បាល់ទាត់

ផ្អាក​ជាង​៣ខែ​ព្រោះ​«Covid-19» ក្រុមប៉ារីស​វិល​មកលត់​ក្រុម​អាវ្រ ៩-០

តែជ័យជំនះ ៩-០ មួយនេះ មិនគួរត្រូវបានអ្នកផងស្រែកអបអរទេ ដោយហេតុថា ក្រុម​អាវ្រ (Havre) ស្ថិតក្នុងក្របខណ្ឌ «Ligue 2» និងមានកីឡាករចូលទាត់ មិនគ្រប់​ជើង​ធំៗផងទេ ខណៈក្រុមប៉ារីស (Paris Saint Germain) ស្ថិតក្នុងក្របខណ្ឌ​«Ligue 1» ហើយតារាបាល់ទាត់​ជើងខ្លាំងរបស់​ក្រុមយក្ស​មួយនេះ បានចេញទាត់សឹង​តែទាំងអស់។

និយាយម្យ៉ាងទៀត នៅចំពោះកីឡាករក្រុម អាវ្រ ដែលមានមួយភាគ ជាកីឡាករ​បម្រុង​នោះ មិត្តរួមក្រុមរបស់កីឡាករ ណីម៉ា (Neymar) និង អ៊ឹមបាប៉េ (Mbappé) ហាក់មិន​បាន​រត់ច្រើន ឬពិបាករកចន្លោះ ដើម្បីនាំបាល់ទៅដល់មុខទី របស់គូប្រកួតនោះទេ សម្រាប់ការប្រកួត ដែលមានលក្ខណៈជាមិត្តភាពមួយនេះ។

សម្រាប់ក្រុម ប៉ារីស វាជាការសាកល្បងមួយ បន្ទាប់ពីវិស័យកីឡា​សឹងតែទាំងស្រុង បាន​ជាប់គាំង​ក្នុងវិបត្តិជំងឺរាតត្បាត​«Covid-19»​អស់ជាង៣ខែ មុននឹងក្រុមប៉ារីស ត្រូវជួបទាត់​ជាមួយក្រុម សាំងអេជែន (Saint Etienne) និងក្រុម លីយ៉ុង (Lyon) ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពាន​«Coupe de la Ligue» និង​ពាន​«Coupe de France» នាសប្ដាហ៍ចុងក្រោយ​នៃខែកក្កដា។

ការសាកល្បង ដើម្បីដណ្ដើមពានទាំងពីរ ក៏ជាការធ្វើតេស្ដិ៍ ដ៏សំខាន់ដែរ សម្រាប់​ការប្រកួត​​​ក្របខណ្ឌអ៊ឺរ៉ុប «Champions League» ក្នុងខែសីហាខាងមុខ ជាពិសេស នៅ​ពេលគេដឹងថា ក្រុមប៉ារីស នឹងត្រូវជួបជាមួយក្រុម អាត្លង់តា (Atalanta Bergame) របស់ប្រទេសអ៊ីតាលី ក្នុងវគ្គ ១ភាគ៤​ផ្ដាច់ព្រ័ត្រនោះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។