បាល់ទាត់

សាកសព​ដែលស្រង់បាន​ពីសមុទ្រ ពិតជា​«រូបរាងសេសសល់»​របស់ សាឡា

អាជ្ញាធរអង់គ្លេសត្រូវការរយៈពេលរហូតដល់៣៦ម៉ោង ដើម្បីបញ្ជាក់ថា សាកសពដែលត្រូវបានស្រង់ចេញ​ពីក្នុងសមុទ្រ កាលពីព្រឹកថ្ងៃពុធ គឺពិតជា«រូបរាងសេសសល់» របស់កីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) ខ្សែប្រយុទ្ធដែលបានចាកចេញពីក្រុម ណង់ (Fc Nantes – បារាំង) ទៅកាន់ក្រុម កាឌីហ្វ (Cardiff City – អង់គ្លេស)។

ដំណឹងដ៏អកុសល ដែលបញ្ចាក់ពីអត្តសញ្ញាណ​របស់កីឡាករ បានធ្លាក់មកដល់ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ ដែលធ្វើឡើងដោយអាជ្ញាធរអង់គ្លេស នៃតំបន់ «Dorset» ភាគខាងត្បូងចក្រភពអង់គ្លេស។

សេចក្ដីប្រកាសព័ត៌មាន​របស់នគរបាល «Dorset» បានអះអាងថា បន្ទាប់ពីពិនិត្យយ៉ាងដិតដល់ ទៅលើសាកសពដែលស្រង់បាន នោះគឺពិតជា«រូបរាងសេសសល់» របស់កីឡាករ សាឡា។ ក្នុងពេលបន្ទាប់មក អាជ្ញាធរបានបញ្ជូនសាកសព ទៅកាន់ក្រុង «Bournemouth» ដើម្បីប្រគល់ជាបន្ត ទៅឲ្យក្រុមគ្រួសាររបស់កីឡាករ ដែលនឹងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ នៅក្នុងប្រទេសអាហ្សង់ទីន។

រឿងរ៉ាវបានកើតឡើង​នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ខណៈពេលយន្ដហោះ ដែលដឹកកីឡាករ សាឡា បានហោះចេញពីក្រុង ណង់ (បារាំង) ឆ្ពោះទៅក្រុង កាឌីហ្វ (អង់គ្លេស) ប្រមាណជា១ម៉ោងក្រោយមក ស្រាប់តែបាត់ដំណឹងសូន្យឈឹង នៅលើសមុទ្រ ម៉ង់ ត្រង់ចំណុចមួយ នៅខាងជើងប្រជុំកោះ «Guernesey» នៃចក្រភពអង់គ្លេស។

ក្នុងពេលភ្លាមៗ អាជ្ញាធរនៃប្រជុំកោះ «Guernesey» បានព្យាយាមស្វែងរកស្លាកស្នាម​យន្ដហោះ តែមិនបានជោគជ័យទេ។ បន្ទាប់ពីអាជ្ញាធរបានសម្រេចចិត្តបញ្ឈប់ការរុករក ក្រុមគ្រួសាររបស់កីឡាករ បានសម្រេចចិត្តជួលក្រុមហ៊ុនឯកជនមួយ ដើម្បីបន្តកិច្ចការ​រុករក​តួយន្ដហោះ ដោយប្រើប្រាស់ថវិកា ដែលផ្ដល់ដោយសប្បុរសជន នៅលើបណ្ដាញ​អ៊ិនធើណែត។

ការរុករកនោះ បានអនុញ្ញាតឲ្យគេរកឃើញតួយន្ដហោះនោះមែន នៅព្រឹកថ្ងៃអាទិត្យកន្លងមកនេះ។ រូបភាពដំបូង ដែលថតដោយកាម៉េរាមនុស្សយន្ដ បានបង្ហាញថា នៅក្នុងតួយន្ដហោះ មានសាកសពមួយ ពីក្នុងចំណោមមនុស្សពីរនាក់ ដែលបានជិះក្នុងយន្ដហោះ (កីឡាករ និងអ្នកបើកយន្ដហោះ)។

អ្វីដែលត្រូវធ្វើនៅពេលនេះ គឺស្វែងរកសាកសពមួយទៀត ដែលជាអ្នកបើកយន្ដហោះ លោក ដេវិដ អាបូតសុន (David Ibbotson) ខណៈអាជ្ញាធរមានគម្រោងស្រង់តួ​យន្ដហោះ​ទាំងមូល ចេញពីសមុទ្រ ដើម្បីធ្វើការស៊ើបអង្កេត ពីមូលហេតុដែលឈានទៅដល់គ្រោះធ្លាក់យន្ដហោះដូច្នេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។