កម្ពុជា

ហ៊ុន សែន ត្អូញពី​កង្វះអគ្គិសនី​«៤០០មេហ្គាវ៉ាត់»​សម្រាប់ប្រទេស​កម្ពុជា

គ្រោះរាំងស្ងួតរយៈពេលវែង បង្កឲ្យប្រទេសកម្ពុជាខ្វះប្រភពទឹក ដើម្បីរុញម៉ាស៊ីនវារីអគ្គិសនី សម្រាប់ផលិតអគ្គិសនីយកមកប្រើប្រាស់ក្នុងស្រុក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងឡើងដូច្នេះ ដោយបញ្ជាក់ថា ប្រទេសកម្ពុជាទាំងមូលខ្វះអគ្គិសនី រហូតដល់ទៅ«៤០០មេហ្គាវ៉ាត់»។

ថ្លែងក្នុងការបើកពិធីបុណ្យទន្លេ លើកទី៥ ក្នុងខេត្តកំពង់ឆ្នាំង នាយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា៖

«សម្រាប់វិស័យអគ្គិសនី មកដល់ពេលនេះ ក្រសួងរ៉ែនិងថាមពល ក៏ដូចជាក្រុមហ៊ុនអគ្គិសនី បានឲ្យខ្ញុំដឹងថា មកដល់ពេលនេះ យើងចាប់ផ្ដើមខ្វះអគ្គិសនី រហូតដល់ដល់”៤០០មេហ្គាវ៉ាត់”តែម្ដង។»

បុរសខ្លាំងកម្ពុជា បានអះអាងថា បរិមាណ៤០០ម៉េហ្គាវ៉ាត់នេះ ជាកម្រិតដ៏ច្រើនមួយ ហើយរបបដឹកនាំរបស់លោក កំពុងស្វែងរកដំណោះស្រាយ ក៏ដូចជាសុំអំពាវនាវឲ្យបណ្ដាជន និងក្រុមហ៊ុនដែលមានលទ្ធភាព គប្បីប្រើម៉ាស៊ីនភ្លើងជាជំនួយសិន។

លោកថា៖

«ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវឲ្យអ្នកដែលមានម៉ាស៊ីនភ្លើង បញ្ចេញម៉ាស៊ីនភ្លើងមកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់តាមលំនៅដ្ឋានក្ដី និងតាមសណ្ឋាគារក្ដី ឬកន្លែងដែលខ្លួនធ្វើអាជីវកម្មក្ដី ដើម្បីជួយទប់ទប់ជាមួយគ្នា។»

ថ្ងៃនេះខ្វះ«៤០០មេហ្គាវ៉ាត់» និងរង់ចាំចម្លើយពីទួរគី…

ប្រមុខរបបដឹកនាំក្រុងភ្នំពេញ បានថ្លែងបន្តថា រដ្ឋាភិបាលលោកកំពុង«រង់ចាំ»ការសម្រេច ពីរដ្ឋាភិបាលទួរគី ក្នុងការបញ្ជូនម៉ាស៊ីនភ្លើងមកកម្ពុជា តាមនាវាសមុទ្រ ឲ្យដោះស្រាយបញ្ហាកង្វះអគ្គិសនី នៅកម្ពុជា។

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា លើកឡើងថា៖

«យើងកំពុងរង់ចាំនូវការឆ្លើយតប ពីសាធារណរដ្ឋទួរគី ដើម្បីនាំមកនូវនាវា ដែលផ្ទុកទៅដោយម៉ាស៊ីនភ្លើង សម្រាប់បញ្ឆេះនៅក្នុងប្រទេសកម្ពុជារបស់យើង ក្នុងរយៈពេលប៉ុន្មានខែ។ ព្រោះថា ប្រទេសរបស់យើងមួយភាគធំ ប្រើបាស់វារីអគ្គិសនី តែវារីអគ្គិសនីប្រើដោយទឹក ឥឡូវទឹកនោះវារីង ដូច្នេះវារីអគ្គិសនីបញ្ចេញថាមពល បានកម្រិតទាប។»

តាំងពីច្រើនថ្ងៃមកហើយ នៅតាមតំបន់ជាច្រើន ជាពិសេសរាជធានីភ្នំពេញបានរងការផ្ដាច់ចរន្ត ជាច្រើនកន្លែងនិងច្រើនដង បណ្ដាលឲ្យមានការរអ៊ូរទាំមិនតិចទេ ពីសំណាក់ពលរដ្ឋ។ អ្នករិះគន់ដែលលេចធ្លោជាងគេ គឺនាង កែវ ពេជ្ជតា តារាចម្រៀងល្បីវ័យចំណាស់ ដែលជាមនុស្សជំនិតរបស់លោក ហ៊ុន សែន នោះតែម្ដង។

ពេលវេលា?

យ៉ាងណា ក៏ដំណោះស្រាយខាងលើ មិនត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថា នឹងត្រូវប្រើពេលវេលាប៉ុន្មានទេ បើគេគិតទាំងពេលវេលានៃការសម្រេច ឬការឆ្លើយតប របស់រដ្ឋាភិបាលប្រទេសទួរគី និងពេលវេលានៃការដឹកជញ្ជូនឆ្លងសមុទ្រ រហូតដល់ការដាក់ឲ្យមានដំណើរការ នៅក្នុងប្រទេសកម្ពុជា។ 

សម្រាប់លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ប្រហាក់ប្រហែលនឹងការលើកឡើង របស់លោក ហ៊ុន សែន ខាងលើនេះដែរ។ លោកបានស្នើឲ្យប្រជាពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះការខ្វះចន្លោះ ក្នុងការផ្គត់ផ្គង់អគ្គិសនី ដោយមានរអាក់រអួលនៅតំបន់មួយចំនួន ដោយសារតែនៅរដូវប្រាំងនេះ អាកាសធាតុកើនឡើងកំដៅខ្លាំង ហើយតម្រូវការអគ្គិសនី ក៏កើនឡើងខ្លាំងនោះដែរ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។