របាយការណ៍

«Al Jazeera»​ទម្លាយ​ពីឯកសារ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏រង្គាល នៅ​កម្ពុជា

តាមរយៈកម្មវិធីរបស់ខ្លួន មានចំណងជើងថា «101 East» ទូរទស្សន៍ «Al Jazeera» បានបង្កការភ្ញាក់ផ្អើលជាថ្មី ជាមួយនឹងរបាយការណ៍ថ្មីមួយ ស្ដីពីការកាប់បំផ្លាញព្រៃឈើដ៏រង្គាល នៅប្រទេសកម្ពុជា។

របាយការណ៍ «ការកាប់ទន្ទ្រានយកដីព្រៃកម្ពុជា» បាននាំមកនូវរូបភាព ដ៏កម្រជាច្រើន ដែលត្រូវបានសកម្មជនការពារព្រៃឈើ ថតផ្តិតយក ជាមួយកាម៉េរ៉ាលាក់ខ្លួន (ទាំងនៅជាប់ខ្លួន ឬដាក់បង្កប់ចោល ឬថតពីលើអាកាស) ពីក្នុងតំបន់ព្រៃឈើ​ជាច្រើន ដែលត្រូវបានកាប់បំផ្លាញ ដោយក្រុមឈ្មួញ ក្រោមការការពារ ពីកងកម្លាំងយោធា​ដ៏មានអំណាច។

រូបភាពទាំងនេះ បានភ្ជាប់មកជាមួយ នឹងការធ្វើអត្ថាធិប្បាយ ដែលមានសេចក្ដីថា៖

«ប្រទេសកម្ពុជាទទួលរងការកាប់បំផ្លាញព្រៃឈើ យ៉ាងឆាប់រហ័សបំផុត នៅលើពិភពលោក ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះ។ ប៉ុន្តែសកម្មជនក្នុងតំបន់ដ៏ក្លាហានម្នាក់ កំពុងព្យាយាមយ៉ាងខ្លាំង និងទាំងក្ដីអស់សង្ឃឹម ដើម្បីជួយសង្គ្រោះព្រៃឈើ ដែលនៅសល់ចុងក្រោយ របស់ប្រទេស។»

សកម្មជនម្នាក់នោះ មានឈ្មោះ អ៊ូច ឡេង។ ក្រៅពីការថតជាប់ នូវទិដ្ឋភាពកាប់បំផ្លាញព្រៃ លោក អ៊ូច ឡេង នៅបានតាមដាន ម្តងហើយម្តងទៀត នូវក្បួនរថយន្តដឹកឈើធំៗ ជាច្រើនគ្រឿង ដោយបើកបរត្រង់ ចេញពីតំបន់ការពារ និងឆ្លងព្រំដែនចូលប្រទេស​វៀតណាម តាមរយៈបណ្តាញលក់ឈើខុសច្បាប់ ដែលមិនពិបាកនឹងរកឃើញឡើយ។

លោក អ៊ូច ឡេង បានបង្ហាញភស្តុតាងរបស់គាត់ ដល់អាជ្ញាធរ ប៉ុន្តែឡានដឹកឈើនៅតែបន្តបើកចេញ ពីតំបន់ព្រៃការពារ នៅចំពោះមុខគាត់។ ជាពិសេសទៀតនោះ អ្វីដែលបង្កកំហឹងខ្លាំងក្លា សម្រាប់សកម្មជនរូបនេះ គឺសហភាពអ៊ឺរ៉ុបបានចុះកិច្ចព្រមព្រៀង ជាមួយប្រទេសវៀតណាម ក្នុងការនាំចេញឈើពីប្រទេសនេះ ទៅកាន់ទីផ្សារអឺរ៉ុប។

របាយការណ៍របស់បណ្ដាញទូរទស្សន៍ នៅបានរាយការណ៍ ពីតំបន់ជួរភ្នំក្រវាញ ដែលនៅទីនោះ ក្រុមអភិរក្សសត្វព្រៃ កំពុងប្រយុទ្ធដើម្បីការពារព្រៃមួយ ក្នុងចំណោមព្រៃដែលនៅសល់ របស់ប្រទេសកម្ពុជា។ ប៉ុន្តែគួរឲ្យអស់សង្ឃឹម… ដោយសារតែក្រុមសកម្មជនការពារព្រៃ ហាក់គ្មានការគាំទ្រ ពីក្រុមអាជ្ញាធរឡើយ៕

» សូមទស្សនារបាយការណ៍នោះ ដូចខាងក្រោម៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។