បាល់ទាត់

រ៉ូណាល់ដូ ចេញពី​ក្រុម​សេះបង្កង់ វិលទៅ​ក្រុមបិសាច​ក្រហមវិញ

ម្ចាស់បាល់មាស៥ជំនាន់ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានសម្រេច វិលទៅ​ក្រុមបិសាច​ក្រហមវិញ ក្រោយពីចាកចេញ ពីក្រុមនេះតាំងពី១២ឆ្នាំកន្លងមក។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម​បាល់ទាត់យក្សមួយនេះ កាលពីប៉ុន្មាននាទីមុន។

​តាំងពីច្រើនថ្ងៃមកហើយ ដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងទ្វីបអ៊ឺរ៉ុប បានបញ្ចេញឲ្យដឹងថា កំពូលកីឡាករ​ខ្សែប្រយុទ្ធ ជាតិព័រទុយហ្គាល់ មានបំណង​​ចេញពីក្រុម ជូវេនទូស (Juventus Turin – អ៊ីតាលី) ដើម្បីចេញ​ទៅទាត់​ឲ្យក្រុម មេនឆេស្ទ័រ ស៊ីធី (Manchester City – អង់គ្លេស) ចាប់ពីដើមរដូវកាលថ្មីនេះ។

តែនៅទីបំផុត និងជាផ្លូវការ គឺក្រុម មេនឆេស្ទ័រ យូណាយធីត (Manchester United – អង់គ្លេស) ឯនោះទេ ដែល​បានព្រមព្រៀងគ្នា ជាមួយក្រុម ជូវេនទូស ដើម្បីផ្ទេរយកកំពូលកីឡាករខាងលើ មកទាត់ឲ្យខ្លួន ក្នុងពេលភ្លាមៗ។

សារព័ត៌មានកីឡា​«L’Equipe» របស់ប្រទេសបារាំងបានអះអាងថា ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនេះ បណ្ដាល​មកពី​កីឡាករ រ៉ូណាល់ដូ បានជួបជជែកតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃសុក្រ (ទី២៧ ខែសីហា ឆ្នាំ២០២១) ជាមួយអតីត​គ្រូបង្វឹក​របស់ខ្លួន គឺលោក​«Sir Alex Ferguson» ដែលធ្លាប់បង្វឹក​ក្រុមបិសាចក្រហម អស់រយៈពេល២៧ឆ្នាំ (ពីឆ្នាំ១៩៨៦ មកទល់ឆ្នាំ២០១៣)។

កីឡាករ រ៉ូណាល់ដូ បានទាត់ឲ្យក្រុម មេន-យូ ម្ដងហើយ ចាប់ពីឆ្នាំ២០០៣ និងមានរយៈពេល៦ឆ្នាំ។ នៅឆ្នាំ២០០៩ កីឡាករខ្សែប្រយុទ្ធ​បានចេញពីក្រុម មេន-យូ និងត្រូវបានផ្ទេរ ទៅទាត់ឲ្យក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ក្នុងតម្លៃផ្ទេរកីឡាករ ប្រមាណជា​៩៤លានអ៊ឺរ៉ូ ដែលជាតម្លៃផ្ទេរកីឡាករ ដ៏ខ្ពស់បំផុត ក្នុងសម័យកាល​នោះ។

បន្ទាប់ពីទាត់ឲ្យក្រុម រៀល អស់រយៈពេល៩ឆ្នាំ ដោយលើកពាន​ដ៏ច្រើនជាមួយក្រុមនេះរួច កីឡាករ រ៉ូណាល់ដូ បាន​ចាកចេញពីប្រទេសអេស្ប៉ាញ និងបានទៅទាត់ឲ្យក្រុម សេះបង្កង់ (ជូវេនទូស) ក្នុងប្រទេសអ៊ីតាលី ចាប់ពី​ឆ្នាំ២០១៨ មកទល់​នឹងថ្ងៃនេះ (ឆ្នាំ២០២១)។

បើតាមប្រព័ន្ធផ្សព្វផ្សាយធំៗ ក្នុងទ្វីបអ៊ឺរ៉ុប បានឲ្យដឹងថា កីឡាករវ័យ៣៦ឆ្នាំ បានចុះកិច្ចសន្យាជាលើកទីពីរ ដើម្បីទាត់ឲ្យក្រុម មែន-យូ សម្រាប់២រដូវកាល/ឆ្នាំទៅមុខ និងទទួលបានប្រាក់បៀវត្សរ៍ ប្រមាណជា២៥លានអ៊ឺរ៉ូ ក្នុងមួយរដូវកាល៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។