បាល់ទាត់

លីយ៉ូនែល ម៉េស៊ី នឹងមកដល់​រដ្ឋធានី ប៉ារីស ក្នុងល្ងាច​ថ្ងៃអាទិត្យ​នេះ

បន្ទាប់ពីបាន«លា»ក្រុមបាសឺឡូន (FC Barcelone) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីវេលាថ្ងៃត្រង់នេះរួច កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នឹងធ្វើដំណើរមកដល់រដ្ឋធានី ប៉ារីស ក្នុងល្ងាចថ្ងៃដដែល ដើម្បីធ្វើការត្រួតពិនិត្យសុខភាព មុននឹងចុះ​ហត្ថលេខា ទៅលើកិច្ចសន្យាជាមួយក្រុម ប៉ារីស។

សារព័ត៌មាន«L’Equipe» ជំនាញខាងកីឡារបស់ប្រទេសបារាំង បានបញ្ជាក់ពីព័ត៌មាននេះ ដោយសរសេរឡើងថា «នេះ មិនមែន​ជាក្ដីសុបិន្ត​ទេ»។ សារព័ត៌មានសរសេរថា ភាគីតំណាងឲ្យកីឡាករ និងមេដឹកនាំក្រុម ប៉ារីស បាន​ព្រមព្រៀងគ្នារួចហើយ នៅថ្ងៃអាទិត្យនេះ ទៅលើសឹង​គ្រប់ចំណុចលំអិត​ទាំងអស់​ នៅក្នុងកិច្ចសន្យា​​ដែលនឹងត្រូវ​ចុះហត្ថលេខា។

ប្រព័ន្ធផ្សព្វផ្សាយដ៏ធំមួយនេះ បានស្រង់ប្រភពស្និតនឹងសំនុំរឿង មកបញ្ជាក់ថា កីឡាករម្ចាស់បាល់មាស់៦ជំនាន់ នឹងមកដល់រដ្ឋធានីប៉ារីស នៅល្ងាចថ្ងៃអាទិត្យទី៨ ខែសីហានេះ ហើយអាចនឹងធ្វើការត្រួតពិនិត្យសុខភាព នៅវេលា​យប់ថ្ងៃអាទិត្យ ឬយូរបំផុត​នៅព្រឹកថ្ងៃចន្ទស្អែក។

សូមរំឭកជូនថា កីឡាករ លីយ៉ូនែល ម៉េស៊ី ដែលបានបញ្ចប់កិច្ចសន្យា ជាមួយក្រុមអ្នកមានបុណ្យ កាលពីចុង​ខែមិថុនា​កន្លងមក បានព្យាយាម​ចរចាជាមួយក្រុមយក្សមួយនេះ ដើម្បីចុះកិច្ចសន្យាជាថ្មីមួយទៀត។ សារព័ត៌មានខ្លះ​បាន​អះអាងថា ក្នុងការចរចានោះ កីឡាករ ម៉េស៊ី បានស្ម័គ្រចិត្ត​​​កាត់បន្ថយ​ប្រាក់ខែខ្លួន មកនៅត្រឹមតែពាក់កណ្ដាល។

តែនៅថ្ងៃ​ព្រហស្បត្តិ៍​កន្លងមក កិច្ចសន្យាថ្មីដែលហៀបនឹងត្រូវបានចុះហត្ថលេខា ដោយក្រុមបាសឺឡូន និងកីឡាករ តែបែរជាបាន​«រលូត»​បាត់​ទៅវិញ។

នៅក្នុងប្រទេសអេស្ប៉ាញ កាសែត«Marca»បានបញ្ជាក់ថា នោះគឺដោយសារកីឡាករ ម៉េស៊ី មិនពេញចិត្តនឹង​គម្រោង​កីឡា ទៅអនាគត​របស់​ក្រុមអ្នកមានបុណ្យ។ រីឯកាសែត«Sport»វិញ បានលើកឡើងថា បញ្ហាបណ្ដាលមកពីក្រុម​ បាសឺឡូន មានកម្រិតប្រាក់​បៀវត្សរ៍សរុប រហូតដល់​១៨៧លានអ៊ឺរ៉ូ ដែលច្រើនហួស ពីការកំណត់​របស់ស្ថាប័ន​រៀបចំ​ការប្រកួតបាល់ទាត់អាជីព អេស្ប៉ាញ។

ដំណឹងស្ដីពី«កិច្ចសន្យារលូត» បានបើកទ្វាចំហរយ៉ាងធំ ឲ្យក្រុមបាល់ទាត់យក្សផ្សេងទៀត នៅទ្វីបអ៊ឺរ៉ុប ដើម្បីឆក់​ទាញ​យកកំពូលកីឡាករ​ម្ចាស់បាល់មាស៦ជំនាន់ មកទាត់ឲ្យផងខ្លួន ក្នុងនោះមានទាំងក្រុមប៉ារីសមួយផង។

បើតាមសារព័ត៌មាន«L’Equipe»​របស់ប្រទេសបារាំង បានបញ្ជាក់ទៀតថា គ្រូបង្វឹករបស់ក្រុម ប៉ារីស លោក ម៉ូរីស្យូ ប៉ូឆិនទីណូ (Mauricio Pochettino) ថែមទាំងបានទូរស័ព្ទដោយផ្ទាល់ ទៅកាន់កីឡាករ លីយ៉ូនែល ម៉េស៊ី ដែលជា​ជន​រួមជាតិអាហ្សង់ទីនដូចគ្នា ដើម្បីបង្ហាញពី​គម្រោងកីឡារបស់លោក នៅជាមួយក្រុមប៉ារីស៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។