ក្រុមហង្សក្រហម លីវើភូល (Liverpool FC) បានលើកពានអ៊ឺរ៉ុប ក្របខណ្ឌ «Super Cup» ឆ្នាំ២០១៩ក្នុងយប់ថ្ងៃទី១៤ ខែសីហានេះ បន្ទាប់ពីបានប្រកួតឈ្នះក្រុមតោខៀវ ឆែលស៊ី (Chelsea FC) ដោយទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ។
ជាការប្រកួតដោយតឹងតែង ដោយការបន្ថែមម៉ោង (៩០+១៥+១៥) រវាងក្រុមទាំងពីរ ដែលសុទ្ធសឹងបានឈ្នះ ពានរង្វាន់អ៊ឺរ៉ុប កាលពីចុងរដូវកាលកន្លងមក ខណៈក្រុមទាំងសងខាង បានរកគ្រាប់បាល់នាំមុខ ម្ខាងៗមុន។
ខុសពីជំនួបជាមួយ ក្រុមបីសាចក្រហម កាលពីចុងសប្ដាហ៍កន្លងមក ដែលក្រុមតោខៀវ បានចាញ់យ៉ាងចាស់ដៃ (៤-១) នោះ ក្នុងយប់នេះ ក្រុមឆែលស៊ីម្ចាស់ពាន «Europa League» បានរកបាននូវសាច់បាល់របស់ខ្លួន ក្នុងការវាយសន្ធាប់ទៅលើក្រុមលីវើភូល ដែលជាម្ចាស់ពាន «Champions League»។
សន្ទុះសាច់បាល់នោះ បង្ហាញតាមរយៈគ្រាប់បាល់ដំបូង របស់ខ្សែប្រយុទ្ធតោខៀវ កីឡាករ «Olivier Giroud» ដែលបានទាត់បញ្ចូលទី នៅនាទីទី៣៦ បន្ទាប់ពីទទួលបាល់ពីខ្សែបម្រើ គឺកីឡាករ «Pulisic» ដែលបានបណ្ដើរបាល់ និងបញ្ជូនបាល់ចេញពីការឡោមព័ទ្ធ របស់កីឡាករហង្សក្រហមច្រើននាក់។
តែនៅដើមវគ្គពាក់កណ្ដាលម៉ោងទី២ ក្រុមលីវើភូលបានបង្ហាញ ពីមហិទ្ធិរិទ្ធនៃម្ចាស់ពាន «Champions League» វិញម្ដង ដោយបើកការប្រយុទ្ធយ៉ាងសន្ធាប់ ទៅលើក្រុមតោខៀវ រហូតកីឡាករ « Sadio Man» រកបានគ្រាប់បាល់ស្មើ (១-១) នៅនាទីទី៤៧។
ការប្រកួតដណ្ដើមពាន ដែលមិនចាញ់ឈ្នះ តម្រូវឲ្យមានការបន្ថែមម៉ោង ១៥នាទី + ១៥នាទី ហើយម្ដងនេះ គឺខ្សែប្រយុទ្ធដដែលរបស់ក្រុមហង្សក្រហម កីឡាករ «Sadio Mané» ជាអ្នករកគ្រាប់បាល់ ឲ្យក្រុមខ្លួននាំមុខ នៅនាទីទី៩០+៤។
តែនៅប៉ុន្មាននាទីក្រោយមក (នាទីទី៩០+១០) អ្នកចាំទីរបស់ក្រុមលីវើភូល បានបង្កកំហុសនៅតំបន់គ្រោះថ្នាក់ បណ្ដាលឲ្យអាជ្ញាកណ្ដាលស្ត្រីជាតិបារាំង អ្នកស្រី «Stéphanie Frappart» ពិន័យឲ្យទាត់បាល់១១ម៉ែត្រ អនុញ្ញាតឲ្យក្រុមតោខៀវ មានពិន្ទុស្មើជាថ្មី (២-២)។
គេត្រូវរង់ចាំ រហូតដល់នាទីចុងក្រោយ នៃវគ្គទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ ទើបកីឡាការចាំទីរបស់ក្រុមហង្សក្រហម បានទះបាល់ចេញ បានមួយគ្រាប់។ ហើយមួយគ្រាប់នេះ គឺគ្រប់គ្រាន់ដើម្បីឲ្យក្រុម លីវើភូល លើកពានក្របខណ្ឌអ៊ឺរ៉ុប ឆ្នាំ២០១៩មួយនេះ សម្រាប់ដើមរដូវកាលថ្មី។
គួរជ្រាបដែរថា ពាន «Super Cup» ជាក្របខណ្ឌប្រកួតប្រចាំឆ្នាំ របស់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែលជាការប្រកួត រវាងក្រុមបាល់ទាត់ពីរ ដែលឈ្នះពានអ៊ឺរ៉ុប (Champions League និង Europa League) ក្នុងចុងរដូវកាលកន្លងមក៕