បាល់ទាត់

លីយ៉ូនែល ម៉េស៊ី នឹងត្រៀម«ប្រកួតជាលើកដំបូង» ទល់នឹងក្រុម រ៉ាំម

កំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ពិតជាមានវត្តមានជាមួយក្រុម ប៉ារីស (Paris Saint Germain) និងបានធ្វើដំណើរមកដល់ក្រុង រ៉ាំម (Reims) ហើយ នៅវេលាម៉ោងប្រមាណជា ១៣និង៣០នាទី រសៀលថ្ងៃអាទិត្យនេះ ដើម្បីត្រៀម«ប្រកួត​ជាលើកដំបូង» ក្នុងក្របខណ្ឌ«Ligue 1» រាប់ចាប់ពីកីឡាករម្ចាស់បាល់មាស់៦ជំនាន់ បានចុះហត្ថលេខា​លេងឲ្យក្រុមយក្សបារាំង កាលពីដើមខែសីហាកន្លងមក។

ក្រុមបាល់ទាត់នៃក្រុង រ៉ាំង នឹងទទួលប្រកួតទល់នឹងក្រុម ប៉ារីស ក្នុងយប់ថ្ងៃអាទិត្យ នាប៉ុន្មានម៉ោងខាងមុខ (ចាប់ផ្ដើមនៅ​ម៉ោង​២០និង៤៥នាទី ម៉ោងក្នុងស្រុក) ដែលជាការប្រកួតជុំទី៤ នៃក្របខណ្ឌបូកពិន្ទុដណ្ដើមជើងឯក របស់ប្រទេសបារាំង។

នៅលើបណ្ដាញសង្គម រូបភាពជាច្រើន នៃដំណើរមកដល់របស់កីឡាករ ម៉េស៊ី ត្រូវបានបង្ហោះព្រោងព្រាត ខណៈតម្លៃសំបុត្រ​ (ដែលលក់ក្រៅផ្លូវការ) សម្រាប់ចូលទស្សនាការប្រកួត ត្រូវបានរាយការណ៍ឲ្យដឹងថា បានហក់ឡើងរហូតដល់៤០០អ៊ឺរ៉ូ ក្នុងមួយកន្លែង។

ក្រៅពីកីឡាករ ម៉េស៊ី ក្រុមប៉ារីសនៅមានខ្សែប្រយុទ្ធល្បឿនផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អឹមបាពេ (Kylian Mbappé) និងកីឡាករ ណីម៉ា (Neymar) នៅក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតនេះដែរ។

នៅខណៈនេះ ក្រុមកីឡាកររបស់ក្រុម ប៉ារីស បានចូលទៅសម្រាក និងទទួលទានអាហារថ្ងៃត្រង់ ក្នុងសណ្ឋាគារ«Continental» ដែលត្រូវបាន«ម៉ៅផ្ដាច់» សម្រាប់តែទទួលក្រុមបាល់ទាត់ខាងលើ។ សុវត្ថិភាព និងសន្តិសុខក៏ត្រូវបានរឹតបន្តឹងដែរ នៅក្នុងសង្កាត់​ជុំវិញសណ្ឋាគារ។

ក្រុមប៉ារីស នឹងចាកចេញពីសណ្ឋាគារ ហើយធ្វើដំណើរតាមរថយន្ដទេសចរណ៍ ដ៏ធំទំនើប ឆ្ពោះទៅកាន់កីឡដ្ឋាន«Auguste-Delaune»នៃក្រុង រ៉ាំង នៅវេលាម៉ោង​ប្រមាណជា១៨ល្ងាចនេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។