ការបាត់ខ្លួន យ៉ាងអាថ៌កំបាំងនៃយន្ដហោះ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) កាលពីខែមិនា ឆ្នាំ២០១៤ មានចំណែកទទួលខុសត្រូវមួយភាគ ពីកងទ័ពម៉ាឡេស៊ី។ នេះ បើតាមការស្រាវជ្រាវមួយ របស់ទូរទស្សន៍បារាំង ដែលបានចុះទៅយកការណ៍ ដល់កន្លែងកើតហេតុផ្ទាល់។
កម្មវិធី «Complément d’enquête» របស់ទូរទស្សន៍បារាំង «France 2» បានធ្វើការអង្កេត ដោយចាប់ផ្ដើមសិក្សាជាដំបូង ទៅលើរបាយការណ៍ផ្លូវការ ដែលបានអះអាងថា ក្នុងយប់ថ្ងៃ៨ ខែមិនា ឆ្នាំ២០១៤ យន្ដហោះប្រភេទ ប៊ូអីង (Boeing 777) បានហោះត្រឡប់ក្រោយវិញ បន្ទាប់ពីបានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ បានប្រមាណ ជាង៣០នាទីក្រោយមក ហើយថែមបានហោះ ពីលើដែនដីភាគខាងជើងបំផុត នៃប្រទេសម៉ាឡេស៊ីនោះផង។
ដំណើរហោះត្រឡប់ក្រោយនេះ របស់យន្ដហោះ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ត្រូវបានថតជាប់ ដោយប្រព័ន្ធឃ្លាំមើលដែនអាកាស របស់មូលដ្ឋានយោធាមួយឈ្មោះ «Butterworth» ស្ថិតក្នុងក្រុង «Penang» ភាគខាងជើងប្រទេស។
ជាធម្មតា មូលដ្ឋានយោធានោះ ត្រូវមានតួនាទីជាយុទ្ធសាស្ត្រ ក្នុងការការពារទឹកដី ដែនសមុទ្រ និងការពារដែនអាកាសដ៏រឹងមាំ របស់ប្រទេសម៉ាឡេស៊ី។ ផ្ទុយទៅវិញ នៅចំពោះវត្តមានយន្ដហោះដ៏ចម្លែកមួយ ដែលហោះរំលងពីលើខ្លួន ក្នុងអំឡុងម៉ោង ១និង៥២នាទី (ទៀបភ្លឺ) មូលដ្ឋានយោធា «Butterworth» បែរជាមិនបានធ្វើប្រតិកម្ម អ្វីទាល់តែសោះ។
ហេតុអ្វី ក៏យន្ដហោះប៊ូអីង ដែលដឹកមនុស្ស២៣៩នាក់ បានក្លាយជាយន្ដហោះចម្លែក? ព្រោះយន្ដហោះនេះ បានបាត់ការទាក់ទងសូន្យឈឹងតែម្ដង រាប់ពីពេលយន្ដហោះ វិលត្រឡប់ក្រោយវិញ។ រាល់ការប៉ុនប៉ងភ្ជាប់ទំនាក់ទំនង ទៅកាន់យន្ដហោះ មិនទទួលបានការឆ្លើយតបវិញទេ។ ដូច្នេះ ក្នុងវិស័យការពារជាតិ វាអាចជាយន្ដហោះរបស់បច្ចាមិត្ត – ចោរប្លន់អាកាស ឬរបស់ភេរវករ ដែលកងទ័ពការពារដែនអាកាស ចាំបាច់ត្រូវប្រតិកម្មភ្លាម។
ប៉ុន្តែ នៅឯមូលដ្ឋានយោធា «Butterworth» មិនមាននរណាម្នាក់រង្គើខ្លួនទេ ខណៈនៅទីនោះ មានយន្ដហោះប្រដេញជាច្រើនគ្រឿង ដែលនៅបញ្ឈរជើង និងត្រៀមលក្ខណៈ អាចចេញធ្វើប្រតិកម្មបាន។ ហេតុអ្វី?
នៅក្នុងកញ្ចក់ទូរទស្សន៍អូស្ត្រាលី រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានព្យាយាមលាក់បាំងភាពខ្ជីខ្ជាខាងលើ ដោយរុញការទទួលខុសត្រូវ ទៅលើកងទ័ពអាមេរិក ថាបានបាញ់ទម្លាក់យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ។
បទយកការណ៍របស់ «Complément d’enquête» បានរកឃើញពីមូលហេតុ«យ៉ាងងាយ»ដូច្នេះថា ទាហានបម្រុងម៉ាឡេស៊ី ដែលអាចបើកយន្ដហោះប្រដេញទាំងនោះបាន កំពុងលង់លក់ក្នុងដំណេក នៅឯលំនៅដ្ឋានរបស់ផងខ្លួន។
អ្នកសារព័ត៌មានបារាំង បានជួបជាមួយអតីតមេបញ្ជាការ កងទ័ពជើងអាកាសម៉ាឡេស៊ី លោក «Ahmad Zaïdi» ដើម្បីស្វែងរកការបញ្ជាក់ ពីកង្វះខាតភាពប្រុងប្រយ័ត្ន របស់កងទ័ពអាកាសម៉ាឡេស៊ី នោះពេលនោះ។ លោកថា៖
«ក្នុងពេលមានសន្តិភាព គ្រប់គ្នាវិលត្រឡប់ទៅផ្ទះវិញ នៅពេលយប់។ ដើម្បីអាចចេញធ្វើប្រតិកម្មបាន យើងត្រូវការពេលរហូតដល់ទៅ ២ម៉ោង។ ហើយនៅពេលនោះ គ្រប់ទាហានអ្នកបើកយន្ដហោះទាំងអស់ កំពុងនៅផ្ទះរបស់ពួកគេ។ គ្មានអ្នកបើកបរយន្ដហោះណាម្នាក់ នៅប្រចាំការទេ។»
យន្ដហោះបាត់ខ្លួន បានភ្ជាប់ជើងហោះហើររបស់ខ្លួន ពីរដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន។ មកទល់នឹងពេលនេះ ការរុករកយន្ដហោះបាត់ខ្លួន នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង គ្មានទទួលបានលទ្ធផលអ្វីឡើយ។
នៅចំពោះសំនួរអ្នកកាសែត ដែលសួរថា តើអាចនិយាយសរុបមក អំពី«ភាពខ្ជីខ្ជា»របស់កងទ័ព បានដែរឬទេ? លោក «Ahmad Zaïdi» បានឆ្លើយថា៖
«ពិតហើយ ! វាជាភាពខ្ជីខ្ជាដ៏ធំមួយ។ ជាចន្លោះប្រហោង នៃការគ្រប់គ្រង។ រដ្ឋាភិបាលយើង គួរទទួលខុសត្រូវចំពោះករណីនេះ តែគ្មាននរណាម្នាក់ បានលាលែងចេញពីតំណែងទេ៕»