បច្ចេកវិទ្យា

ទ្វីសធើរ និងហ្វេសប៊ុក បិទគណនេយ្យ ដូណាល់ ត្រាំ មួយរយៈ

ទ្វីសធើរ (Twitter) និងហ្វេសប៊ុក (Facebook) បានសម្រេចបិទគណនេយ្យ របស់ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump)។ ក្នុងជំហានដំបូងនេះ គណនេយ្យទ្វីសធើរ របស់ប្រធានាធិបតី ត្រូវបានបិទត្រឹម១២ម៉ោងប៉ុណ្ណោះ តែសហគ្រាសទ្វីសធើរ​បានគម្រាមថា នឹងបិទគណនេយ្យមួយនេះ ជារៀងរហូតទៅ ប្រសិនណាជាសាររបស់លោក ត្រាំ ចំនួន៣ មិនត្រូវបានដកចេញទេនោះ។

ការសម្រេចរបស់ ទ្វីសធើរ និងហ្វេសប៊ុក ធ្វើឡើងក្រោមហេតុផលថា លោក ដូណាល់ ត្រាំ បានបំពានលក្ខន្តិកៈរបស់បណ្ដាញសង្គម។ សហគ្រាសទ្វីសធើរ បានពន្យល់បន្ថែមពីករណីនេះថា៖

«យើងបានទាមទារ ឲ្យលប់ចេញនូវសារចំនួនបី របស់លោក ដូណាល់ ត្រាំ ដោយហេតុថា សារទាំងនេះ បានរំលោភធ្ងន់ធ្ងរ​ និងម្ដងហើយម្ដងទៀត លើលក្ខន្តិកៈរបស់យើង។ បើសារទាំងនេះ មិនត្រូវបានលប់ចេញទេ គណនេយ្យនឹងត្រូវបិទ ជារៀងរហូតទៅ។»

រីឯហ្វេសប៊ុកវិញ បានអះអាងថា៖

«យើងបានរកឃើញ នៅលើទំព័ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ នូវការបំពានពីរដង ចំពោះលក្ខន្តិកៈរបស់យើង ដែលតម្រូវឲ្យយើង ត្រូវបិទទំព័រនេះ សម្រាប់រយៈពេល២៤ម៉ោង។ ក្នុងរយៈពេលនេះ លោក ដូណាល់ ត្រាំ មិនមានលទ្ធភាព ក្នុងការបង្ហោះអ្វីមួយបានទេ។»

ទន្ទឹមនឹងវិធានការនេះ ហ្វេសប៊ុកបានលប់ចោល នូវវីដេអូមួយរបស់លោក ត្រាំ ដែលបានអំពាវនាវឲ្យអ្នកគាំទ្រ វិលត្រឡប់ទៅផ្ទះវិញ។ នៅក្នុងវីដេអូនោះ លោក ត្រាំ នៅតែបន្តចោទប្រកាន់ ដោយគ្មានភស្ដុតាងថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក ត្រូវបានលួចបន្លំ។

ចំណាត់ការរខាងលើ បានកើតឡើង នៅក្រោយការទន្ទ្រានកាន់កាប់វិមានកាពីតូល (វិមានសភាអាមេរិក) កាលពីរសៀលថ្ងៃពុធ​ម្សិលមិញ ដោយក្រុមអ្នកនិយមលោក ត្រាំ ដែលបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់។ នេះ បើតាមតុល្យភាពចុងក្រោយ ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។