បច្ចេកវិទ្យា

ក្រុម«Anonymous»​ពង្រីក​«សង្គ្រាម​លើអ៊ិនធើណិត»​ប្រឆាំងរ៉ុស្ស៊ី

តាំងពីថ្ងៃដំបូង នៃសង្គ្រាមឈ្លានពានអ៊ុយក្រែន ដោយកងទ័ពរ៉ុស្ស៊ី ក្រុម«Anonymous»​បានប្រកាស​«សង្គ្រាម​លើអ៊ិនធើណិត» ហើយរហូតមកដល់ថ្ងៃនេះ ក្រុម«Hacker»ដែលអះអាងដោយខ្លួនឯង អំពីបុព្វហេតុ«សេរីភាព» កំពុងបង្កើនសកម្មភាពរបស់ខ្លួន កាន់តែច្រើនឡើងប្រឆាំងផលប្រយោជន៍រ៉ុស្ស៊ី និងលោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir Poutine)។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបរទេសដែលបន្តមានវត្តមាន ក្នុងប្រទេសរ៉ុស្ស៊ី កំពុងក្លាយជា​«ចំណុចស៊ីប»​ដូចគ្នា។ ដូចក្នុងថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមីនានេះ ក្រុម«Anonymous»បានប្រកាសថា ខ្លួនបានចូលទៅបំបាក់​គេហទំព័រហាងទំនិញ​ចំនួន៣ ដែលសុទ្ធសឹងជាហាងទំនិញ​នៃយីហោបារាំង​នៅក្នុងប្រទេស​រ៉ុស្ស៊ី។ គេហទំព័រនៃ​យីហោទាំង៣នោះ រួមមាន៖ Auchan.ru, Leroymerlin.ru និង Decathlon.ru។

មកទល់នឹងម៉ោងនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមចូលទៅពិគ្រោះគេហទំព័រទាំងបីខាងលើ តែនៅតែមិនអាច​ចូលបាន​នៅឡើយ។

កាលពីម្សិលមិញ (ថ្ងៃទី២៣ ខែមីនា) ឯកសារទិន្នន័យឯកជន​របស់អតិថិជន របស់ធនាគារកណ្ដាលរ៉ុស្ស៊ី ប្រមាណជា៣,៥ម៉ឺនឯកសារ ត្រូវបានក្រុមនេះចូលទៅទាញយក មុននឹងព្រមានថា នឹងទម្លាយឯកសារទាំងនោះ ចេញជាសាធារណៈ ក្នុងរយៈពេល៤៨ម៉ោងខាងមុខ មានជាអាទិ៍ឯកសារសម្ងាត់​ដ៏រសើបៗ​ជាច្រើន (ឬហៅថា ឯកសារ«Top Secret»)។

នៅថ្ងៃដំបូង (ថ្ងៃទី២៤ ខែកុម្ភៈ) នៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដោយប្រទេសរ៉ុស្ស៊ី ក្រុម«Hacker»ដ៏ល្បី និងមានបណ្ដាញ​នៅជុំវិញពិភពលោក បានបង្ហោះសារនៅលើបណ្ដាញសង្គមថា ក្រុមខ្លួនបានប្រកាស«សង្គ្រាម​លើអ៊ិនធើណិត»ជាផ្លូវការ​ប្រឆាំងរដ្ឋាភិបាលរ៉ុស្ស៊ី។

ក្រុមនេះ ដែលអះអាងថា ខ្លួនមិនដែល«អត់ឱន» និងមិនដែល«ភ្លេច» ធ្លាប់ត្រូវបានស្គាល់ ក្នុងពេលកន្លងមក តាមរយៈការវាយប្រហារជាច្រើន នៅតាមបណ្ដាញអ៊ិនធើណិត ក្នុងនោះគេហទំព័ររងគ្រោះដ៏សំខាន់ៗ រួមមានគេហទំព័រ របស់អង្គភាពស៊ើបការសម្ងាត់ «CIA» របស់អាមេរិក និងអង្គការភេរវកម្មរដ្ឋឥស្លាម «ISIS» ជាដើម។ គេហទំព័រជាច្រើន របស់រដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ត្រូវបានក្រុមនេះវាយប្រហារដែរ។ 

ភ្លាមៗ ក្រោយការប្រកាសសង្គ្រាម​ប្រឆាំងរដ្ឋាភីបាលរ៉ុស្ស៊ី គេហទំព័ររបស់ទូរទស្សន៍ «RT (Russia Today)» ត្រូវបានក្រុមនេះវាយប្រហារ។ សាក្សីជាច្រើនអះអាងថា នៅលើគេហទំព័ររបស់ប្រព័ន្ធផ្សព្វផ្សាយខាងលើ គេឃើញមានការបង្ហោះសារ បង្ហាញពីការថ្កោលទោស«សង្គ្រាមឈ្លានពានអ៊ុយក្រែន» ពីសំណាក់កងទ័ពរ៉ុស្ស៊ី ខណៈរបបដឹកនាំនៅក្រឹមឡាំង មិនដែលហៅព្រឹត្តិការណ៍នេះ ថាជាសង្គ្រាមឡើយ តែជា«ប្រតិបត្តិការពិសេស»។

ទូរទស្សន៍«RT»ខ្លួនឯង បានចេញមុខមក​ទទួលស្គាល់ ចំពោះភាពរអាក់រអួលរបស់គេហទំព័រខ្លួន ដូចការបង្ហោះសារ នៅលើបណ្ដាញសង្គម ខាងក្រោមនេះ។

ក្នុងចុងសប្ដាហ៍កន្លងមក ក្រុមនេះដដែលបានអះអាងទៀតថា ក្រុមខ្លួនបានចូលទៅវាយប្រហារទិន្នន័យដើម (Data Bass) របស់ក្រសួងការពារជាតិរ៉ុស្ស៊ី និងទូរទស្សន៍រ៉ុស្ស៊ី ជាច្រើនផ្សេងទៀត ដើម្បីផ្សាយពីវីដេអូ ឬចម្រៀង ដែលនិយាយពីប្រទេសអ៊ុយក្រែន។

ខណៈសប្ដាហ៍មុន ក្រុម«Hacker»បិទមុខ ​បានចូលទៅគ្រប់គ្រង កាម៉េរ៉ាសុវត្ថិភាពចំនួនរាប់រយ នៅជុំវិញប្រទេសរ៉ុស្ស៊ី ដើម្បីបង្ហោះសារ ប្រាប់ទៅបណ្ដាជនរ៉ុស្ស៊ី អំពី«ការផ្សព្វផ្សាយឃោសនា ដ៏គួរឲ្យខ្មាសអៀន»​របស់ក្រឹមឡាំង។ បន្ថែមពីលើនេះ កាម៉េរ៉ាសុវត្ថិភាពនានា នៅតាមវិថីសំខាន់ៗ ក្នុងបណ្ដាខេត្តនៅព្រំដែន​ដែលជាប់នឹងប្រទេសអ៊ុយក្រែន ត្រូវបានក្រុមដដែលចូលទៅគ្រប់គ្រង ដើម្បីបង្ហាញពីការចល័តទ័ព ឬសព្វាវុធរ៉ុស្ស៊ី ចូលទៅក្នុងប្រទេសអ៊ុយក្រែន។

នេះ គេនៅមិនទាន់និយាយផងទេ ថាប្រព័ន្ធម៉ាស៊ីនបោះពុម្ភ (Printing) ជាង១០ម៉ឺនគ្រឿង ត្រូវបានលួចចូលទៅគ្រប់គ្រង ដើម្បីបោះពុម្ភសារ នៅលើក្រដាស ស្ដីពី«ការប្រឆាំងសង្គ្រាម»។

ជាការពិតហើយថា «សង្គ្រាម​លើអ៊ិនធើណិត»​ប្រកាសឡើង​ដោយក្រុមខាងលើ នឹងមិនអាចផ្លាស់ប្ដូរស្ថានភាព នៅសមរភូមជួរមុខក្នុងប្រទេសអ៊ុយក្រែន ឬផ្លាស់ប្ដូរជំហររបស់ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នោះឡើយ។ តែយ៉ាងហោចណាស់ សកម្មភាពរបស់ក្រុម​«Anonymous» បានបង្កការរំខានធ្ងន់ធ្ងរ ទៅលើយុទ្ធសាស្ត្រសង្គ្រាម​របស់ប្រទេសរ៉ុស្ស៊ី ហើយនឹងទាញសេដ្ឋកិច្ចរ៉ុស្ស៊ី ឲ្យដាំក្បាលចុះ។ នេះ បើតាមការលើកឡើង របស់អ្នកជំនាញខាងបច្ចេកវិទ្យា៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។