែលបានផ្ទុះឡើង នៅចុងសប្ដាហ៍កន្លងមក ហើយបានបង្អើលពិភពលោក មិនតិចទេ។ ព្រឹទ្ធសមាជិកប្រចាំរដ្ឋមួយ នៅសហរដ្ឋអាមេរិក ត្រូវបានជួលក្នុងតម្លៃ«កន្លះ​លាន​ដុល្លារ (៥០ម៉ឺនដុល្លារ)» ដោយរបបក្រុងភ្នំពេញ ដើម្បីដើរបញ្ចុះបញ្ចូលសាធារណមតិ និងជាពិសេស បញ្ចុះបញ្ចូលរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កុំឲ្យដាក់ទណ្ឌកម្ម ទៅលើរបបដឹកនាំនៅកម្ពុជា។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះផ្សាយរួចហើយ នៅក្នុងអត្ថបទរបស់ខ្លួន ដែលចេញផ្សាយ ក្នុងថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ អំពីជំនួបដ៏ចម្លែកមួយ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដុក អេរិសិន (Doug Ericksen) ព្រឹទ្ធសមាជិកប្រចាំរដ្ឋវ៉ាស៊ីនតោន (ភាគខាងលិចអាមេរិក) ក្នុងវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩។

ជំនួបដ៏ចម្លែកនោះ ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយការប្រកាសរបស់លោក ហ៊ុន សែន ខ្លួនលោក ដែលថាឋានៈរបស់លោក មិនសមជួប ជាមួយគណៈប្រតិភូ របស់សហភាពអ៊ឺរ៉ុប ក្នុងការជជែក​អំពីប្រព័ន្ធ​អនុគ្រោះពន្ធ «EBA» សម្រាប់ជាប្រយោជន៍ ដល់ប្រទេសកម្ពុជានោះទេ។

ផ្ទុយទៅវិញ លោក ដុក អេរិកសិន ដែលគ្រាន់​តែជា​ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋមួយ ត្រូវបានលោក ហ៊ុន សែន ទទួលជួប និងចាប់ដៃថតរូបជាមួយគ្នា មុននឹងត្រូវបានប្រព័ន្ធឃោសនា នៃរបបដឹកនាំរបស់លោក យកទៅផ្សាយបំពងយ៉ាងអឺងកង។ សារព័ត៌មាននៅអាមេរិក បានប្រៀបធៀបតំណែង ព្រឹទ្ធសមាជិកប្រចាំរដ្ឋមួយ នៅសហរដ្ឋអាមេរិក ថាមានឋានៈស្មើ ត្រឹមតែមេឃុំ ឬច្រើនណាស់ ត្រឹមមេស្រុកមួយ នៅកម្ពុជាប៉ុណ្ណោះ។

តែរហូតមកដល់ថ្ងៃនេះ អ្វីដែលជាអាថ៌កំបាំងរវាងជំនួប នៃបុរសខ្លាំងកម្ពុជា និងលោកព្រឹទ្ធសមាជិកប្រចាំរដ្ឋរូបនោះ ត្រូវបានសារព័ត៌មានធំៗ នៅជុំវិញពិភពលោក យក​មក​បើក​កកាយ​ជាសាធារណៈ។ នោះ គឺនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ កិច្ចសន្យាជំនួញមួយ សម្រាប់រយៈពេល១ឆ្នាំ ដែលមានទំហំប្រាក់ USD ៥០០ ០០០ ឬ កន្លះ​លាន​ដុល្លារ ត្រូវបានចុះហត្ថលេខា រវាងរបបក្រុងភ្នំពេញ និងក្រុមហ៊ុន «PacRim Bridges LLC» របស់លោក ដុក អេរិកសិន។

គឺទស្សនាវដ្ដីដ៏ធំរបស់អាមេរិក ដែលមានជំនាញខាងកិច្ចការនយោបាយ ឈ្មោះ «POLITICO» ជាអ្នកទម្លាយកិច្ចសន្យា ដ៏អាថ៌កំបាំងនេះ ចេញដំបូងគេ នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។ ទស្សនាវដ្ដីបានសរសេរថា ក្រុមហ៊ុនខាងលើនេះ ត្រូវបានចុះបញ្ជី ដោយដាក់ឈ្មោះមនុស្សពីរនាក់៖ ម្នាក់គឺលោក ដុក អេរិកសិន ព្រឹទ្ធសមាជិកប្រចាំរដ្ឋវ៉ាស៊ិនតោន និងម្នាក់ទៀត គឺលោក ជេ រូដន៍ (Jay Rodne) អតីតតំណាងរាស្ត្រ ប្រចាំរដ្ឋនេះដូចគ្នា (ទើបចេញពីតំណែង នៅដើមឆ្នាំនេះ)។

កិច្ចការដែលលោកព្រឹទ្ធសមាជិក និងអតីតតំណាងរាស្ត្រ ប្រចាំរដ្ឋវ៉ាស៊ីនតោនខាងលើ ត្រូវទទួលបន្ទុក នៅក្នុងកិច្ចសន្យានោះ គឺត្រូវដើរជួបបណ្ដាអ្នកទទួលខុសត្រូវអាមេរិក បណ្ដាសមាជិកសភា-ព្រឹទ្ធសភា ដ៏ដូចជាអ្នកទទួលខុសត្រូវ ក្នុងរដ្ឋបាលអាមេរិក ដើម្បីបង្កើនឲ្យមានទំនាក់ទំនងប្រសើរឡើង រវាងសហរដ្ឋអាមេរិក និងរបបដឹកនាំក្រុងភ្នំពេញ។

កិច្ចសន្យានោះ​បានបញ្ជាក់ទៀតថា ក្រុមហ៊ុន «PacRim Bridges» ត្រូវរៀបចំសម្រួល ដំណើរទស្សនកិច្ច នៃមន្ត្រីរដ្ឋាភិបាលកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងបង្កើតឲ្យមានដំណើរទស្សនកិច្ច នៃមន្ត្រីអាមេរិក មកកាន់ប្រទេសកម្ពុជា ក៏ដូចជារៀបចំ ឲ្យមានជំនួប ជាមួយមេដឹកនាំក្រុមហ៊ុន-សហគ្រាស របស់សហរដ្ឋអាមេរិកនោះផង។

​លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកែក​ដំបូងឡើងថា មិនមានការជួលព្រឹទ្ធសមាជិកខាងលើអ្វីទេ ហើយបាន​ចោទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ផ្សាយ​រឿង​នេះ ថា​លាប​ពណ៌​អាក្រក់​ឱ្យលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក។ 

តែក្រោយមក មន្ត្រីអ្នកនាំពាក្យរូបនេះ ព្រមទទួលស្គាល់ថា ពិតជាមានការជួលដូច្នេះមែន និងបានការពារថា មិនមាន​អ្វី​ខុស​ទាស់​ទេ ព្រោះវាគឺជា​ការពឹង​ពាក់​​បរទេស​ តាម​«របៀប​ជួល» ដែល​ការពារ​ផលប្រយោជន៍​ ឲ្យ​ប្រទេស​និងប្រជាជនកម្ពុជា។ លោក សុខ ឥសាន បន្តទៀតថា ការជួលនេះ គ្រាន់បើជាង​អំពើ​ ដែល​ទៅ​ពឹង​បរទេស ឱ្យ​បំផ្លាញ​ផលប្រយោជន៍​ជាតិ​កម្ពុជា និង​ប្រជាជន​កម្ពុជា ដែលលោកសំដៅទៅគណបក្ស​ប្រឆាំង។

យ៉ាងណា ក្រុមអ្នកវិភាគឯករាជ្យជាច្រើន បានរិះគន់ពីការចំណាយខ្ជះខ្ជាយ របស់របបដឹកនាំក្រុងភ្នំពេញ ដែលដល់ថ្នាក់ទៅជួលព្រឹទ្ធសមាជិក ប្រចាំរដ្ឋមួយ ឲ្យដើរបញ្ចុះបញ្ចូលជំនួសខ្លួន ផ្ទុយពីអ្វីដែលសហគមន៍អន្តរជាតិ គ្រាន់តែចង់ឲ្យរបបដឹកនាំមួយនេះ ងាកមកដើរតាមលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវប៉ុណ្ណោះ។

រីឯសារព័ត៌មានបរទេសវិញ បានស្រង់យកដំណឹងខាងលើ យកទៅចុះផ្សាយលំអិត ដោយបានបញ្ជាក់ថា ជាធម្មតា ក្រុមអ្នកតំណាងរាស្ត្រ ឬព្រឹទ្ធសមាជិក ប្រចាំរដ្ឋមួយ នៅសហរដ្ឋអាមេរិក មិនមានសិទ្ធលូកដៃ និងគ្មានឥទ្ធិពលអ្វី ទៅលើកិច្ចការបរទេស រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃនោះទេ។ ជាពិសេសលោក ដុក អេរិកសិន មិនអាចធ្វើជាព្រឹទ្ធសមាជិកផង និងបើកក្រុមហ៊ុនដើរស៊ីឈ្នួល ផងដូច្នេះឡើយ។

សម្រាប់លោក ដុក អេរិកសិន ខ្លួនលោក បានចេញមកពន្យល់ថា ទង្វើរបស់លោកមិនខុសច្បាប់ទេ ព្រោះលោកមានសិទ្ធិធ្វើការ រកកម្រៃពាក់កណ្ដាល​ម៉ោង​បន្ថែម ក្រៅពីការងារ​ជាព្រឹទ្ធសមាជិក ដែល​ទទួល​បៀវត្សរ៍​ពីរដ្ឋការ​អាមេរិកាំង។ ស្រង់សំដី​ដោយសារព័ត៌មានអាមេរិក លោក អេរិកសិន បានបដិសេធពីតួនាទី ដើរបញ្ចុះបញ្ចូលរបស់លោក នៅក្នុងកិច្ចសន្យាស៊ីឈ្នួលនោះ តែលោក​និងក្រុមហ៊ុនរបស់លោក ធ្វើកិច្ចការនេះ ក្នុងនាម​ត្រឹមតែជា​«ទីប្រឹក្សាផ្ដល់យោបល់»​ប៉ុណ្ណោះ។

ជាការរំលឹកឡើងវិញ លោក ដុក អេរិកសិន ជាមនុស្សម្នាក់ ពីក្នុងចំណោមមន្ត្រីអាមេរិក៤នាក់ ដែលបានចូលរួមសង្កេតការណ៍ ក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខណៈរដ្ឋាភិបាលអាមេរិក បានបដិសេធបញ្ជូនអ្នកសង្កេតការណ៍ផ្លូវការ មកកាន់ប្រទេសកម្ពុជា ដោយបានអះអាង អំពីកង្វះដំណើរការប្រជាធិបតេយ្យគ្រប់គ្រាន់ សម្រាប់ធ្វើការវាយតម្លៃ ទៅលើការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយនេះ។

ប៉ុន្តែពីក្នុងចំណោមមន្ត្រីទាំងបួននាក់ មន្ត្រីពីររូប គឺលោក «Drew MacEwen» និង​លោក «Brandon Vick» ដែលសុទ្ធសឹងជាតំណាងរាស្ត្រ ប្រចាំក្នុងរដ្ឋវ៉ាស៊ិនតោនដដែលនោះ បានចេញមុខទទួលស្គាល់ ពី«ភាពខុសច្បាប់»នៃការបោះឆ្នោត ខែកក្កដានោះ បន្ទាប់ពីពួកលោកបានវិលត្រឡប់ ទៅដល់សហរដ្ឋអាមេរិកវិញ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានស្រង់សម្ដីតំណាងរាស្ត្រទាំងពីររូប មកបញ្ជាក់ថា ពួកលោកបានចាកចេញពីកម្ពុជា ដោយមិននៅរង់ចាំសង្កេតការណ៍បោះឆ្នោត ឲ្យបានចប់ចុងចប់ដើមនោះផងទេ បន្ទាប់ពីពួកលោកដឹងថា គណបក្សប្រជាជនកម្ពុជា បានព្យាយាមប្រើប្រាស់ក្រុមលោក ដើម្បីទាញយកភាពស្របច្បាប់ ពីការបោះឆ្នោតនេះ៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។