បច្ចេកវិទ្យា

ហួវៃ បញ្ចេញ​កម្មវិធី​ផែនទី ដើម្បី​ប្រជែង​នឹង «Google Maps»

ក្រុមហ៊ុនយក្សខាងទូរគមនាគម របស់ប្រទេសចិន ហួវៃ (Huawei) បានដាក់បន្ថែម នូវកម្មវិធីថ្មីមួយ ដែលមានជំនាញខាងផែនទី ដើម្បីអាចប្រកួតប្រជែងបាន ទល់នឹងកម្មវិធីផែនទី «Google Maps» របស់មហាយក្ស ហ្គូហ្គ័ល (Google)។

បណ្ដាអ្នកប្រើប្រាស់ទាំងឡាយ អាចរកបានកម្មវិធីនេះ តាំងពីថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមេសាកន្លងមក នៅក្នុងប្រអប់​បណ្ណាល័យ​កម្មវិធីរបស់ ហួវៃ ដែលមានរួច​ជាស្រេច នៅក្នុងទូរស័ព្ទ ហួវៃ។

បើតាមទស្សនាវដ្ដីអាមេរិក «Forbes» បានឲ្យដឹងថា សហគ្រាស ហួវៃ ចង់ជំនួសកម្មវិធីផែនទីរបស់ ហ្គូហ្គ័ល ដោយកម្មវិធីមួយផ្សេង​តាំងពី​ច្រើនខែ​ហើយ។ ដំបូងឡើយ ហួវៃ ចង់ប្រើកម្មវិធីរបស់សហគ្រាស​«TomTom» ដែលជំនាញខាងផែនទីបង្ហាញផ្លូវ «GPS»។ តែនៅទីបំផុត ហួវៃ បានជ្រើសរើស​«Here WeGo» របស់សហគ្រាស​«HERE Technologies» ដែលជាអតីតសាខាមួយ​របស់ក្រុមហ៊ុនយក្ស​«Nokia»។

សារព័ត៌មានបារាំង «Frandroïd» ដែលជំនាញខាងព័ត៌មាន ជុំវិញទូរស័ព្ទដៃវៃឆ្លាត បានរៀបរាប់ថា ការស្វែងរកកម្មវិធីថ្មីៗ និងការអភិវឌ្ឍកម្មវិធីខ្លួនឯង ពីសំណាក់ ហួវៃ ធ្វើឡើងក្រោយទណ្ឌកម្ម​របស់រដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trumps) កាលពីច្រើនខែមុន ដែលតម្រូវឲ្យ​«Google» ត្រូវព្យួរសិទ្ធិរបស់ ហួវៃ ក្នុងការប្រើប្រាស់កម្មវិធី​ទាំងឡាយរបស់ ហ្គូហ្គ័ល។

នៅខែកញ្ញាកន្លងមក ហួវៃ បានខ្ជាក់ប្រាក់វិនិយោគ​ប្រមាណជា១កោដដុល្លារ ដើម្បីទាក់ទាញអ្នក «IT» ទាំងឡាយ ឲ្យធ្វើការឲ្យខ្លួន ដើម្បីបង្កើតប្រព័ន្ធមេ និងកម្មវិធី ដើម្បីអាចជំនួសកម្មវិធី​ទាំងឡាយ​របស់ ហ្គូហ្គ័ល។ ហើយការយកកម្មវិធី «Here WeGo» របស់សហគ្រាស «Here Technologies» មកដាក់ក្នុងបណ្ណាល័យរបស់ខ្លួន ក៏ស្ថិតក្នុងទស្សនវិស័យខាងលើនេះដែរ។

គួរបញ្ជាក់ដែរថា នៅឆ្នាំ២០១៥ ក្រុមហ៊ុនយក្ស «Nokia» បានលក់ «HERE Technologies» ដោយរួមទាំងកម្មវិធី «Here WeGo» ទៅឲ្យបរិស័ទនៃសហគ្រាសផលិតរថយន្ដ អាល្លឺមង់ ដែលរួមមាន «Daimler» «BMW» និង «Audi» ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣កោដដុល្លារ (ត្រូវជា២,៨កោដអ៊ឺរ៉ូ)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។

Tags: GoogleHuawei