កម្ពុជា

ស្ត្រី​ប្រធាន​អង្គការ​ម្នាក់​សរសេរទៅ UN ពីការរំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា

ស្ត្រីមេដឹកនាំម្នាក់​នៃស្ថាប័នអន្តរជាតិពីរ អ្នកស្រី ចាយ៉ាន់ធិ ដេវី បាឡាហ្គុរ៊ូ (Jayanthi Devi Balaguru) បានសរសេរលិខិតពីរផ្សេងគ្នា ក្នុងថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩នេះ ជូនទៅអគ្គលេខាធិការរង​ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកស្ត្រី និងសមភាពយេនឌ័រ អ្នកស្រី ភូមស៊ីឡេ អ៊ឹមឡាមប៊ូ អ៊ិនគូកា (Phumzile Mlambo-Ngcuka) ដើម្បីស្នើឲ្យអង្គការសហប្រជាជាតិ បន្ថែមការយកចិត្តទុកដាក់ «ចំពោះវិបត្តិនយោបាយ និង ពីការរំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា»។

ក្នុងលិខិតទាំងពីរ ដែលសរសេរឡើងក្នុងឱកាសទិវាសិទ្ធិស្ត្រីអន្តរជាតិ ថ្ងៃ៨មិនានេះ អ្នកស្រីបានសរសេរជម្រាប អ្នកស្រីអគ្គលេខាធិការរង អង្គការសហប្រជាជាតិ ឲ្យយកចិត្តទុកដាក់ ចំពោះការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងពីសភាពធ្ងន់ធ្ងរ នៃស្ថានភាពនយោបាយនៅប្រទេសកម្ពុជា ដែលធ្វើអោយមានការគំរាមកំហែង ដល់សិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។

អ្នកស្រីស្រី ចាយ៉ាន់ធិ ដេវី បាឡាហ្គុរ៊ូ បានសំណូមពរឲ្យអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកស្ត្រី ធ្វើការថ្កោលទោសអោយបានខ្លាំងក្លាបំផុត ចំពោះលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក ដែលបានប្រើពាក្យគំរាមកំហែង និងសកម្មភាពហឹង្សា​ដ៍ឃោឃៅ ទៅលើសុខសន្តិភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋទូទៅ ជាពិេសរបស់ស្ត្រី នៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី បាឡាហ្គុរ៊ូ ជនជាតិម៉ាឡេស៊ី ជាប្រធានបណ្តាញអន្តរជាតិ សំរាប់ស្ត្រីសេរីនិយម «International Network of Liberal Women» និងជាប្រធានក្រុមស្ត្រី នៃក្រុមប្រឹក្សាប្រជាធិបតេយ្យ និងសេរីនិយមនៅអាស៊ី «Council of Asian Liberals and Democrats»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។