បាល់ទាត់

ប៉ារីស​ធ្លាក់​ពីលើ​មេឃ នៅក្នុង​ផ្ទះ​ខ្លួនឯង ទល់នឹង​បីសាចក្រហម

ក្រុមអ្នកមានថ្មី របស់ប្រទេសបារាំង បានយកក្ដីសង្ឃឹមរបស់ខ្លួន ទៅក្រវាត់ចោលក្នុងធុងសម្រាមជាថ្មីទៀត ក្នុងយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីបានប្រកួតចាញ់ក្រុម មែនឆេស្ទ័រយូណាយធីន (Manchester United – អង់គ្លេស) នៅក្នុង​ផ្ទះ​ខ្លួនឯង នារដ្ឋធានីប៉ារីស។

ជាការប្រកួត«ត្រឡប់» វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើម​ជើងឯក​អ៊ឺរ៉ុប «Chamions League» ឆ្នាំ២០១៨-២០១៩។ ក្រុមប៉ារីស​ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain – បារាំង) មានក្ដីសង្ឃឹមសឹងតែ៩០%ទៅហើយ បន្ទាប់ពីបានយកឈ្នះ ក្នុងប្រកួត«ទៅ» កាលពីបីសប្ដាហ៍មុន នៅក្នុងកីឡដ្ឋានរបស់ក្រុម មែនញូ (ចក្រភពអង់គ្លេស)។

តែក្ដីសង្ឃឹមនេះ បានរលាយខ្សុលដូចអំបិលត្រូវទឹក តាំងពីនាទីទី២ ដោយខ្សែការពាររបស់ក្រុមប៉ារីស បានប្រព្រឹត្តិកំហុស បណ្ដាលឲ្យខ្សែការពារ របស់ក្រុមបីសាចក្រហម កីឡាករ «Romelu Lukaku» ដណ្ដើមបាល់បាន ហើយទាត់បញ្ចូលទី បានមួយគ្រាប់សម្រាប់ក្រុមមេនញ៉ូ (០-១)។

គឺកីឡាករ «Romelu Lukaku» ដដែលនេះ ដែលរកគ្រាប់បាល់​បានជាថ្មីទៀត នៅនាទីទី៣០ បន្ទាប់ពីកីឡាករចាំទីវ័យចំណាស់ «Gianluigi Buffon» បានចាប់បាល់របូត ធ្លាក់រត់ទៅរកខ្សែប្រយុទ្ធក្រុមបីសាច ដែលគ្រាន់តែប្រើជើងឆ្កឹះបន្តិច រកគ្រាប់បាល់ជាថ្មី (១-២) ឲ្យក្រុមខ្លួន។

ទោះបីក្រុមប៉ារីសរកបានគ្រាប់បាល់មកវិញ នៅនាទីទី ១២ ដោយកីឡាករ «Juan Bernat» ក៏ដោយ តែនៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមអ្នកមានថ្មីរបស់បារាំង រកមិនបានចន្លោះ ដើម្បីដណ្ដើមពិន្ទុ«ស្មើ»មកវិញឡើយ ដោយក្រុមមែនញូនៅតែនាំមុខ ជាមួយពិន្ទុ១-២។

រហូតដល់នាទីចុងក្រោយ ខ្សែការពារក្រុមប៉ារីសបានលោតឡើង រងបាល់ តែបានប៉ះជាមួយនឹងដៃរបស់ខ្លួន ដោយអចេតនា នៅក្នុងតំបន់គ្រោះថ្នាក់។ សម្រាប់អាជ្ញាកណ្ដាល ជាកំហុសមួយ ហើយតម្រូវឲ្យក្រុមបីសាចក្រហម ទាត់បាល់ពិន័យ១១ម៉ែត្រ រកបានគ្រាប់បាល់ឈ្នះដាច់ក្រុមប៉ារីស ១-៣។

គ្រាប់បាល់ស្មើ តែចាញ់ច្រើន«នៅក្នុង​ផ្ទះ​ខ្លួនឯង»

ជាពិន្ទុសរុប ទាំងការប្រកួត«ទៅ»និង«មក» គឺ ៣-៣ តែក្រុមមែនញូរកគ្រាប់បាល់ ក្នុងយប់នេះ​បានបីគ្រាប់ ច្រើនជាងក្រុមប៉ារីស ដែលរកគ្រាប់បាល់បាន តែពីរគ្រាប់ កាលពីការប្រកួតលើកមុខ។

ភាពខុសគ្នានេះ (មានចែងក្នុងលក្ខន្តិកៈ របស់ក្របខណ្ឌប្រកួត) អនុញ្ញាតឲ្យក្រុម មែនឆេស្ទ័យូណាយធីត បានឆ្លងទៅវគ្គ ១ភាគ៤ ដោយទុកឲ្យក្រុមប៉ារីស បន្តក្ដីសុបិន្តរបស់ខ្លួន ក្នុងការដណ្ដើមជាជើងឯកអ៊ឺរ៉ុប បន្តទៅមុខទៀត។ ក្ដីសុបិន្ត ដែលមកដល់ថ្ងៃនេះ មិនដែលក្លាយជាការពិតសោះឡើយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។