វិភាគ អត្ថាធិប្បាយ

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហ»​ទី​ពីរ ​ជូន កែម ឡី

ខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី នឹងមកដល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ ក្នុងឱកាសនេះ លោក ហួត វុទ្ធី ដាក់​ហស្សនាម​ហៅ ជុន ច័ន្ទបុត្រ នាយករង​និងជា​អ្នក​សារព័ត៌មាន នៃ​វិទ្យុ​អាស៊ី​សេរី បាន​សរសេរ​លិខិត​​«ចំហ»​​មួយ​ទៀត ឧទ្ទិសជូន​ទៅអ្នកស្រាវជ្រា​វ ផ្នែកសង្គមរូបនេះ ដែលមាន​អត្ថន័យ​ទាំង​ស្រុង ដូច​ខាង​ក្រោម។

ក្នុង​ឱកាស​បុណ្យ​ខួប​មួយ​ឆ្នាំ​ នៃ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី ខ្ញុំសរសេរលិខិត​«ចំហ»​មួយ ​ឧទ្ទិស​ជូន​លោក​បណ្ឌិត កែម ឡី ដែល​រៀបរាប់​ពី​ជ្រុង​មួយ ​នៃ​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា និង​អំពី​ស្ថានភាព​គ្រួសារ​របស់​លោក៖

លោក​បណ្ឌិត​ជា​ទី​គោរព! ធ្មេច​បើកៗ មួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ ដែល​លោក​បាន​ចែក​ឋាន​ទៅ។ ជម្រាប​លោក​តាម​ត្រង់​ទៅ​ចុះ… តាម​ពិត​ខ្ញុំ​គួរ​និយាយ​ថា ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង​តាម​ត្រង់​ អំពី​លោក​ទៅ​ចុះ ដ្បិត​ប្រហែលជា​លោក​ស្ដាប់​មិន​ឮ​ នូវ​អ្វី​ដែល​ខ្ញុំ​ជម្រាប​លោក​ នៅ​ពេល​នេះ​ទេ… ពេល​ដែល​នឹក​ដល់​លោក មនុស្ស​ភាគ​ច្រើន រួម​ទាំង​ខ្ញុំ​ផង នៅ​តែ​អួល​ដើមក​នៅ​ឡើយ។

គេ​ច្រើន​និយាយ​លួង​ចិត្ត​ថា ពេល​វេលា​អាច​ជួយ​ធ្វើ​អោយ​រសាយ​ចិត្ត​បាន​ខ្លះ។ ប៉ុន្តែ​ចំពោះ​លោក ភក្ដីភាព និង​ការ​នឹក​ស្ដាយ​ស្រណោះ​លោក​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​នៅ​គ្រប់​ទិសទី ហាក់​មិន​ទាន់​រសាយ​បន្តិច​ណា​សោះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។

ថ្វី​ដ្បិត​តែ​មាន​ការ​ស្ដាយ​ស្រណោះ​លោក​យ៉ាង​ណា ក៏​គ្មាន​វិធី​ដ៏​អស្ចារ្យ​ណា​មួយ​ដែល​អាច​នឹង​ធ្វើ​អោយ​លោក​បាន​រស់​ជីវិត​ឡើង​វិញ​បាន​ទេ។ អ្វី​ដែល​អ្នក​ស្រឡាញ់​គាំទ្រ​លោក​អាច​ធ្វើ​បាន គឺ​ការ​ខិតខំ​រក្សា​គុណ​តម្លៃ ទស្សន​វិស័យ និង​វីរភាព​របស់​លោក​អោយ​នៅ​រស់ និង​គង់វង្ស​យូរអង្វែង​ត​ទៅ​មុខ​ទៀត​តែប៉ុណ្ណោះ។

មួយ​ឆ្នាំ​កន្លង​ទៅ​នេះ មាន​ការវិវត្តន៍​ច្រើន​ណាស់​នៅ​កម្ពុជា។ លោក​ជឿ ឬ​មិន​ជឿ មន្ត្រី​សង្គម​ស៊ីវិល​៤​រូប មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា ដែល​ជា​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៦ គឺ​តាំង​ពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត មក​ដល់​ចុង​ខែ​មិថុនា ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​សរសេរ​លិខិត​រៀបរាប់​ជូន​លោក​នេះ ពួកគាត់​នៅ​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ​ទេ។

លោក​ប្រហែលជា​ជ្រាប​ហើយ​ថា ពួកគាត់​ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ពាក់ព័ន្ធ​នឹង​ស្ត្រី​វ័យក្មេង​ជា​ជាង​កាត់​សក់​ម្នាក់​ដែល​ត្រូវ​គេ​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​នាង ថា​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក កឹម សុខា។

តុលាការ​ត្រូវ​ពន្យារ​ពេល​នៃ​ការ​ឃុំ​ខ្លួន​ពីរ​ដង​ហើយ នៅ​តែ​មិន​ទាន់​អាច​បញ្ចប់​ការ​ស៊ើប​អង្កេត​ ដើម្បី​​កាត់​​ក្ដី​នៅឡើយ។ សូម្បីតែ​សុំ​អោយ​នៅ​ក្រៅ​ឃុំ​សិន ក្នុង​រយៈពេល​ស៊ើបអង្កេត​ក៏​តុលាការ​មិន​ព្រម​ដែរ។ ហេតុ​ផល​​ចម្បង គឺ​ពួកគាត់​អាច​ចេញ​ទៅ​បង្ក​អសន្តិសុខ​ដល់​សង្គម​ខាង​ក្រៅ។ នេះ​បើ​តាម​ការ​សម្រេច​របស់​តុលាការ​​គ្រប់​ជាន់ថ្នាក់។

ខ្ញុំ​មិន​ប្រាកដ​ថា តើ​លោក​នៅ​ទាន់​ការ​ប្រសិទ្ធិនាម​ដល់​តុលាការ​នេះ​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​ឥឡូវ​នាំ​គ្នា​ហៅ​តុលាការ​បច្ចុប្បន្ន​ថា​ជា “តុលាការ​តេឡេ”។ ការ​ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​តុលាការ​តេឡេ​ដូច្នេះ មក​ពី​ពួកគាត់​មើល​ឃើញ​ថា តុលាការ​នេះ​ ធ្វើ​ការ​តាម​តែ​ការ​ចុច​បញ្ជា​ មក​ពី​ចម្ងាយ… ភាគ​​ច្រើន​មក​ពី​ស្ថាន​ទេវតា។

បាទ! និយាយ​ដល់​រឿង​ស្ថាន​ទេវតា ស្ថាន​ព្រះអាទិត្យ​នេះ លោក​ក៏​ប្រហែលជា​ភ្ញាក់ផ្អើល​ដែរ បើ​លោក​​ជ្រាប​​ថា លោក សម រង្ស៊ី មិន​មែន​ជា​ប្រធាន​គណបក្ស​​រូប​ព្រះអាទិត្យ​ទៀត​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ ឥឡូវ​ដឹកនាំ​ដោយ​​លោក កឹម សុខា។ ប្រាកដ​ណាស់ ​គឺ​លោក កឹម សុខា ដែល​លោក​បាន​ទៅ​ជួប​សួរសុខទុក្ខ​ ប៉ុន្មាន​ថ្ងៃ​មុន​ពេល​គេ​បាញ់​សម្លាប់​រូបលោក​នោះ​ឯង។

លោក​ប្រហែល​មិន​ភ្លេច​ទេ ពេល​នោះ​លោក កឹម សុខា កំពុង​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ទីស្នាក់ការ​ចាក់​អង្រែលើ។ គាត់​សម្ងំ​នៅ​ទីស្នាក់ការ​នោះ​ អស់​ប្រមាណ​កន្លះ​ឆ្នាំ ក៏​ស្រាប់តែ​ព្រះ​មហាក្សត្រ​ សព្វព្រះទ័យ​លើកលែង​ទោស​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច​លោក កឹម សុខា ក៏​មាន​សេរីភាព​​ហ៊ាន​ចេញ​​ទៅ​ចុះ​ឈ្មោះ​​បោះឆ្នោត និង​ទៅ​ប្រជុំ​នៅ​សភា​ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ភាគតិច មាន​ឋានៈ ​ប្រហាក់​ប្រហែល​នាយករដ្ឋមន្ត្រី​ យ៉ាង​គ្រហើៗ​របស់​លោក​ទៅ។

ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង មិន​ដឹង​ជា​លោក កឹម សុខា ទៅ​ធ្វើ​អី​លោក ហ៊ុន សែន ទេ ស្រាប់តែ​លោក ហ៊ុន សែន ដូរ​ច្បាប់​ លែង​អោយ​មាន​តំណែង ​ប្រធាន​ក្រុម​ភាគតិច​​នៅ​ក្នុង​សភា​។ ទាល់តែ​ក្រោយ​មក​ ទើប​មាន​ដំណឹង​​បែក​ធ្លាយ​ថា ការ​ដែល​លោក កឹម សុខា ទទួល​បាន​ការ​លើកលែង​ទោស​នេះ ក៏​ព្រោះ​តែ​មាន​ការ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ចង់​ប្រើ​ដៃ​លោក កឹម សុខា អោយ​កម្ចាត់​លោក សម រង្ស៊ី ចេញ​ពី​តំណែង​ប្រធាន​​បក្ស។

ស្ដាប់​តាម​សារ​បែក​ធ្លាយ​នោះ​ទៅ ហាក់​ដូច​ជា​ឮ​លោក កឹម សុខា ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ណាស់​ជា​មួយ​​លោក ហ៊ុន សែន ដែរ។ តែ​ដល់​មែន​ទែន លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​សន្យា លោក ហ៊ុន សែន ក៏​​ខឹង​ទីណាត់ទីណែង ហើយ​លោក​ក៏​ដាក់​ផែនការ​ ចាត់​ចែង​រឿង​នេះ​​ដោយ​ផ្ទាល់​ដៃ​វិញ​តែ​ម្ដង។

បាទ! ដំបូង​លោក ហ៊ុន សែន ប្ដឹង​លោក សម រង្ស៊ី បន្ថែម​ហើយ​ថា បើ​លោក សម រង្ស៊ី ចាញ់​ក្ដី​នៅ​តុលាការ​តេឡេ លោក​ទារ​ប្រាក់​សំណង ​ក្នុង​ចំនួន​មួយ​យ៉ាង​ខ្ពស់។ លោក​ថែម​ទាំង​គំរាម​ថា បើ​មិន​មាន​ប្រាក់​សង​លោក​ទេ លោក​នឹង​រឹប​អូស​ យក​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ លក់​ទូទាត់​យក​ប្រាក់​ សង​ជំងឺ​ចិត្ត​លោក​ផង។ បាទ! ត្រូវ​​ហើយ​​លោក! មិន​តែ​អ្នក​តូចតាច អត់​អំណាច អត់​ទ្រព្យ ចេះ​ឈឺ​ចិត្ត​ទេ លោក​នាយក​រដ្ឋមន្ត្រី​ ក៏​ចេះ​ឈឺ​ចិត្ត​ដែរ។

ក្រៅ​តែ​ពី​ចង​អាឃាត​ ជាមួយ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លោក ហ៊ុន សែន ក៏​នៅ​មាន​ផែនការ​ធំ​មួយ​ទៀត នោះ​គឺ​ផែនការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល​តែម្ដង។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្ដីពី​បក្ស​នយោបាយ ដោយ​កំណត់​ថា ប្រធាន ឬ​អនុ​ប្រធាន​​គណបក្ស​នយោបាយ ត្រូវ​តែ​ជា​ជន​គ្មាន​ទោសពៃរ៍ ហើយ​បើ​បក្ស​ណា​ដឹកនាំ ​ដោយ​មេ​បក្ស​ដែល​មាន​ទោស​​កម្រិត​ធ្ងន់ គេ​អាច​រំលាយ​គណបក្ស​នោះ​​ចោល​បាន។ ប្រហែល​ជា​វប្បធម៌​ក្រាញ​អំណាច​ ចូល​វាយលុក​ពេញ​នគរ​កាយ​ របស់​លោក ហ៊ុន សែន ហើយ បាន​ជា​ធ្វើ​ឲ្យ​លោក​គិត​ថា ផែនការ​ថ្មី​នេះ អាច​ជួយ​ឲ្យ​សម្រេច​បំណង​​លោក​បាន។

តែ​ខុស​ពី​អ្វី​ដែល​លោក ហ៊ុន សែន ប៉ង គ្រាន់​តែ​ដឹង​ពី​ល្បិច​នេះ​ភ្លាម លោក សម រង្ស៊ី បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​មេ​គណបក្ស​សង្គ្រោះ​ជាតិ​ភ្លែត។ នៅ​ថ្ងៃ​លាលែង​នោះ លោក សម រង្ស៊ី ប្រកាស​​យ៉ាង​ច្បាស់ ​ជា​សាធារណៈ​ថា លោក​ធ្វើ​នេះ​ គឺ​ដើម្បី​សង្គ្រោះ​គណបក្ស កុំ​អោយ​គេ​រំលាយ​ចោល​បាន។

អ្វី​ដែល​លោក​បណ្ឌិត​មិន​ធ្លាប់​បាន​ឮ​ នៅ​ក្នុង​ដំណាក់កាល​ជិត​បោះឆ្នោត​អាណត្តិ​នេះ​ដែរ​នោះ ពលរដ្ឋ​នាំ​គ្នា​ហៅ​ថា​​​អាណត្តិ​នេះ​ ជា​អាណត្តិ​បែក​ធ្លាយ។ ប្រហែលជា​លោក​បណ្ឌិត​ នៅ​ទាន់​ពេល​ដែល​ទំព័រ​ហ្វេសប៊ុក (Facebook) មួយ​​ឈ្មោះ​​«រឿង​ពិត CNRP» ដែល​បែក​ធ្លាយ​សំឡេង ​សារ​សង​ស្នេហា​ដំបូង​ឡើយ ត្រូវ​បាន​ដែល​​គេ​អះអាង​ថា ជា​សំឡេង​រវាង​លោក កឹម សុខា ជាមួយ​នឹង​ស្រីៗ​មួយ​ចំនួន។ បន្ទាប់​មក​សំឡេង​ផ្ដោះផ្ដង​ឡែបខាយ​ស្នេហា ​ក្រៅ​អាពាហ៍ពិពាហ៍​នេះ ក៏​បែក​ធ្លាយ​រាលដាល​ ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត រួម​ទាំង​លោក សម រង្ស៊ី ផង។

ក្រោយ​មក​ ក៏​ស្រាប់​តែ​មាន​លេច​មុខ​ អ្នក​បញ្ចេញ​សារ​បែក​ធ្លាយ​ម្នាក់​ទៀត ឈ្មោះ «សីហា»។ សីហា ហាក់​មាន​ជំនាញ​​​ខ្លាំង​ជាង​ម្ចាស់​ទំព័រ​​«រឿង​ពិត CNRP»។

សមត្ថភាព​ពិសេស​មួយ​របស់​​«សីហា» ដែល​ធ្វើ​អោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទ្រាំ​មិន​សរសើរ​មិន​បាន​នោះ គឺ​ការ​ដែល​​«សីហា»​អាច​លួច​ថត​បាន​កិច្ច​សន្ទនា​នយោបាយ​ជា​សម្ងាត់​​របស់​លោក ដែល​ជា​មេដឹកនាំ​ខ្ពស់​ ផុត​រក​លេខ​ដាក់​គ្មាន និយាយ​ឆ្លើយឆ្លង​ជាមួយ​លោក កឹម សុខា អំពី​ផែនការ​កម្ចាត់​លោក សម រង្ស៊ី ពី​តំណែង​មេ​បក្ស​ប្រឆាំង​ផង។ ទោះ​ជា​ហ៊ាន​លួច​ថត​សំឡេង​​មេដឹកនាំ​កំពូល​ របស់​រដ្ឋាភិបាល​យ៉ាងណា​ក៏​ដោយ​ចុះ «សីហា»ប្រហែលជា​គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​ទុក្ខ​ទោស​​​ដូចជា​គេ​បាន​ធ្វើ​ ទៅលើ​លោក​បណ្ឌិត​ឡើយ។

អាច​ថា​ មក​ពី​អាជ្ញាធរ​មិន​មាន​វិធានការ​ លើ​អ្នក​លួច​ថត​បែក​ធ្លាយ​រឿងរ៉ាវ​ របស់​បុគ្គល​នេះ​ហើយ បាន​ជា​ការ​បែក​​ធ្លាយ​នៅតែ​បន្ត ហើយ​ចាប់​ផ្ដើម​រាលដាល ​ដល់​មន្ត្រី​មួយ​ចំនួន​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ម្ដង។

នៅ​មុន​ពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត មាន​ការ​បែក​ធ្លាយ​នូវ​សារ​តាម​ទូរស័ព្ទ​របស់​កូនៗ​លោក​នាយក​រដ្ឋមន្ត្រី​ជាមួយ​នឹង​ឈ្មួញ​ធំៗ មាន​មេបន​ល្បែងស៊ីសង​កាស៊ីណូ​ណាហ្គា (Naga) ការ​បែក​ធ្លាយ​ អំពី​ការ​សុំ​អន្តរាគមន៍​​ពី​ជនបរទេស​ អោយ​បាន​ចូល​សញ្ជាតិ​ខ្មែរ​ ជា​ថ្នូរ​នឹង​ការសន្យា​ជួយ​លោក ហ៊ុន សែន អោយ​ឈ្នះ​ឆ្នោត តាមរយៈ​យុទ្ធសាស្ត្រ​ គំរាម​បំបាក់​ស្បាត​ពលរដ្ឋ​ខ្មែរ​ជាដើម។

ក្រៅ​ពី​នេះ ក៏​មាន​ការ​បែក​ធ្លាយ​សារ​អេឡិចត្រូនិក ឬ Email របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ទៀត ដូចជា​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក គឹម សន្តិភាព កូនប្រសា​លោក ជាម យៀប និង​លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ជាដើម។ សារ​បែក​ធ្លាយ​ទាំង​នេះ មាន​តាំងពី​រឿងរ៉ាវ​របស់​មន្ត្រី​ធំៗ​ខ្លះ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ មាន​ការ​ចាត់តាំង​ អោយ​មាន​ក្រុម​អុកឡុក​ តាម​បណ្ដាញ​សង្គម​ជាដើម។

លោក​ដឹង​ទេ? គ្រាន់​តែ​បាន​ធ្វើ​ ជា​កូនប្រសា​លោក ជាម យៀប ភ្លាម យីអ៊ុន​របស់​មន្ត្រី​វ័យក្មេង​ម្នាក់​ ដែល​ហាក់​ដូច​ជា​កើត​ជំងឺ​រៀប​ឫក​មិន​ទាន់​ផង​នោះ ហាក់​ឡើង​ស្រឺតៗ​តែម្ដង។ ក្រៅ​តែ​ពី​ឡើង​តំណែង​ឯកឧត្ដម ក៏​មាន​ប្រាក់​វាល់​លាន​ដុល្លារ ទាំង​លុយ​រៀល ទាំង​លុយ​ដុល្លារ មាន​ដី​និង​ផ្ទះ នៅ​តាម​ខេត្ត​ក្រុង​នានា​រាប់​ស្ទើរ​ភ្លេច។ គ្រាន់តែ​ក្បាល​ខ្សែ​ក្រវាត់​របស់​ឯកឧត្ដម​ ក៏​ធ្វើ​ពី​មាស​សុទ្ធ និង​ដាំ​ពេជ្រ មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដែរ។ នេះ​ប្រសិន​បើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ របស់​លោក​ ទៅ​ដាក់​ជូន​អង្គភាព​ប្រឆាំង ​អំពើ​ពុករលួយ​ដែល​បែក​ធ្លាយ​នោះ​ ជា​ឯកសារ​ពិត។

បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ហើយ​ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់​តែ​មាន​បែក​ធ្លាយ​សារ​មួយ​ទៀត​ដែល​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​ជា​សម្ងាត់​មួយ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គេ​ធ្វើ​នៅ​ខែ​ឧសភា និង​ខែ​កញ្ញា ឆ្នាំ​២០១៦។

សំណួរ​ទាំង​ឡាយ​ ដែល​គេ​បាន​សួរ​មនុស្ស​ជាង ៥​ពាន់​នាក់​ក្នុង​ការ​ស្រាវជ្រាវ​នេះ បង្ហាញ​ពី​កង្វល់​របស់​គណបក្ស​​ប្រជាជន​កម្ពុជា ទៅ​លើ​ប្រជាប្រិយភាព​ របស់​លោក សម រង្ស៊ី លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​គេ​សួរ​ថា ប្រសិនបើ​គេ​រារាំង​ មិន​អោយ​លោក សម រង្ស៊ី ចូល​ស្រុក​វិញ និង​សំណួរ​ថា ប្រសិន​បើ​គេ​មិន​បើក​ទូលាយ ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ឃោសនា​បោះឆ្នោត​ជាដើម តើ​លោក​អ្នក​នឹង​មាន​ទំនោរ​​តិច ឬ​ច្រើន ក្នុង​ការ​បោះឆ្នោត​ អោយ​គណបក្ស​នេះ?

តាម​ពិត​ លោក​ក៏​ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព ​អ្នក​នយោបាយ និង​ពលរដ្ឋ​ដូច​សព្វ​ថ្ងៃ​នោះ គណបក្ស​នេះ​ នឹង​បាត់បង់​ការ​គាំទ្រ​​ពី​ពលរដ្ឋ។ អ្នក​ដែល​ឆ្លើយ​ ក្នុង​ការ​ស្រាវជ្រាវ​នោះ ក៏​ផ្ដល់​ចម្លើយ​ ដូច​អ្វី​ដែល​លោក​បណ្ឌិត ​ធ្លាប់​មាន​ប្រសាសន៍​នោះ​មែន គឺ​ពួកគាត់​នឹង​មាន​ទំនោរ​បោះឆ្នោត​ អោយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គេ​មិន​អោយ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ និង​ប្រសិនបើ​គេ​រឹតត្បិត​ការឃោសនា​បោះឆ្នោត​ របស់​គណបក្ស​ប្រឆាំង។

គណបក្ស​កាន់​អំណាច ​ហាក់​មិន​យក​ការ​រក​ឃើញ​ នៃ​ការ​ស្រាវជ្រាវ​នេះ​ទៅ​អនុវត្ត​ទេ ហើយ​ជា​លទ្ធផល​គណបក្ស​​ប្រជាជន​កម្ពុជា បាត់បង់​តំណែង​មេឃុំ-​ចៅសង្កាត់​ជិត​ ៥០០​តំណែង ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។

លិខិត​«ចំហ»​ជូន​​បណ្ឌិត កែម ឡី …

លោក​បណ្ឌិត​ ជា​ទី​គោរព! មាន​ការ​ផ្លាស់ប្ដូរ​មួយទៀត​ ក្នុង​ពេល​ថ្មីៗ​នេះ ដែល​លោក​បណ្ឌិត​អាច​នឹង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ដែរ។ លោក​បណ្ឌិត​ជឿ ឬ​មិន​ជឿ ពាក្យ​ថា “សន្តិភាព” លែង​មានន័យ​ថា ដំណើរ​ស្ងប់ សាន្តត្រាណ ឬ​ដំណើរ​សះ​ជា​នឹង​គ្នា​ ដូច​មាន​ចែង​ក្នុង​វចនានុក្រម​សម្ដេច ជួន ណាត ទៀត​ហើយ។ យ៉ាង​ហោច​ណាស់​ក៏​ពាក្យ​នេះ ប្ដូរ​អត្ថន័យ ​ចំពោះ​ការ​ប្រើប្រាស់​ ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ចំពោះ​លោក ហ៊ុន សែន ពាក្យ​សន្តិភាព មាន​ន័យ​ស្មើ​នឹង​ពាក្យ សង្គ្រាម ឬ​អំណាច​ទៅ​វិញ។ជារឿយៗ នៅ​ពេល ​ដែល​លោក​មាន​ប្រសាសន៍​ ដល់​ការ​រក្សា​អំណាច​របស់​លោក លោក​តែង​លើក​យក​ពាក្យ “សន្តិភាព” នេះ​មក​ប្រើ​វិញ។ ឧទាហរណ៍​ជំនួស​ពាក្យ​ថា ដើម្បី​រក្សា “អំណាច” លោក​មាន​ប្រសាសន៍​ថា ដើម្បី​រក្សា “សន្តិភាព” ទោះ​ជា​ត្រូវ​កម្ទេច​ចោល ​មនុស្ស ១០០ ទៅ ២០០​នាក់ រួម​ទាំង​មេ​បក្ស​ប្រឆាំង​ផង ក៏​លោក​មិន​រួញរា​ជាដើម។

ក្នុង​ខណៈ ​ដែល​លោក​បញ្ជា​ទៅ​មន្ត្រី​របស់​លោក អោយ​វាយ​កម្ទេច​ជន​ណា​ក៏​ដោយ​ ក្នុង​តម្លៃ​ណា​ក៏​ដោយ ដើម្បី​បង្ក្រាប​អ្នកប្រឆាំង​នឹង​លោក ហើយ​ដែល​អំពើ​នេះ​ អាច​នឹង​ធ្វើ​អោយ​មាន “សង្គ្រាម” បង្ហូរ​ឈាម​នៅ​ក្នុង​ប្រទេស លោក​បែរ​ជា​មានប្រសាសន៍​ថា លោក​កំពុងតែ​បញ្ជា​ អោយ​ការពារ “សន្តិភាព” ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ពាក្យ​សន្តិភាព​ នៅ​តែ​មាន​ន័យ​ដូច​សម្ដេច ជួន ណាត បាន​ចងក្រង​ទុក​មក ហើយ​ពួកគាត់​នៅ​តែ​មាន​ឆន្ទៈ​ ចង់​មាន​ការ​ផ្លាស់ប្ដូរ​ តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សន្តិវិធី​ដដែល។

ដំណឹង​ល្អ​មួយ​…

ណ្ហើយ! ខ្ញុំ​រៀបរាប់​រឿង​នយោបាយ ​ជម្រាប​លោក​បណ្ឌិត​បែប​រាង​វែងឆ្ងាយ ​បែកសាយាមោ​ បន្តិច​ហើយ។ បើ​លោក​បណ្ឌិត​ស្ដាប់​ឮ ក៏​ប្រហែល​ជា​ធុញ​ណាស់​ដែរ។ លោក​បណ្ឌិត​ប្រហែលជា​ចង់​ដឹង ​អំពី​ស្ថានភាព​គ្រួសារ​លោក​បណ្ឌិត​ណាស់ ថា​តើ​អត់​ពី​លោក​ទៅ ពួកគាត់​ប្រឈមមុខ​ ទៅ​នឹង​ជីវិត​តែលតោល ​គ្មាន​បង្គោល​បែប​ណា?

ខ្ញុំ​សូម​ចាប់​ផ្ដើម​ ពី​ម្ដាយ​របស់​លោក។ មិន​ខុស​ពី​អ្នក​ម្ដាយ​ដទៃ​ទៀត​ទេ ម្ដាយ​របស់​លោក​ សោក​សង្រេង​ខ្លាំង​ណាស់ ​ចំពោះ​ការ​បាត់បង់​រូប​លោក។ អ្នក​ម្ដាយ​របស់​លោក​ ប្រាកដ​ជា​នៅ​នឹក​លោក​​ខ្លាំង​ណាស់ ព្រោះ​គេ​តែង​ឃើញ​លោក​យាយ ​នៅ​តត្រុក​ក្បែរ​ផ្នូរ​របស់​លោក បោស​ជូតៗ មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​សោះ។ អ្នក​ម្ដាយ​ថែម​ទាំង​ទៅ​សម្រាន្ត​ នៅ​ជាប់​នឹង​ផ្នូរ​របស់​លោក​ ជា​ប្រចាំ​ទៀត​ផង។

មើល​ទៅ​អ្នក​ម្ដាយ ហាក់​ដូច​នៅ​រង់ចាំ​ក្រែង​លោក​បាន​ភ្ញាក់​មក​វិញ ឬ​មួយ​ក៏​គាត់​ នៅ​ចាំ​យាម​ការពារ​សព​លោក​ កុំ​មាន​ជន​ឃោរឃៅ​ណា​ មក​តាម​យាយី​កូន​ប្រុស​អ្នក​ម្ដាយ​ទៀត។ គ្មាន​នរណា​ អាច​យល់​ពី​ជម្រៅ​ចិត្ត​ របស់​អ្នក​ម្ដាយ​បាន​ឡើយ…

វា​ពិតជា​អយុត្តិធម៌​បន្តិច​ ចំពោះ​អ្នក​ម្ដាយ​របស់​លោក។ តាម​ពិត​ គឺ​លោក​ទៅ​វិញ​ទេ ដែល​ជា​អ្នក​គួរ​បាន​នៅ​រស់​ថែរក្សា​គាត់ ពេល​ដែល​គាត់​ មាន​វ័យ​ជរា​បែប​នេះ។ មិន​គួរ​ណា​គាត់​ ជា​អ្នក​ថែ​លោក​វិញ​សោះ ជាពិសេស​នៅ​សោកសង្រេង​ថែ​ផ្នូរ​កូន ដែល​ត្រូវ​គេ​ឆក់​យក​ជីវិត​ទៅ ​ទាំង​ស្រស់ៗ​បែប​នេះ។ សូម​ទោស​ទៅ​ចុះ និយាយ​នេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​បន្ទោស​លោក​ទេ។ អ្នក​ណា​ក៏​ដឹង​ច្បាស់​ណាស់​ដែរ​ថា តាម​ពិត​លោក​មិនមែន​ជា​អ្នក​សម្រេច​ចិត្ត​ចាកចោល​គាត់​ឯ​ណា។

យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​ ជម្រាប​ជូន​លោក​ដែរ។ កូន​ប្រុស​ពៅ​របស់​លោក​ប្រសូត​ហើយ។ ភរិយា​របស់​លោក​ បាន​ដាក់​ឈ្មោះ​​កូនពៅ​របស់​លោក​ថា កែមឡី វីរបុត្រ។ មិន​ដឹង​ថា​លោក​ជា​អ្នក​ជួយ​រក​ឈ្មោះ​​នេះ​ដាក់​អោយ ឬ​ក៏​យ៉ាង​ណា​ទេ ខ្ញុំ​ភ្លេច​សួរ​ភរិយា​លោក​អោយ​ឈឹង​ពេ ល​ដែល​ខ្ញុំ បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​គាត់ និង​កូនៗ​របស់​លោក ប្រមាណ​ជា​ជាង​ពីរ​ខែ​មុន​នេះ។ តែ​ឈ្មោះ កែម ឡី វីរបុត្រ ដែល​មាន​ន័យ​ថា កូន​ដ៏​អង់អាច​ក្លាហាន ​របស់ ​កែម ឡី នេះ ស័ក្ដិ​សម​នឹង​កូន​ពៅ​របស់​លោក​ណាស់។

វីរបុត្រ​ មាន​សុខភាព​ល្អ​ទេ ពេល​ដែល​ខ្ញុំ​ទៅ​ជួប។ មក​ដល់​ពេល​នេះ វីរបុត្រ មាន​អាយុ​ប្រមាណ ៩​ខែ​ហើយ។ បងៗ​គេ ​ព្រួត​គ្នា​ស្រឡាញ់ និង​ថ្នាក់ថ្នម​ប្អូន​ប្រុស​ពៅ​ សម្បើម​ណាស់។ ថ្វី​ដ្បិត​ តែ​មិន​បាន​ទទួល​ការ​ថ្នាក់ថ្នម​ផ្ទាល់​ពី​លោក ដែល​ជា​ឪពុក​បង្កើត វីរបុត្រ ទទួល​បាន​នូវ​ការ​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​ ពី​មនុស្ស​​ជាច្រើន។

ចំណែក​ភរិយា​របស់​លោក​វិញ គាត់​នៅ​តែ​​​បង្ហូរ​ទឹក​ភ្នែក ​នឹក​ស្រណោះ​ ដល់​លោក​គ្រប់​ដង្ហើម​ចេញ​ចូល​នៅ​ឡើយ។ យ៉ាង​ណា​ក៏ដោយ សូម​លោក​មេត្តា​កុំ​បារម្ភ​ពេក​អី ពេល​នេះ​គាត់​ហាក់​ដូច​ជា​រឹងមាំ​ ជាង​កាល​ដែល​លោក​នៅ​រួមរស់​ ជាមួយ​គាត់​ច្រើន​ណាស់។ ធម្មតា​ទេ ពេល​ដែល​បាត់​បង្អែក​ហើយ គាត់​បាន​ខំ​ប្រឹង​ពង្រឹង​ខ្លួន​ដើម្បី​ធ្វើ​ជាទី​លំនឹង​ សម្រាប់​កូនៗ​វិញ​ម្ដង។

ភរិយា​និង​កូនៗ​របស់​លោក មិន​នៅ​ក្នុង​ប្រទេស​ដែល​លោក​បាន​ហៅ​ថា សំបូរ​ទៅ​ដោយ​សត្វ​តិរច្ឆាន​នោះ​ទៀត​ទេ។ ដើម្បី​រំដោះ​ខ្លួន​ ពី​ការ​ប៉ុនប៉ង​យាយី​ ពី​សំណាក់​សត្វ​សាហាវ​ទាំង​នោះ ពួកគាត់​បាន​ភៀសខ្លួន​ ទៅ​បរទេស ហើយ​ពេល​នេះ​ កំពុង​រង់ចាំ​ទៅ​តាំង​លំនៅ​ នៅ​ប្រទេស​ទីបី។

ក្នុង​រយៈពេល​រង់ចាំ​នេះ ពួកគាត់​ជួប​ប្រទះ​ នឹង​បញ្ហា​ជីវភាព​ខ្លះៗ តែ​សង្ឃឹម​ថា ពួកគាត់​នឹង​ទទួល​បាន​សិទ្ធិ​ទៅ​តាំង​លំនៅ នៅ​ប្រទេស​ទី​បី​ពេល​ឆាប់ៗ​នេះ ហើយ​ជីវភាព​ពួកគាត់​ អាច​នឹង​ប្រសើរ​ឡើង។

អំពើ​ល្អ និង​គុណ​តម្លៃ​របស់​លោក​បណ្ឌិត​ មិន​សាបសូន្យ​ឡើយ។ អ្នក​ទាំងឡាយ​ ដែល​ធ្លាប់​គោរព​ស្រលាញ់​លោក សុទ្ធ​តែ​មាន​សន្តាន​ចិត្ត​ ចង់​ជួយ​យឹតយោង​ភរិយា និង​កូន​ទាំង​ប្រាំ​របស់​លោក ព្រម​ទាំង​មាន​ផែន​ការ​ជួយ​ផ្គត់ផ្គង់ ដល់​កូនៗ​របស់​លោក អោយ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ និង​ធំធាត់​ចំរើន​វ័យ ​ក្នុង​ពិភព​មួយ​ដែល​គាប់​ប្រសើរ​ជាង​ មាន​យុត្តិធម៌​ជាង​ពិភព​ ដែល​លោក​ធ្លាប់​រស់​នៅ។

សូម​លោក​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត​ចុះ ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​ នឹង​មិន​មើល​ភរិយា និង​កូនៗ​របស់​លោក ​នឹង​ភ្នែក​ឡើយ។

ខ្ញុំ​សូម​គោរព​លា​លោក ​តែ​ប៉ុណ្ណេះ​សិន​ចុះ! ខ្ញុំ​បាទ​សូម​ឧទ្ទិស​បុណ្យ​កុសល​ទាំង​ឡាយ ​ដែល​ខ្ញុំ​បាន​សាង​ជូន​ទៅ​ដល់​លោក​បណ្ឌិត និង​សូម​អោយ​លោក​បណ្ឌិត​ បាន​ដល់​ឋាន​សុគតិភព៕

ពី​ខ្ញុំ ជុន ច័ន្ទបុត្រ អ្នក​នៅ​តែ​មាន​ភក្ដីភាព ​ចំពោះ​លោក!

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។