បាល់ទាត់

ស្លាតាន អ៊ីប្រាហ៊ីម៉ូវិច រកបានគ្រាប់បាល់​«ទី៥០០»​ជាមួយក្រុមអាជីព

កំពូលខ្សែប្រយុទ្ធខ្ញីចាស់ របស់ក្រុមមីឡង (AC Milan – អ៊ីតាលី) កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) បានរកបាន​គ្រាប់បាល់​«ទី៥០០»​របស់ខ្លួន នៅថ្ងៃអាទិត្យទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ រាប់តាំង​ពីកីឡាករ ចុះកិច្ចសន្យាទាត់​​ឲ្យបណ្ដាក្រុមបាល់ទាត់​អាជីព តាំងពីអាយុ១៨ឆ្នាំមក។

គ្រាប់បាល់ខាងលើនេះ ត្រូវបាន​កីឡាករវ័យ៣៦ឆ្នាំ ទាត់បញ្ចូលទីរបស់ក្រុម​«Crotone» ក្នុងការប្រកួតរវាងក្រុមនេះ និងក្រុម​មីឡង់ ក្នុងកីឡដ្ឋាន​«San Siro»​នៃក្រុងមីឡង់។

តាមពិតទៅ គ្រាប់បាល់ទី៥០០ គួរតែត្រូវកីឡាកររកបាន តាំងពីចុងសប្ដាហ៍កន្លងទៅ ក្នុងការប្រកួតរវាងក្រុម មីឡង់ របស់ខ្លួន ទល់នឹងក្រុម «Bologne»។ តែខ្សែប្រយុទ្ធដែលតែងតាំងខ្លួន ជា«សត្វតោឈ្មោល»រូបនេះ បានខកខាន​ការទាត់បាល់​​​ពិន័យ១១ម៉ែត្រ ដោយត្រូវ​កីឡាករ​ចាំទី របស់ក្រុម«Bologne»ទះបាល់ចេញ។

កំពូលខ្សែប្រយុទ្ធ ជាតិស៊ុយអែដ បានចាប់ផ្ដើមអាជីពរបស់ខ្លួន ក្នុងអាយុ១៨ឆ្នាំ ដោយបានហ្វឹកហាត់ និងចុះ​កិច្ចសន្យា​ដំបូង នៅឆ្នាំ​១៩៩៩ ជាមួយក្រុម«Malmö»​នៃប្រទេសស៊ុយអែដ។ កីឡាករបានទាត់ឲ្យក្រុមប៉ារីស (Paris Saint Germain – បារាំង) រវាងពីឆ្នាំ២០១២ មកទល់ឆ្នាំ២០១៦ និងរកបានគ្រាប់បាល់​បានច្រើនជាងគេ បើធៀបនឹង​ពេលនៅជាមួយក្រុមផ្សេងទៀត (១៥៦គ្រាប់ ពីគ្រប់ការប្រកួត​ទាំងអស់)។

បើទោះមានវ័យចំណាស់ម្ដេចក្ដី តែកីឡាករ ស្លាតាន់ នៅតែបង្ហាញពីថ្វីជើង​ក្នុងកម្រិតដ៏ខ្ពស់ ជាមួយក្រុម មីឡង់ ដែល​កីឡាករ​ធ្លាប់បាន​ទាត់ឲ្យម្ដងហើយ រវាងពីឆ្នាំ២០១០ មកទល់នឹងឆ្នាំ២០១២ (៥៦គ្រាប់ ពីគ្រប់ការប្រកួត នៅ​ពេលនោះ)។ ពេលត្រឡប់​មកចុះ​កិច្ចសន្យាជាថ្មី ជាមួយក្រុមមីឡង់ដដែល រាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់​ថ្ងៃនេះ កំពូល«តោឈ្មោល»រកបាន​គ្រាប់បាល់​២៦គ្រាប់៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។