បាល់ទាត់

អង្គការលើកលែងទោស ស្នើ«FIFA»ដាក់សម្ពាធលើប្រទេសកាតា

អង្គការលើកលែងទោស អន្តរជាតិ «Amnesty International» បានអំពាវនាវ​ទៅកាន់​សហព័ន្ធបាល់ទាត់​អន្តរជាតិ «FIFA» ក្នុងថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១នេះ ឲ្យដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសកាតា ដែលត្រៀម​រៀបចំ​ទទួលការប្រកួត​បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដើម្បីធ្វើឲ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ សម្រាប់បណ្ដា​ពលករ​បរទេស ដែលបានចូលមកធ្វើការ នៅក្នុងប្រទេសនេះ។

ប្រទេសអ្នកមានជាងគេ ក្នុងតំបន់ឈូងសមុទ្រ«Golfe»មួយនេះ មានបណ្ដាជនអន្តោប្រវេសន៍ជាច្រើន ចូលមករស់នៅ​លើទឹកដីរបស់ខ្លួន ជាពិសេសពលករបរទេស ដែលបានសំរុកចូលមកធ្វើការ បន្ទាប់ពីប្រទេសនេះ ត្រូវបាន​ជ្រើសរើស ឲ្យទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ខាងមុខ។

អង្គការលើកលែងទោសអន្តរជាតិ ដែលមានស្នាក់ការធំ ក្នុងក្រុងហ្សឺណែវ (ប្រទេសស្វីស) បានសរសេរ​នៅក្នុង​សេចក្ដីថ្លែងការណ៍មួយ របស់ខ្លួនថា៖

«ប្រទេសកាតា បានអះអាងអំពីការធ្វើកំណែទម្រង់ជាច្រើន និងទទួលបានលទ្ធផលវិជ្ជមានខ្លះដែរ នៅក្នុង​រយៈពេល​ប៉ុន្មានឆ្នាំកន្លងមក (…) តែជារឿយៗ កំណែទម្រង់ទាំងនោះ មិនត្រូវបានយកមកអនុវត្តន៍ ឲ្យបានត្រឹមត្រូវទេ ហើយ​ពលករបរទេស រាប់សិបពាន់នាក់ បន្តរងនូវការធ្វើអាជីវកម្ម និងការរំលោភបំពាន។»

ការស៊ើបអង្កេតរបស់អង្គការអន្តរជាតិ បានអះអាងថា មានសេចក្ដីព្រាងច្បាប់ជាច្រើន ត្រូវបានស្នើឡើង ទៅកាន់​អាជ្ញាធរ​នៃប្រទេសកាតា ហើយអត្ថបទច្បាប់ទាំងនោះនឹងបំផ្លាញសមិទ្ធិផលទាំងឡាយ ដែលសម្រេចឡើង ក្រោម​កំណែទំរង់។ មានជាអាថ៌ សេចក្តីព្រាងច្បាប់ បានដាក់កំហិតឡើងវិញ ជុំវិញសិទ្ធិរបស់ពលករបរទេស ក្នុងការផ្លាស់ប្ដូរការងារ និង​ចាកចេញ​ពីប្រទេសជាដើម។

យ៉ាងណា ប្រភពផ្លូវការរបស់ប្រទេសកាតា ត្រូវបានទីភ្នាក់ងារសារព័ត៌មានបារាំង «AFP» ស្រង់សំដីមកបញ្ជាក់ថា អត្ថបទ​ស្នើច្បាប់ទាំងនោះ នឹងមិនទទួលបានការយល់ព្រម ពីរដ្ឋាភិបាលកាតានោះទេ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។