បាល់ទាត់

«FIFA» មិនទទួលស្គាល់ «SuperLeague» និងគម្រាម​ដាក់ទណ្ឌកម្ម

សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករានេះ មិនទទួលស្គាល់ក្របខណ្ឌ «SuperLeague» ដែលត្រូវបានសារព័ត៌មាន យកមកផ្សាយថា ជាការផ្ដួចផ្ដើមឡើង របស់ក្រុមបាល់ទាត់យក្សមួយចំនួន នៅអ៊ឺរ៉ុប។ ស្ថាប័នអន្តរជាតិ នៅបានគម្រាម​ដាក់ទណ្ឌកម្ម ទៅលើក្រុម​បាល់ទាត់ណា ឬកីឡាករណាក៏ដោយ ដែលចូលរួម ក្នុងក្របខណ្ឌនេះ​ថែមទៀត។

បើតាមប្រព័ន្ធផ្សព្វផ្សាយ ដែលលើកយកគម្រោងនេះ​មកលំអិត បានឲ្យដឹងថា ក្របខណ្ឌ «SuperLeague» មានទម្រង់​ប្រហាក់​ប្រហែល នឹងក្របខណ្ឌ «Champions League» របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែរ តែថា ក្របខណ្ឌថ្មីនេះ នឹងទទួលបាន​កម្រៃ​ដ៏លើសលប់ ហើយធ្វើឡើងជា​លក្ខណៈបិទជិត រវាងតែក្រុមបាល់ទាត់យក្ស នៅក្នុងប្រទេសធំៗ ចំនួន៥ឬ៦ ក្នុងទ្វីបអ៊ឺរ៉ុបខាងលិចប៉ុណ្ណោះ។

សារព័ត៌មានបារាំងឈ្មោះ «L’Equipe» បានរាយការណ៍ កាលពីចុងខែតុលា ឆ្នាំ២០២០ថា ក្រុមបាសឺឡូន (Barcelona – អេស្ប៉ាញ) បាន​ត្រៀមខ្លួន ដើម្បីចូលរួម​ក្នុងក្រុបខណ្ឌខាងលើ ខណៈសារព័ត៌មានអេស្ប៉ាញឈ្មោះ «AS» បានបញ្ជាក់កាលពីថ្ងៃចន្ទទី១៨ ខែមករា ឆ្នាំ២០២១ថា នាយកក្រុមរៀល (Real Madrid – អេស្ប៉ាញ) និងក្រុមជូវេនទូស (Juvetus – អ៊ីតាលី) ក៏បានជួបគ្នា​និយាយ​ពីរឿងនេះដែរ។

នៅចំពោះព័ត៌មានទាំងនេះ សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ក្នុងថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករា ជាមួយសហព័ន្ធបាល់ទាត់ ប្រចាំទ្វីបទាំង៦ (AFC, CAF, Concacaf, Conmebol, OFC និង UEFA) បញ្ជាក់ថាខ្លួន និងសហព័ន្ធជាសមាជិកទាំង៦ បដិសេធមិនទទួលស្គាល់ ក្របខណ្ឌ«SuperLeague»ខាងលើឡើយ។

សេចក្ដីថ្លែងការណ៍បានគម្រាមឡើងថា៖

«ក្នុងស្មារតីនេះ ក្រុមបាល់ទាត់ ឬកីឡាករណាក៏ដោយ ដែលចូលរួមប្រកួត​ក្នុងក្របខណ្ឌ (មិនទទួលស្គាល់ដោយ FIFA ខាងលើ) ត្រូវប្រឈម​នឹងការបដិសេធសិទ្ធិ​ចូលរួមប្រកួត ក្នុងរាល់ក្របខណ្ឌទាំងឡាយ ដែលរៀបចំឡើងដោយ FIFA ឬដោយសហព័ន្ធ​ជាសមាជិក​​របស់ខ្លួន។»

សហព័ន្ធបាល់ទាត់ពិភពលោក បានរំឭកថា គោលការណ៍ជាសាកល ឈរលើគុណតម្លៃកីឡា សាមគ្គីភាព ការវាយតម្លៃ ក៏ដូចជាការឧបត្ថម្ភធន បានបង្កើតមូលដ្ឋានគ្រឹះ នៃបាល់ទាត់។ «FIFA» បញ្ជាក់ថា៖

«បើសិនជាបាល់ទាត់ មានអាយុកាល ដ៏យូរលង់ និងរុងរឿងដូច្នេះ គឺដោយសារតែគោលការណ៍ ទាំងអស់នេះ៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។