បច្ចេកវិទ្យា

កំពុងរង​រឿងអាស្រូវ… សហគ្រាស​ហ្វេសប៊ុក​ប្ដូរឈ្មោះក្លាយជា​«មេតា»

សហគ្រាសហ្វេសប៊ុក ដែលកំពុងគ្រប់គ្រងបណ្ដាញសង្គម«យក្ស»ជាច្រើន នៅលើពិភពលោក នឹងប្ដូរឈ្មោះក្លាយជា«មេតា (Meta)»។ នេះ បើតាមការអះអាងរបស់ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន លោក«Mark Zuckerberg» ក្នុងថ្ងៃព្រហស្បត្តិ៍ទី២៨ ខែតុលា កាលពីប៉ុន្មានម៉ោងមុន។

សកម្មជន​ការពារអ្នកប្រើប្រាស​បណ្ដាញសង្គម​ជាច្រើននាក់ បានហៅ​ការប្ដូរឈ្មោះនេះ ជា«លេស»ដើម្បីប្ដូរ​ចំណាប់អារម្មណ៍ របស់មហាជននិងអ្នកប្រើប្រាស់ ឲ្យងាកចេញពីរឿងអាស្រូវ ដែលសហគ្រាសយក្ស​​កំពុងមាន​ ក្នុងពេលនេះ។ 

បើតាមលោក​«Mark Zuckerberg» បានឲ្យដឹងថា ការប្ដូរឈ្មោះសហគ្រាសមេ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវរូបភាពតំណាង​ឲ្យសកម្មភាព និងសេវាកម្ម​ទាំងឡាយ របស់សហគ្រាស ខណៈឈ្មោះរបស់សេវាកម្ម (ដូចជាឈ្មោះបណ្ដាញសង្គម ហ្វេសប៊ុក ឬអ៊ិនស្ដាហ្គ្រាម ជាដើម) មិនត្រូវបានផ្លាស់ប្ដូរទេ។

ស្ថាបនិករបស់បណ្ដាញសង្គមយក្ស បានបញ្ជាក់ទៀតថា ការជ្រើសរើសឈ្មោះថ្មី ហៅថា«មេតា (Meta)» ដែលជាភាសាក្រិចជំនាន់ដើម មានន័យថា​«ទៅហួស» ដើម្បីបង្ហាញថា «គឺមានអ្វីៗ ដើម្បីស្ថាបនាបន្ថែម​ជាដរាប»។

លោកអគ្គនាយកបានបន្ថែមថា «Metavers (ដែលចង់ផ្គុំពាក្យពីរ ៖ Meta + Univers)» ជារូបភាពនៃ«អនាគត»របស់ប្រព័ន្ធ​អ៊ិនធើណែត បន្ទាប់ពីពិភពលោកបានស្គាល់រួចហើយ នូវពិភពកំព្យូទ័រ និងពិភពទូរស័ព្ទដៃ។

កាលពីចុងខែកញ្ញា និងចូលមកក្នុងខែតុលានេះ សហគ្រាស«ហ្វេសប៊ុក» ដែលគ្រប់គ្រងបណ្ដាញសង្គមធំៗជាងគេ នៅលើពិភពលោក បានរងការចោទប្រកាន់ថា «គិតតែពីប្រាក់ចំណេញ ជាជាងគិតពីមនុស្ស (ឬអ្នកប្រើប្រាស់)»។ រឿងអាស្រូវត្រូវបានទម្លាយចេញ ដោយអតីតបុគ្គលិករបស់សហគ្រាស គឺអ្នកស្រី«Frances Haugen» អាយុ៣៧ឆ្នាំ ដែលបានប្រគល់ឯកសាររាប់ពាន់សន្លឹក ទៅឲ្យសារព័ត៌មានដ៏ធំរបស់អាមេរិកឈ្មោះ ​«Wall Street Journal»។

ការទម្លាយចេញខាងលើ បានតម្រូវឲ្យស្ថាប័នជាតិធំៗ​ របស់សហរដ្ឋអាមេរិក រួមមានទាំងរដ្ឋសភា និងព្រឹទ្ធសភាផង ប្រកាសបើកការស៊ើបអង្កេត ហើយការរកឃើញថ្មីៗ ត្រូវបានប្រកាសចេញជាបន្តបន្ទាប់ ដោយក្រុមសមាជិកសភា និងសមាជិកព្រឹទ្ធសភា។ អ្នកស្រី«Frances Haugen» ខ្លួនឯងថែមបានដាក់ពាក្យបណ្ដឹង ប្រឆាំងសហគ្រាស ចំនួន៨ពាក្យបណ្ដឹងទៀត ពីបទចោទជាច្រើន ក្នុងនោះមានបទកុហក និងបំភ័ន្ដ ដែលប្រព្រឹត្តិឡើង​ដោយមេដឹកនាំសហគ្រាស៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។