ពិភពលោក

ពិភពលោកថ្កោលទោសការទន្ទ្រានវិមាន​សភា​អាមេរិកដោយអ្នកនិយម ត្រាំ

សម្លេងថ្កោលទោស ពីសំណាក់មេដឹកនាំ​ពិភពលោក បានធ្លាក់ចុះមកព្រោងព្រាត ដើម្បីប្រតិកម្មតប​នឹងការទន្ទ្រាញ​កាន់កាប់​វិមានសភាអាមេរិក ជាច្រើនម៉ោង ដោយក្រុមអ្នកនិយមលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលបដិសេធ​បរាជ័យរបស់ខ្លួន ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីដើមខែវិច្ឆិកា។

ប្រតិកម្មខ្លាំងជាងគេ គឺសំណេររបស់លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស។ លោក ចនសុន បានសរសេរថា៖

«ឈុតឆាកដ៏គួរឲ្យខ្មាសអៀន នៅវិមានសភាអាមេរិក។ សហរដ្ឋអាមេរិក គឺជាអ្នកការពារលទ្ធិប្រជាធិបតេ្យ នៅលើពិភពលោក ហើយពេលនេះ វាជាការចាំបាច់ណាស់ ដែលត្រូវមានការផ្ទេរអំណាច ដោយសន្តិវិធី និងប្រកបដោយសណ្តាប់ធ្នាប់។»

សម្រាប់លោក «Heiko Maas» រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានសរសេរថា៖

«លោក ត្រាំ និងអ្នកគាំទ្ររបស់លោក ត្រូវទទួលស្គាល់ ពីការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតអាមេរិក ហើយគួរបញ្ឈប់ការជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យតទៅទៀត។»

រីឯលោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេសបារាំងវិញ បានលើកឡើងថា៖

«អំពើហិង្សា ប្រឆាំងនឹងស្ថាប័នសភាអាមេរិក គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅលើលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំថ្កោលទោសទង្វើនេះ។ ឆន្ទៈនិងសម្លេងឆ្នោត របស់ពលរដ្ឋម្ចាស់ឆ្នោតអាមេរិក ត្រូវទទួលបានការគោរព។»

ឆន្ទះរបស់ម្ចាស់ឆ្នោត ដែលត្រូវបានគូសបញ្ជាក់ ដោយលោក ជូស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្ត្រីកាណាដា នៅក្នុងប្រតិកម្មរបស់លោកដែរ។ លោកសរសេរថា៖

«ប្រជាជនកាណាដាទាំងមូល មានការព្រួយបារម្ភ និងសោកសៅយ៉ាងខ្លាំង ចំពោះការវាយប្រហារ ទៅលើលទ្ធិប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត និងអ្នកជិតខាងជិតស្និទ្ធបំផុតរបស់យើង។ អំពើហឹង្សា នឹងមិនដែលទទួលបានជោគជ័យ ក្នុងការបដិសេធឆន្ទៈ​របស់ប្រជាជនឡើយ។»

ខណៈលោក «Josep Borrell» ប្រមុខការទូតសហភាពអ៊ឺរ៉ុប បានថ្លែងឡើងថា៖

«ក្នុងក្រសែភ្នែករបស់ពិភពលោក លទ្ធិប្រជាធិបតេយ្យអាមេរិកាំងនៅពេលនេះ កំពុងត្រូវបានឡោមព័ទ្ធ។នេះជាការវាយប្រហារ ដោយប្រយោលមួយ ទៅលើលទ្ធិប្រជាធិបតេយ្យ ស្ថាប័ន និងនីតិរដ្ឋ របស់សហរដ្ឋអាមេរិក៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។