«ពេលដែលត្រូវ… ឆីលាមក» – ក្ដីសុបិន្តដែលចង់ឈ្នះជាជើងឯកអ៊ឺរ៉ុប របស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) បានរលាយជាថ្មីទៀត ក្នុងឆ្នាំនេះ បន្ទាប់ពីប្រកួតចាញ់ក្រុម មែនញូ (Manchester United – អង់គ្លេស) ក្នុងទឹកដីខ្លួនឯង នៅត្រឹមវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម)។
តែនេះ មិនត្រឹមជាការចាញ់ធម្មតាមួយប៉ុណ្ណោះទេ។ គេត្រូវហៅថា ជាការបាក់មុខដ៏ជ្រាលជ្រៅបំផុតមួយ បើធៀបនឹងប្រាក់និយោគរាប់សិបរយលាន រហូតធ្វើឲ្យក្រុមប៉ារីសមានឈ្មោះថា ជាក្រុមអ្នកមានថ្មី នៅក្នុងពិភពបាល់ទាត់។
បាក់មុខ ព្រោះក្រុមប៉ារីសបានឈ្នះក្រុមបីសាចក្រហម ក្នុងការប្រកួត«ជុំទីមួយ» ឬការប្រកួត«ទៅ»រួចហើយ ដែលផ្ដល់ប្រៀបឲ្យខ្លួនច្រើនណាស់។ ម្យ៉ាងទៀត កម្លាំងរបស់ក្រុមមែនញូ សម្រាប់ការប្រកួត«ជុំទីពីរ» ឬការប្រកួត«ត្រឡប់»នេះ ក៏ត្រូវបានកាត់បន្ថយយ៉ាងច្រើនដែរ ដោយសារកីឡាករសំខាន់ៗច្រើននាក់ បានរងរបួស និងខ្លះទៀតបានរងការពិន័យ (ព្យួរការចូលប្រកួត)។
សម្រាប់កីឡាករ ណីម៉ា ខ្សែប្រយុទ្ធរបស់ក្រុមប៉ារីស ដែលមានតម្លៃផ្ទេរខ្លួនដ៏មហាសាល សម្បើមជាងគេ ក្នុងប្រវត្តិបាល់ទាត់នោះ បានរកឃើញហេតុផលនៃការបរាជ័យនេះ ដោយបន្ទោសការសម្រេចរបស់ក្រុមអាជ្ញាកណ្ដាល ទាំងបួននាក់ ដែលបានអនុញ្ញាតឲ្យក្រុមបីសាចក្រហម ទាត់បាល់ពិន័យនៅចុងម៉ោងប្រកួត បន្ទាប់ពីបានមើលរូបភាព នៃអាជ្ញាកណ្ដាលវីដេអូរួច។
ណីម៉ា ដែលរបួសឆ្អឹងកូនម្រាមជើង ហើយដែលទើបនឹងជាសះគ្រាន់បើនោះ បានសរសេរនៅលើបណ្ដាញសង្គមថា៖
«ជាការអាម៉ាសមួយ។ គេឲ្យបុរស៤នាក់ ដែលមិនយល់អ្វីទាំងអស់ពីបាល់ទាត់ ឲ្យទៅមើលការទាត់បញ្ចូលទីមួយ តាមរយៈរូបភាពយឺតៗ នៅលើកញ្ចាក់ទូរទស្សន៍… ដែលតាមពិតទៅ អត់មានរឿងអ្វីទាំងអស់។ តើឲ្យយកដៃ ទៅទុកនៅឯណា?»
«យកដៃទៅទុកនៅឯណា» គឺកំពូលខ្សែប្រយុទ្ធរូបនេះ ដែលចង់និយាយពីការប៉ះបាល់ នៅលើតំបន់គ្រោះថ្នាក់ ដោយ«គួយដៃ»របស់កីឡាករខ្សែការពារប៉ារីស នៅនាទីចុងក្រោយ នៃការប្រកួត និងដែលធ្វើឲ្យអាជ្ញាកណ្ដាល សម្រេចឲ្យក្រុម មែនញូ ទាត់បាល់ពិន័យ។
ចំពោះខ្សែបម្រើក្រុមប៉ារីស កីឡាករ ម៉ាគីញ៉ូស (Marquinhos) ដែលជាជនរួមឈាមប្រេស៊ីល របស់កីឡាករ ណីម៉ា ដែរ បានប្រាប់ឲ្យទាំងអស់គ្នាស្ងាត់មាត់ ដោយហេតុថា បើនិយាយតាមទម្លាប់នៅប្រេស៊ីល ពេលវេលារបែបនេះ គឹជាពេលត្រូវ«ឆីលាមក»។
ម៉ាគីញ៉ូស បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្រោយការប្រកួតថា៖
«ពិបាកទទួលយកបានណាស់! យើងយល់ពីការខឹងសម្បារ របស់អ្នកគាំទ្រ។ ជាថ្មីម្ដងទៀត ក្នុងពេលតែមួយ នៃរាល់រដូវកាល យើងបានធ្វើកំហុសដដែលៗ ហើយយើងបានទទួលការពិន័យដូច្នេះ។ ក្រុមមែនញូ មកប្រកួតដើម្បីការពារ និងរង់ចាំមើលការខ្ជីខ្ជារបស់យើង ហើយពួកគេប្រើឱកាស នៃកំហុសរបស់យើង ដើម្បីរកគ្រាប់បាល់យ៉ាងមានប្រសិទ្ធិភាព។»
«ជាថ្មីម្ដងទៀត ត្រូវត្រិះរិះឡើងវិញ វិភាគឲ្យគ្រប់ជ្រុងជ្រោយ។ ច្រើនឆ្នាំហើយ ដែលយើងត្រូវហាវអាវ នៅក្នុងពេលដូចគ្នានេះ (…) ជាពេលដ៏ពិបាក សម្រាប់ទាំងអស់គ្នា។ កំហឹងក៏កើតមានច្រើនដែរ នៅក្នុងក្រុម ព្រោះលទ្ធផលបានបែកផ្លូវ ខុសពីអ្វីដែលយើងចង់បាន។ ដូចពាក្យនៅប្រេស៊ីល និយាយថា ជាពេលដែលត្រូវ”ឆីលាមក” ហើយកុំនិយាយច្រើនពេក។»៕