បាល់ទាត់

នាគខៀវ ទាញទម្លាក់ រមាសក្រហម ទោះចាញ់​ក្នុង​ការប្រកួត​លើកមុន

ក្នុងយប់នេះ បន្ទាប់ពីក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង នៅមានក្រុម រមាសក្រហម របស់ប្រទេសអ៊ីតាលីទៀត ក៏ត្រូវបានទម្លាក់ចេញ ដោយក្រុម នាគខៀវ ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩នេះ បន្ទាប់ពីខ្លួនរកបានជ័យជំនះ ក្នុងការប្រកួត«ទៅ»​កាលពីបីសប្ដាហ៍មុនដែរ។

ក្រុមរ៉ូម៉ា (AS Roma – អ៊ីតាលី) ហៅ«រមាសក្រហម» ត្រូវបានក្រុម ព័រតូ (FC Porto – ព័រទុយហ្គាល់) ហៅ«នាគខៀវ»ទាញឲ្យហាវអាវ នៅក្នុងកីឡាដ្ឋានរបស់ក្រុង ព័រតូ ប្រទេសព័រទុយហ្គាល់។

ក្នុងការប្រកួត«ជុំទីមួយ» ឬការប្រកួត«ទៅ» សម្រាប់វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រដដែល កាលពីបីសប្ដាហ៍មុន ក្រុម ព័រតូ បានចាញ់ក្រុម រ៉ូម៉ា ដោយពិន្ទុ ១-២។ តែនៅក្នុងការប្រកួត«ជុំទីពីរ» ឬការប្រកួត«ត្រឡប់» ក្នងយប់ទី៦ ខែមិនា ឆ្នាំ២០១៩នេះ ក្រុមនាគខៀវបានរកបានពិន្ទុ ២-១ វិញ សម្រាប់រយៈពេលប្រកួត៩០នាទី។

ជាគ្រាប់បាល់សរុប ៣-៣ ទាំងទៅទាំងមក ដែលចាំបាច់ឲ្យក្រុមទាំងពីរធ្វើការបន្ថែមម៉ោង។ ហើយលទ្ធផលនៅទីបំផុត គឺក្រុម ព័រតូ រកបានមួយគ្រាប់បន្ថែម ដែលជាបាល់ពិន័យនៅនាទីទី ៩០+១៧នាទី ដែលធ្វើឲ្យក្រុមរមាសក្រហម យំមិនចេញ និងត្រូវវេចបង្វិចមកផ្ទះវិញ ជាមួយនឹងការសោកស្ដាយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។