បាល់ទាត់

ណីម៉ា ចេញ​ពីក្រុម ប៉ារីស ទៅក្រុម​«Al-Hilal»​នៅអារ៉ាប៊ីសាអ៊ូឌីត

ដំណឹងដែលលេចឮ តាំងពី១-២សប្ដាហ៍មុន ត្រូវបានក្រុម ប៉ារីស (Paris Saint Germain – បារាំង) ប្រកាសជាផ្លូវការ នៅមុននេះបន្តិច។ ខ្សែប្រយុទ្ធជាតិប្រេស៊ីលដ៏ល្បី កីឡាករ ណីម៉ា (Neymar Jr) បានចាកចេញពីក្រុមបាល់ទាត់ នៃរដ្ឋធានីរបស់ប្រទេសបារាំង និងទៅចុះហត្ថលេខាលេងឲ្យក្រុម «Al-Hilal» នៃប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

នៅប៉ុន្មាននាទីក្រោយមក ក្រុមបាល់ទាត់​«Al Hilal»​នៃរាជធានី «Riyad» របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក៏បានប្រកាស​ជាផ្លូវការដែរថា ណីម៉ា គឺជាកីឡាកររបស់ខ្លួន សម្រាប់រយៈពេល២ឆ្នាំ ឬ២រដូវកាល។

សារព័ត៌មានកីឡា​ក្នុងប្រទេសបារាំង «L’Equipe» បានរាយការណ៍ថា ការផ្ទេរកីឡាកររូបនេះ ធ្វើឡើងក្រោមទឹកប្រាក់ ប្រមាណជិត១០០លានអ៊ឺរ៉ូ រាប់ទាំងកម្រៃបន្ថែមផង។

ក្រុម ប៉ារីស បានលើកសរសើរអតីតខ្សែប្រយុទ្ធរបស់ខ្លួន ថាជា«អតីតជើងឯក» ដែលបានចូលរួមលេង ១៧៣ប្រកួត និងទាត់បញ្ចូលទី បាន១១៨គ្រាប់ ក្នុងរយៈពេល៦រដូវកាលកន្លងមក ជាមួយក្រុម។

នៅជាមួយក្រុមបាល់ទាត់យក្ស របស់ប្រទេសបារាំង កីឡាករ ណីម៉ា បានលើកពានជាច្រើន រួមមាន៖ ៥ x Ligue 1 – ៣ x France Cup – ២ x League Cup និង ៣ x Champion Trophées។

ប៉ុន្តែជាមួយក្រុម ប៉ារីស កំពូលខ្សែប្រយុទ្ធជាតិ ប្រេស៊ីល អាយុ៣១ឆ្នាំ មិនមានភាពជោគជ័យសោះឡើយ ក្នុងការឈ្នះពានអ៊ឺរ៉ុប «Champions League»។ កីឡាករគ្រាន់តែបានឡើងទៅប្រកួត ដល់វគ្គផ្ដាច់ព្រ័ត្រម្ដងគត់ នៅឆ្នាំ២០២០ ទល់នឹងក្រុម បាយ៉ើន (Bayern Munich – អាល្លឺម៉ង់) និងបានចាញ់ក្រុមនេះ ០-១៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។