តើ«សមិទ្ធិផល»របស់សម្ដេច នរោត្ដម សីហនុ ណាខ្លះ ដែលបានបាត់បង់ និងសមិទ្ធិផលណាទៀត ដែលនៅសេសសល់ ហើយក្លាយជាអ្វី នៅពេលបច្ចុប្បន្ននេះ?
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ខណៈដែលប្រជាជនកម្ពុជាជាទូទៅ កំពុងរួមកាន់ព្រះមរណទុក្ខ នៃព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុនោះ លោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា បានផ្តល់បទសម្ភាន៍មួយ ទៅអោយទូរទស្សន៍ក្នុងស្រុកស៊ីអ៊ិនស៊ី ដោយលើកឡើងថា៖
«ស្នាព្រះហស្តព្រះករុណាសម្តេចឪ ត្រូវខ្មែរក្រហមបំផ្លាញអស់ហើយ ហើយសមិទ្ធផលដែលមានឥឡូវ គឺបានកសាងចាប់ពីឆ្នាំ១៩៧៩ មកទេ»។
ពាក្យសម្ដីរបស់លោក កែប ជុតិមា បានរងនូវប្រតិកម្មខ្លាំងក្លា និងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្លូកផ្សេងៗ នៅតាមប្រព័ន្ធអ៊ិនធើណែត។
សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២ បានទទួលស្គាល់ថា មានតែមួយផ្នែកប៉ុណ្ណោះ នៃសមិទ្ធិផលរបស់សម័យសង្គមរាស្ត្រនិយម ដែលត្រូវរងនូវការបំផ្លាញ។ តែលោកនៅតែលើកបង្ហាញ ពីភាពលំបាកលំបិន ជាងការសាងសង់ថ្មីទៅទៀត នៃការស្ដាសមិទ្ធិផល ដែលនៅសេសសល់នេះឡើងវិញ នៅក្រោយរបបប្រល័យពូជសាសន៍ ប៉ុលពត។
អតីតព្រះមហាក្សត្រសម្តេច នរោត្តម សីហនុ ជាអង្គវីរៈក្សត្រដ៏មាន ប្រជាប្រិយភាពជាទីបំផុត នៅក្នុងពេលព្រះអង្គ ទ្រង់នៅគ្រងរាជ្យអំណាច ជាពិសេសក្នុងអំឡុងឆ្នាំ១៩៥៥ មកដល់ឆ្នាំ ១៩៧០ ដោយកាលនោះ ព្រះអង្គទ្រង់បានដាក់រាជ្យ ដើម្បីយាងចុះមកធ្វើនយោបាយ ហើយបានបង្កើតនូវរបបមួយ មានឈ្មោះថា៖ «សង្គមរាស្រ្តនិយម»។ របបដែលជាស្នាព្រះហស្ថផ្ទាល់ របស់ព្រះអង្គ ត្រូវបានគេដឹង និងទទួលស្គាល់ថា មានសុខសន្តិភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ។
ទស្សនាវដ្តីមនោម្យ.អាំងហ្វូ សូមបង្ហាញជូនត្រួសៗ នូវសមិទ្ធផលមួយចំនួន ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ ក្នុងសម័យសង្គមរាស្រ្តនិយមទាំងនោះ ដោយបញ្ជាក់ថា បើទោះជាសមិទ្ធិផលខ្លះ ជាការដាក់ទុនវិនិយោគ របស់ផ្នែកឯកជនក៏ដោយ ក៏គេនៅតែគិតថា នោះជាអ្វីដែលបានកើតឡើង នៅសម័យកាលនោះ ដែលស្ថិតនៅក្រោមព្រះរាជកិច្ចគ្រប់គ្រង នៃអង្គសម្ដេច នរោត្តម សីហនុ ដែរ។
យើងមិនអាចដឹងឲ្យច្បាស់លាស់ នូវមូលហេតុដែលបណ្ដាលឲ្យមានការបាត់បង់ ឬមូលហេតុ ដែលឈានទៅដល់ការបំផ្លិចបំផ្លាញ ណាមួយនោះទេ។ យើងគ្រាន់តែអាចលើកមកជំរាប ជាមូលដ្ឋានខ្លះ ដូចយ៉ាងមូលហេតុ៖ សង្គ្រាម – ខុសនយោបាយ – ការលួចបំផ្លិចបំផ្លាញ និងការបោះបង់ចោលជាដើម។
សាកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត ត្រូវបានកំទេច ដោយសាររងការជួបប្រយុទ្ធ រវាងកងទ័ពសាធារណរដ្ឋ និងកងទ័ពខ្មែក្រហម មុនឆ្នាំ១៩៧៥ ដោយអាចចាត់ទុក ជាមូលហេតុសង្រ្គាម។ មូលហេតុនេះ មិនខុសប៉ុន្មាននឹង ការដាក់មីនកំទេចស្ពាន សង្គមរាស្ត្រនិយមនៅភ្នំពេញមុនឆ្នាំ ១៩៧៥នោះដែរទេ។ សាកលវិទ្យាល័យផ្សេងទៀត ត្រូវបានបោះបង់ចោល និងខ្លះទៀត ត្រូវបានវាយកម្ទេចចោលរាបដល់ដី នៅក្រោមរបបប៉ុលពត ដោយសារតែរបបនេះ មិនដែលអោយតំលៃលើការសិក្សាខ្ពង់ខ្ពស់ ដែលយើងចាត់ទុក ជាមូលហេតុខុសនយោបាយ។
ដោយហេតុថា ធនាគារជាតិនៅរាជធានីភ្នំពេញ សម្បូរទៅដោយគន្លឹះយន្ដ ដែលបានបំពាក់ដើម្បីការពារ ហិរញ្ញវត្ថុ និងរបស់មានតម្លៃរបស់ជាតិ (មាស-ប្រាក់) មួយផ្នែកនៃអាគារក្រហមនេះ ត្រូវបានវាយកំទេច (ឯកសារខ្លះថា បានដាក់គ្រាប់បែកបំផ្ទុះ និងខ្លះទៀតថា ការលួចបំផ្លិចបំផ្លាញនេះ ត្រូវបានធ្វើនៅឆ្នាំ១៩៧៩ ដោយកងទ័ពវៀតណាម) ដើម្បីអាចចូលទៅលួចគាស់កកាយ ដែលអាចចាត់ទុកជាមូលហេតុមួយដែរ។
ក្នុងរបបសង្គមរាស្ត្រនិយម នៅមានការកសាង នូវសមិទ្ធិផលជាច្រើនទៀត ដែលឯកសារជាច្រើន ពុំបានលើកឡើងមកនិយាយទេ។ តែសមិទ្ធិផលដែលនៅសេសសល់ ក្រោយឆ្នាំ១៩៧៩នេះ មានមួយចំនួន ត្រូវបានផ្លាស់ប្ដូររូបរាង ឬបាត់រូបរាងតែម្ដង (ដូចជាបូរីកីឡា) ខ្លះទៀតត្រូវបានពុះជ្រៀក ជាចំរៀកៗ (ដូចជាទីធ្លាជុំវិញពហុកីឡាដ្ឋានអូឡាំពិក ឬរោងភាពយន្តរដ្ឋចេនឡា) និងខ្លះទៀតបានរងអគ្គីភ័យ រហូតត្រូវវាយកំទេចចោល រាបដល់ដី (ដូចជាសាលមហោស្រពជាតិ “ព្រះសុរាម្រិត”ជាដើម) ក្នុងពេលបច្ចុប្បន្ននេះផង។
ដូច្នេះការបាត់បង់រូបរាង ការផ្លាស់ប្ដូរ ឬការវិវឌ្ឍន៍ណាផ្សេង ដែលមានទៅលើ«សមិទ្ធិផល» ពីសម័យកាលរបស់ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ មិនមែនមាននៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម តែមួយរបបនោះទេ តែត្រូវរាប់បញ្ចូលទាំងសម័យកាលមុនឆ្នាំ ១៩៧៥ និងក្រោយឆ្នាំ១៩៧៩ដូចគ្នា។
នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ដែលទាក់ទងនឹងការផ្លាស់ប្ដូរអ្នកដឹកនាំ ជារឿយៗ គេតែងតែសង្កេតឃើញ ថាមានការផ្លាស់ប្ដូរដូចគ្នា នូវខ្សែរបន្ទាត់នយោបាយ ជំនឿសាសនាគោរពបូជា ឬការប្រកាន់នូវបក្សពួកនិយម ។ល។ ដែលទាំងអស់នេះ បានឈានទៅរកការផ្លាស់ប្ដូររាជធានី ការវាយបំផ្លាញចោល នូវសមិទ្ធិផលរបស់អ្នកដឹកនាំមុន ដើម្បីដាក់មកវិញនូវគំនិតថ្មី ឬសមិទ្ធិផលថ្មីរបស់អ្នកដឹកនាំក្រោយ។
មានភស្ដុតាងជាច្រើនបានបង្ហាញ នៅតាមប្រាង្គប្រាសាទនានា ដែលព្រះរាជាក្រោយ បានត្រាស់បង្គាប់អោយ ឆ្លាក់រូបព្រះឥសី បញ្ជាន់លើរូបព្រះពុទ្ធ ដែលជាស្នាដៃរបស់ព្រះរាជាមុន ឬការផ្លាស់ប្ដូរាជធានី ពីអង្គរទៅកោះកេរ និងក្រោយមក ពីកោះកេរទៅអង្គរវិញជាដើម។
មានតែក្សត្រតែប៉ុន្មានអង្គប៉ុណ្ណោះ នៅក្នុងចក្រភពអង្គរ (ស.វ ទី៩ ដល់ ស.វ ទី១២) ដែលទ្រង់បានថែរក្សា ដុះខាត់នូវសមិទ្ធិផល របស់ព្រះរាជាអង្គមុនៗ ហើយអភិវឌ្ឃន៍ សមិទ្ធិផលថ្មីបន្ថែមទៀត នៅជិតៗគ្នានោះ។ ហើយនេះជាមូលហេតុមួយ ក្នុងចំណោមមូលហេតុផ្សេងទៀត ដែលនាំអោយប្រទេសកម្ពុជា ក្លាយជាមហាអំណាចមួយក្នុងតំបន់ កាលពីសម័យកាលមហានគរនោះ។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរបច្ចុប្បន្ន នៅតែបានអំពាវនាវ អោយមានការថែរក្សាជាបន្ដ នូវកេរ្ដ៍ដំណែលពីសម័យសង្គមរាស្រ្តនិយមដែរ ដោយសុំអោយមានការរំលឹក ពីប្រវិត្តិសាស្រ្តទាំងនេះឡើងវិញ ហើយលោកថា មិនបាននិយាយ យកនយោបាយមកលាយឡំ ជាមួយប្រវត្តិសាស្ត្រឡើយ។ តែ«អ្នកនយោបាយ» ដែលប្រកាសថា មិននិយាយពី«រឿងនយោបាយ» វាជារឿងមិនគួរអោយជឿបាន ព្រោះថា «ប្រវត្តិសាស្រ្ត» មិនគួរត្រូវបានប្រកាស ចេញពីមាត់របស់«អ្នកនយោបាយ»ខ្លួនឯងនោះទេ៕