បាល់ទាត់

ម៉េស៊ី បានសម្រេចចាកចេញ ពីក្រុម​អ្នកមានបុណ្យ

ជាដំណឹងដែលធ្លាក់ចុះមក ដូចផ្ទុះភ្នំភ្លើង ក្នុងពិភពបាល់ទាត់។ កំពូលខ្សែប្រយុទ្ធ កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានសម្រេចចាកចេញ ពីក្រុម​អ្នកមានបុណ្យ (FC Barcelone – អេស្ប៉ាញ) បន្ទាប់ពីបាន​នៅជាមួយក្រុមនេះ តាំងពីឆ្នាំ២០០០មក។

ដំណឹងនៃការសម្រេចចិត្ត របស់កីឡាករម្ចាស់បាល់មាស ៦ជំនាន់ ត្រូវបានបង្ហើបឲ្យដឹង ជាដំបូងឡើង ដោយប្រព័ន្ធទូរទស្សន៍ «TyC Sport» របស់ប្រទេសអាហ្សង់ទីន ដែលជា​មាតុភូមិ​​របស់កំពូលកីឡាករ។ តែទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានបញ្ជាក់ពី​ករណី​នេះ នៅបន្តិចក្រោយមក ដោយស្រង់ប្រភពផ្ទាល់ចេញ ពីក្រុម​អ្នកមានបុណ្យ តែម្ដង។

«AFP» បានឲ្យដឹងថា ក្រុមមេធាវីរបស់កីឡាករ ម៉េស៊ី បានបញ្ជូនលិខិតមួយច្បាប់ ទៅឲ្យ​ក្រុមបាសាឡូន ក្នុងថ្ងៃអង្គារនេះ ដើម្បីអនុញ្ញាតឲ្យមានការលប់ចោល នូវកិច្ចសន្យា​របស់​កំពូលខ្សែប្រយុទ្ធ ដូចមានចែង នៅក្នុងកិច្ចសន្យានេះស្រាប់។ ប៉ុន្តែ ក្រុម​អ្នកមានបុណ្យ បានប្រតិកម្មតប​នឹងការសុំចាកចេញនោះ ថាកីឡាករ ម៉េស៊ី នៅជាប់កិច្ចសន្យា រហូត​ដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។

សារព័ត៌មានកីឡា «MARCA» របស់ប្រទេសអេស្ប៉ាញ បានអះអាងបន្ថែមថា ការទាមទារ​ឲ្យលប់​កិច្ចសន្យា ដែលធ្វើឡើងដោយ​ក្រុមមេធាវី​របស់កីឡាករ ទំនងជា​ត្រូវ​ក្រុម​បាសាឡូន​បដិសេធ តែអាចជាជំហាន ឈានទៅចរចា ឲ្យមានការចាកចេញ ដោយបង់​ប្រាក់​រម្លស់​តិចជាងទំហំទឹកប្រាក់ ៧០០លានអ៊ឺរ៉ូ ដែលមានចែងក្នុងកិច្ចសន្យា ក្នុងករណីកីឡាករ ចង់ចាកចេញពីក្រុម។

ការចាកចេញ របស់កីឡាករ ម៉េស៊ី អាចជាវិបត្តិដ៏ធំមួយទៀត បន្ថែមឲ្យក្រុម​អ្នកមាន​បុណ្យ បន្ទាប់ពីក្រុមនេះ រងការវាយបំបាក់មុខ ដោយក្រុមបាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) ក្នុងពិន្ទុ ២-៨ ក្នុង​ការប្រកួតវគ្គ១/៤ ក្របខណ្ឌ«Champions League» កាលពីប៉ុន្មានសប្ដាហ៍មុន។

បន្ទាប់ពីបរាជ័យដ៏ជូចត់នោះមក ក្រុមបាសាឡូន បានបណ្ដេញគ្រូបង្វឹកមុន​ចេញ​ពីតំណែង ហើយបានតែងតាំងលោក រ៉ូណល កូម៉ាន់ (Ronald Koeman) ឲ្យឡើងកាន់​តំណែង ជាគ្រូបង្វឹកថ្មី។ លោក កូម៉ាន់ ជនជាតិហូឡង់ ក៏ធ្លាប់ជាកីឡាករ របស់ក្រុមបាសាដែរ រវាងពីឆ្នាំ១​៩៨៩ មកទល់នឹងឆ្នាំ១៩៩៥។

បើតាមសារព័ត៌មាន ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងទៀតថា ការសុំចាកចេញ​របស់​កីឡាករ ម៉េស៊ី ទំនងជាកំពូលកីឡាកររូបនេះ គ្មានសង្ឃឹម​ចំពោះគម្រោង​របស់លោក កូម៉ាន់ ដែល​គ្រោងដកខ្សែប្រយុទ្ធ កីឡាករ ល្វីស ស្វារ៉េស (Luis Suarez) ចេញពីប្លង់​បាល់ទាត់​របស់លោក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។