បច្ចេកវិទ្យា

5G៖ ស៊ុយអែតសម្រេច​ហាមឃាត់​ក្រុមហ៊ុន«Huawei»និង«ZTE»

ក្រោមវិធានការការពារសន្តិសុខជាតិ ប្រទេសស៊ុយអែត បានសម្រេចធ្វើការហាមឃាត់ នូវរាល់សម្ភារៈបរិក្ខា របស់ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន «Huawei»​និង«ZTE» សម្រាប់បំពាក់​លើបច្ចេកវិទ្យាថ្មី «5G» នៃសេវាកម្មទូរស័ព្ទដៃ។ នេះ បើតាមការប្រកាស របស់អាជ្ញាធរជាតិ ទទួលបន្ទុក​ទូរគមនាគម។

មិនត្រឹមតែសម្ភារៈថ្មីៗទេ តែបើសូម្បីសម្ភារៈបរិក្ខាចាស់ ដែលត្រូវបាន​បំពាក់រួចហើយ ក៏នឹងត្រូវដកចេញទាំងអស់ និងទាំងស្រុង ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខ។

ការហាមឃាត់នេះ ជាការអនុវត្តច្បាប់ថ្មី ដែលទើបនឹងត្រូវ​បានអនុម័ត កាលពី​ដើមឆ្នាំ​២០២០ ដោយផ្អែកទៅលើរបាយការណ៍ វាយតម្លៃ របស់កងទ័ព និងស្ថាប័នចារកម្ម របស់ប្រទេសស៊ុយអែត

អាជ្ញាធរជាតិ ទទួលបន្ទុក​ទូរគមនាគម បានពន្យល់​ក្នុងសេចក្ដីប្រកាស​ព័ត៌មាន របស់ខ្លួនថា៖

«ការហាមឃាត់នេះមានគោលបំណង ដើម្បីធានា ចំពោះការប្រើប្រាស់​បច្ចេកវិទ្យាថ្មី ថានឹងមិនបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ របស់ប្រទេសស៊ុយអែត៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។