បាល់ទាត់

ចាប់ឆ្នោត ដណ្ដើមជើងឯកអ៊ឺរ៉ុប – មេនស៊ីធីជួបស្ពួរ ខណៈមេនយូជួបបាសា

លទ្ធផលនៃការចាប់ឆ្នោត សម្រាប់ការប្រកួត ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩ បានចេញមកហើយ។

ក្រុមអាហ្សាក់អាមស្ទែដាម (Ajax Amsterdam – ហូឡង់) ដែលទើបជម្រុះក្រុម​រៀលម៉ាឌ្រីត (Real Madrid – អេស្បាញ) ជើងឯកអ៊ឺរ៉ុបបីរដូវកាល នឹងត្រូវជួបជាមួយសេះបង្កង់អ៊ីតាលី គឺក្រុមជូវេនទូស (Juventus Turin – អ៊ីតាលី) ដែលទើបនឹងទម្លាក់ក្រុមអាត្លេទីកូ (Atlético Madrid – អេស្ប៉ាញ) កាលពីប៉ុន្មានថ្ងៃមុន។

ក្រុមលីវើភូល (Liverpool – អង់គ្លេស) ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីឆ្នាំមុន ហើយទើបជម្រុះក្រុមជើងឯកអាល្លឺម៉ង់ បាយឺនមូនិច (Bayern Munich – អាល្លឺម៉ង់) នឹងត្រូវជួបប្រកួត ទល់នឹងក្រុមព័រតូ (FC Porto – ព័រទុយហ្គាល់) ហៅក្រុមនាគខៀវ ដែលបានបំពាក់ក្រុមរ៉ូម៉ា (Roma FC – អ៊ីតាលី) កាលពីសប្ដាហ៍មុន។

ខណៈក្រុមស្ពួរ តូទេនហាម (Tottenham – អង់គ្លេស) នឹងត្រូវជួបក្រុមអង់គ្លេសដូចគ្នា គឺក្រុមមេនឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស) ដែលហាក់មានកម្លាំងខ្លាំងណាស់ បន្ទាប់ពីបានលត់ក្រុម ក្រុម សាលកេ០៤ (Schalke 04 – អាល្លឺម៉ង់) ដោយគ្រាប់បាល់ ៧-០។

ចំណែកក្រុមអ្នកមានបុណ្យ បាសឺឡូន (FC Barcelone – អេស្ប៉ាញ) ត្រូវជួបតតាំង ទល់នឹងក្រុមបីសាចក្រហមអង់គ្លេស មេនឆេស្ទ័រយូណាយធីត (Manchester United អង់គ្លេស) ដែលបានបំបាក់មុខ ក្រុមអ្នកមានថ្មីបារាំង ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain – បារាំង) ដល់ក្នុងផ្ទះ។

ថ្ងៃប្រកួត«ដណ្ដើមជើងឯកអ៊ឺរ៉ុប» ចាប់ពីវគ្គនេះទៅ…

ការប្រកួត«ទៅ» ឬជុំទី១ នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ (ឬវគ្គ៨ក្រុម) នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៩-១០ ខែមេសាខាងមុខ។ ខណៈការប្រកួត«ត្រឡប់» ក្នុងវគ្គដដែល នឹងត្រូវធ្វើនៅមួយសប្ដាហ៍ក្រោយមក។

ក្រុមដែលឈ្នះ ចេញពីវគ្គ១ភាគ៤ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (ឬវគ្គ៤ក្រុម) នៅថ្ងៃទី៣០ ខែមេសា – ថ្ងៃទី១ ខែឧសភា សម្រាប់ការប្រកួត«ទៅ» និងនៅថ្ងៃទី៧-៨ ខែឧសភា សម្រាប់ការប្រកួត«ត្រឡប់»។ រីឯការប្រកួតផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើនៅថ្ងៃសៅរ៍ ទី១ ខែមិថុនា នៅនឹងទីកន្លែងតែមួយ គឺកីឡដ្ឋាន «Estadio Metropolitano» របស់ក្រុមអាត្លេទីកូម៉ាឌ្រីត៕

» ផែនទីនៃការប្រកួត ចាប់ពីវគ្គ១ភាគ៤៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។