បាល់ទាត់

បណ្ដាកីឡាករនៃក្រុម ប៉ារីស សុទ្ធតែដឹង​ពីការមកដល់ នៃកីឡាករ ម៉េស៊ី

បណ្ដាកីឡាករនៃក្រុម ប៉ារីស (Paris Saint Germain) សុទ្ធតែទទួលដំណឹង អំពីការចុះកិច្ចសន្យាដ៏អស្ចារ្យ ដែល​ច្បាស់ជា​នឹងត្រូវធ្វើឡើង រវាងក្រុមយក្សបារាំងមួយនេះ ជាមួយកំពូលខ្សែប្រយុទ្ធ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi)។ នេះ បើតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងប្រទេសបារាំង ដែលចេញផ្សាយ​ក្នុងយប់​ថ្ងៃសៅរ៍នេះ។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជម្រាបជូនរួចហើយ អំពីការអះអាងបន្តបន្ទាប់គ្នា នៃបណ្ដាសារព័ត៌មាន​ក្នុង​ប្រទេសអេស្ប៉ាញ ដែលបញ្ជាក់ថា កំពូលម្ចាស់បាល់មាស់៦ជំនាន់ ជាតិអាហ្សង់ទីន បានព្រមព្រៀងលេងឲ្យក្រុម ប៉ារីស បន្ទាប់ពី​កីឡាករបានចាកចេញ ពីក្រុមបាសឺឡូន ជាផ្លូវការ​កាលពីថ្ងៃព្រហស្បត្តិ៍។

ប៉ុន្តែនៅខណៈនេះ ដល់វេនសារព័ត៌មានជាច្រើន នៅក្នុងប្រទេសបារាំងម្ដង ដូចយ៉ាងសារព័ត៌មាន«Le Parisien» វិទ្យុ«RMC Sport» និងសារព័ត៌មាន«L’Equipe»ជាដើម សុទ្ធតែបញ្ជាក់ថា គឺក្រុម«PSG»ខ្លួនឯង ជាអ្នកជូន​ដំណឹង​ផ្ទៃក្នុង ទៅកាន់បណ្ដា​កីឡាកររបស់ខ្លួន អំពីដំណើរមកដល់ នៃអតីតកំពូលខ្សែប្រយុទ្ធ​​របស់ក្រុម​អ្នកមានបុណ្យ។

យ៉ាងណា កិច្ចសន្យារវាងក្រុម និងកីឡាករ ម៉េស៊ី នៅមិនទាន់ចុះហត្ថលេខា ​ជាផ្លូវការនៅឡើយទេ។

សេចក្ដីរាយការណ៍​បានបញ្ជាក់ទៀតថា ភាគីទាំងសងខាង បានព្រមព្រៀងគ្នាជាគោលការណ៍ធំៗ​រួចហើយ៖ កីឡាករ ម៉េស៊ី នឹងទាត់ឲ្យក្រុម ប៉ារីស សម្រាប់ពីររដូវកាល (អាចបន្តបានមួយរដូវការបន្ថែម) ហើយទទួលប្រាក់បៀវត្សរ៍ រវាង​ពី៣៥ ទៅ៤០លានអ៊ឺរ៉ូ ក្នុងមួយរដូវកាល។

សារព័ត៌មាន«L’Equipe» បានរៀបរាប់បន្ថែម ក្នុងអត្ថបទមួយរបស់ខ្លួន ដែលចេញផ្សាយ ក្នុងវេលាយប់​ថ្ងៃសៅរ៍ថា កិច្ចសន្យារវាងភាគីទាំងពីរ អាចនឹងត្រូវធ្វើ នៅល្ងាចថ្ងៃអាទិត្យទី៨ ខែសីហាស្អែក ហើយការបង្ហាញខ្លួន​របស់កីឡាករ ម៉េស៊ី នៅក្នុងក្រុម ប៉ារីស អាចនឹងត្រូវធ្វើជាផ្លូវការ នៅពាក់​កណ្ដាល​សប្ដាហ៍ក្រោយ។

ប្រព័ន្ធផ្សព្វផ្សាយ​បានបញ្ជាក់ទៀតថា មកដល់ម៉ោងនេះ លោក«Jorge Messi» ដែលជាឪពុក​និងជាភ្នាក់ងារ​តំណាង របស់កីឡាករ ម៉េស៊ី នៅមិនទាន់ឡើងយន្ដហោះ​ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានី ប៉ារីស នៅឡើយ ដោយ​ហេតុថា លោកត្រូវមានវត្តមានជាមួយកូនលោក ដែលនឹងត្រូវធ្វើ​សន្និសីទសារព័ត៌មាន នៅវេលាថ្ងៃត្រង់ (ម៉ោង១២) ថ្ងៃអាទិត្យនេះ ដើម្បីបកស្រាយ​អំពីការចាកចេញរបស់ខ្លួន ពីក្រុមបាសឺឡូន (ឬនិយាយភាសាសមញ្ញ ដើម្បីលាក្រុម​អ្នកមាន​បុណ្យ)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។