រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ដរាបណាលោក Luis Rubiales បន្តអង្គុយលើកៅអី ជាប្រធានសហព័ន្ធ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅល្ងាចថ្ងៃសុក្រ ទី២៣ ខែសីហានេះ ក្រុមជម្រើសជាតិ ផ្នែកស្ត្រីរបស់ប្រទេសអេស្ប៉ាញ បានបញ្ជាក់ជាថ្មី អំពី«ការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងដាច់អហង្កា» ចំពោះកាយវិការ ដែលបាន«ប៉ះពាល់ដល់ភាពថ្លៃថ្នូ របស់ស្ត្រី»។ អត្ថបទនោះ បានសរសេរថា៖
«គ្រប់កីឡាការិនី ដែលបានចុះហត្ថលេខាក្នុងសេចក្ដីប្រកាសព័ត៌មាននេះ នឹងមិនចូលរួម ក្នុងការកោះហៅលើកក្រោយ របស់ក្រុមជម្រើសជាតិឡើយ ដរាបណាមេដឹកនាំសព្វថ្ងៃ នៅបន្តកាន់តំណែង។»
កាលពីព្រឹកថ្ងៃសុក្រដដែល លោក Luis Rubiales បានថ្លែងនៅក្នុងមហាសន្និបាតវិសាមញ្ញ របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ បដិសេធការលាឈប់ពីតំណែង ដោយលោកបានចាត់ទុកថា សង្គ្រាមប៉ាកកាដែលបានផ្ទុះឡើង ប៉ុន្មានថ្ងៃចុងក្រោយនេះ ថាជា«ឃាតកម្មសង្គម» ដែលមានបំណងចង់«កម្ទេច»រូបលោក។
ការរិះគន់បានផ្ទុះឡើង យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីមេដឹកនាំសហព័ន្ធរូបនេះ បាន«ចាប់ឱប-ថើបមាត់»កីឡាការិនី Jennifer Hermoso ដែលជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ។
កាយវិការដែលមានលក្ខណៈ ជាការចាប់ដោយ«បង្ខំ»នោះ បានកើតឡើង នៅលើវេទិកាទទួលមេដាយ និងការត្រៀមលើកពាន របស់ក្រុមកីឡាការិនីអេស្ប៉ាញ ដែលទើបនឹងក្លាយ ជាជើងឯកពិភពលោក ឆ្នាំ២០២៣ បន្ទាប់ពីពួកនាងបានបំបាក់ក្រុមជម្រើសជាតិអង់គ្លេស ដោយគ្រាប់បាល់ ១-០ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យទី២០ ខែសីហា ក្នុងប្រទេសអូស្ត្រាលី។
នៅក្នុងមហាសន្និបាតវិសាមញ្ញ លោក Luis Rubiales បានប្រកាស«បីដង»ថា «ខ្ញុំនឹងមិនលាឈប់ទេ»។ លោកបន្តថា៖
«គ្រាន់តែការថើប ដោយមានការព្រមព្រៀងគ្នាមួយ នឹងតម្រូវឲ្យខ្ញុំចាកចេញឬ? (…) ខ្ញុំនឹងតស៊ូក្រាញននៀល រហូតដល់ទីបញ្ចប់។ ខ្ញុំសូមបញ្ជាក់ឡើងវិញ រហូតដល់ទីបញ្ចប់។ ខ្ញុំសង្ឃឹមថា ច្បាប់នឹងត្រូវយកមកអនុវត្តន៍។»
កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា «FIFA» បានបើក«នីតិវិធីវិន័យ» ឬ«ការអង្កេត» ទៅលើហេតុការណ៍ខាងលើ ដើម្បីដាក់បន្ទុកលើកលោក Rubiales។ ប៉ុន្តែនៅខណៈនេះ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ «នឹងមិនផ្ដល់ព័ត៌មានអ្វីបន្ថែម ជុំវិញការបើកនីតិវិធីខាងលើ នៅមុនការសម្រេចចុងក្រោយនោះឡើយ»។
សម្រាប់កីឡាការិនី Jennifer Hermoso ឯណោះវិញ បានប្រតិកម្មតបនឹងសំដី របស់លោក Rubiales ដែលចាត់ទុការចាប់រូបនាង«ថើបមាត់» ថាមានលក្ខណៈជាការព្រមព្រៀងគ្នានោះ។ នាងបានសរសេរបដិសេធ និងបង្ហោះនៅលើបណ្ដាញសង្គមថា៖
«ដូចបានឃើញនៅក្នុងរូបភាពស្រាប់ ខ្ញុំគ្មានការព្រមព្រៀងណាមួយទាល់តែសោះ ជុំវិញការចាប់ថើបមាត់ ដែលគាត់បានធ្វើចំពោះខ្ញុំ។ ហើយខ្ញុំក៏គ្មានស្វែងរក ចង់ឲ្យគាត់ឱបថើបមាត់នោះដែរ។ ខ្ញុំមិនអត់ឱនចំពោះនរណាក៏ដោយ ដែលបង្កមន្ទិល មកលើពាក្យសំដីរបស់ខ្ញុំ និងដែលនិយាយបំផ្លើស អំពីអ្វីដែលនាងខ្ញុំមិនបាននិយាយ។»
សង្គ្រាមប៉ាកកា ហាក់បានពង្រើកខ្លួនធំឡើង និងកំពុងឈានដល់មជ្ឈដ្ឋាននយោបាយ។ នៅក្រោយការថ្លែងរបស់លោក Rubiales អ្នកស្រី Yolanda Diaz រដ្ឋមន្ត្រីក្រសួងការងារអេស្ប៉ាញ បានបង្ហោះសារ នៅលើបណ្ដាញសង្គមបញ្ជាក់ថា រដ្ឋាភិបាលអេស្ប៉ាញ ត្រូវចាត់វិធានការ«ជាបន្ទាន់» លើលោក Rubiales។ អ្នកស្រីសរសេរថា៖
«នីទណ្ឌភាព កើតពីទង្វើហួងហែង (អាងខ្លួនជាបុរស) ត្រូវបានបញ្ចប់ហើយ។ Rubiales មិនអាចអង្គុយក្នុងតំណែងនេះ តទៅទៀតទេ៕»