កីឡាផ្សេងទៀត

ល្បែងអូឡាំពិក ៖ ប៉ារីស ទទួលទង់អូឡាំពិក​ធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៤

ក្នុងពិធីបិទបញ្ចប់«ល្បែងអូឡាំពិក» នៅរាជធានីតូក្យូ (ជប៉ុន) យប់ថ្ងៃអាទិត្យទី៨ ខែសីហានេះ អ្នកស្រី អាន អ៊ីដាលហ្គោ (Anne Hidalgo) អភិបាលរដ្ឋធានី ប៉ារីស បានទទួលទង់​របស់គណៈកម្មការអូឡាំពិកអន្តរជាតិ ដើម្បី​ជានិមិត្តរូបរបស់រដ្ឋធានីប៉ារីស (បារាំង) ក្នុងការទទួលខ្លួន ធ្វើជាម្ចាស់ផ្ទះ​សម្រាប់ព្រឹត្តិការណ៍​ប្រកួតល្បែងអូឡាំពិក នៅឆ្នាំ​២០២៤ខាងមុខ។

ទង់អូឡាំពិកនោះ ត្រូវបានផ្ទេរពីអ្នកស្រី«Yuriko Koike» អភិបាលរាជធានី តូក្យូ តាមរយៈលោក «Thomas Bach» ប្រធានគណៈកម្មការ​អូឡាំពិកអន្តរជាតិ មុននឹងត្រូវបានអ្នកស្រី អាន អ៊ីដាលហ្គោ លើកគ្រវីទៅកាន់​ពិភពលោក។

ព្រឹត្តិការណ៍ល្បែងអូឡាំពិក លើកទី៣៣ នឹងប្រព្រឹត្តិទៅនៅរដ្ឋធានី ប៉ារីស ព្រមទាំងតំបន់មួយចំនួន នៅក្នុង​ប្រទេស​បារាំង ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ (ខណៈល្បែងអូឡាំពិកសម្រាប់ជនពិការ នឹង​ប្រព្រឹត្តិទៅ ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំដដែល)។

ប្រសិនជាអ្នកស្រី អាន អ៊ីដាលហ្គោ បានទទួលទង់អូឡាំពិក នៅឯពិធីបិទបញ្ចប់ល្បែងអូឡាំពិក លើកទី៣២ ក្នុង​រាជធានីតូក្យូនោះ នៅឯរដ្ឋធានី​ប៉ារីសឯនេះ ក៏មានប្រារព្ធពិធីអបអរសាទរ និមិត្តរូបជាផ្លូវការនេះដែរ ដោយមាន​ការចូលរួម ពីបណ្ដាកីឡាករបារាំង ដែលទើបនឹងត្រឡប់​ពីប្រទេសជប៉ុន​ និងបណ្ដាអ្នកគាំទ្រ​នោះផង៕

ខាងក្រោមនេះ ជាទីតាំងមួយចំនួន នៅកណ្ដាលនិងជុំវិញរដ្ឋធានីប៉ារីស ដែលត្រូវយកមករៀបចំ ធ្វើជាទីលានប្រកួតល្បែងអូឡាំពិក

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។