អាជ្ញាកណ្ដាលទី៤ រងការចោទប្រកាន់ថា បានប្រើ«សំដីរើសអើង»ពណ៌សម្បុរ ទៅលើជំនួយការគ្រូបង្វឹក របស់ក្រុម អ៊ីស្ដាំប៊ូល (Istanbul Basaksehir – ទួរគី) ដែលធ្វើឲ្យការប្រកួតរវាងក្រុមនេះ ទល់នឹងក្រុម ប៉ារីស (Paris Saint Germain – បារាំង) ត្រូវបានផ្អាក និងលើកពេលប្រកួត ទៅថ្ងៃពុធ ទី៩ ខែធ្នូស្អែកវិញ។
ហេតុការណ៍ដ៏ហួសចិត្ត បានកើតឡើង នៅខណៈការប្រកួតរវាងក្រុមទាំងពីរ បានប្រព្រឹត្តិទៅ នៅនាទីទី១៣ ក្នុងកីឡាដ្ឋាន«Parc des Princes» (របស់ក្រុមប៉ារីស) នៃក្របខណ្ឌ «Champions League» (ក្នុងពូលជំរុះ ជុំទី៦) យប់ថ្ងៃអង្គារទី៨ ខែធ្នូនេះ។
នៅពេលនោះ លោក «Ovidiu Hategan» ដែលជាអាជ្ញាកណ្ដាលនៅលើទីលាន ត្រូវបានហៅដោយអាជ្ញាកណ្ដាលទី៤ នៅក្រៅទីលានប្រកួត ដើម្បីពិន័យសមាជិកម្នាក់ របស់ក្រុមការងារ នៃក្រុមអ៊ីស្ដាំប៊ូល។ លោក «Ovidiu Hategan» បានសួរអាជ្ញាកណ្ដាលទី៤ គឺលោក «Sebastian Coltescu» ដើម្បីចង់ដឹងពីបុគ្គល ដែលលោកត្រូវពិន័យ។
តាមរយៈរូបភាពផ្សាយផ្ទាល់ នៅលើកញ្ចាក់ទូរទស្សន៍ លោក «Sebastian Coltescu» បាននិយាយជាភាសារ៉ូម៉ានី (ក្រុមអាជ្ញាកណ្ដាល សុទ្ធសឹងជាជនជាតិរ៉ូម៉ានី) ឆ្លើយតបទៅអាជ្ញាកណ្ដាលលើទីលានថា៖
«គឺម្នាក់ ដែលមានសម្បុរខ្មៅ (Ala negru) !»
«សំដីរើសអើង»ពីរម៉ាត់នេះ ត្រូវបានក្រុមការងារ នៃក្រុមអ៊ីស្ដាំប៊ូលស្ដាប់ឮ ជាពិសេស លោក «Pierre-Achille Webo» ដែលទទួលបានកាត់ក្រហម ពីអាជ្ញាកណ្ដាល ផ្ទាល់ តែម្ដង។ លោក «Pierre-Achille Webo» ដែលជាជំនួយការគ្រូបង្វឹក ក្រុមអ៊ីស្ដាំប៊ូល បានស្រែកសួរ ទៅកាន់អាជ្ញាកណ្ដាលទី៤ថា៖
«ហេតុអ្វី បានជាអ្នកឯងនិយាយថា អាខ្មៅ?»
នៅក្នុងពេលបន្ទាប់មក ក្រុមកីឡាករទាំងសងខាង បានសម្រេចនាំគ្នាផ្អាកការប្រកួត ដើម្បីបង្ហាញពីសាមគ្គីភាព ចំពោះជំនួយការគ្រូបង្វឹក ក្រុមអ៊ីស្ដាំប៊ូល។
ព័ត៌មានដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាននៅមុននេះ បានបញ្ជាក់ថា សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» បានសម្រេចលើកពេល នៃការប្រកួតខាងលើ ទៅថ្ងៃពុធស្អែក នៅវេលាម៉ោង១៨ និង៥៥នាទី និងបានសន្យាថា នឹងធ្វើការស៊ើបអង្កេត ពីករណីនេះ ឲ្យបានស៊ីជម្រៅ៕