បាល់ទាត់

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

ចប់ជាស្ថាពរ និងជាផ្លូវការហើយ រវាងកីឡាករអណ្ដើកទេព គីលីយ៉ាន អឹមបាពេ (Kylian Mbappé) និងក្រុម ប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain)។ កីឡាករបារាំងអាយុ ២៥ឆ្នាំ បានប្រកាសជាសាធារណៈ នូវដំណឹងចាកចេញពីក្រុមជើងឯកបារាំង នៅមុននេះបន្តិច តាមរយៈវីដេអូមួយ ដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម។

អឹមបាពេ និយាយថា៖

«តាំងពីច្រើនខែហើយ ដែលខ្ញុំតែងនិយាយថា ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នៅពេលវេលាសមស្រប ដែលមកដល់។ ហើយខ្ញុំចង់ប្រកាស ប្រាប់អ្នករាល់គ្នាថា ឆ្នាំនេះជាឆ្នាំចុងក្រោយរបស់ខ្ញុំ ដែលនៅជាមួយក្រុម ប៉ារីស ស៊ាំងហ្សែរម៉ាំង។ ខ្ញុំនឹងមិនបន្តកិច្ចសន្យារបស់ខ្ញុំទៀតទេ។ ហើយកិច្ចសន្យានេះ នឹងត្រូវបញ្ចប់នៅប៉ុន្មានសប្ដាហ៍ខាងមុខ (ចុងខែមិថុនា ឆ្នាំ២០២៤)»

កីឡាករ បានបន្តដោយថ្លែងអំណរគុណ ដល់អ្នកគាំទ្រ និងបណ្ដាគ្រូបង្វឹកទាំងឡាយ របស់ក្រុម ប៉ារីស។ តែនៅក្នុងវីដេអូនេះ គេមិនបានស្ដាប់ឮ​ខ្សែប្រុយុទ្ធល្បឿន​ផ្លេកបន្ទោររូបនេះ ថ្លែងអំណរគុណចំពោះលោក ណាសែរ អាលខេឡៃហ្វី (Nasser al-Khelaïfi) ប្រធានក្លឹបបាល់ទាត់យក្ស នៃរដ្ឋធានី ប៉ារីស ទេ។

ប្រព័ន្ធផ្សព្វផ្សាយ បានទម្លាយឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ បាននិយាយប្រាប់លោក ណសែរ តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យលោកបានដឹងជាមុន អំពីការសម្រេចមិនបន្តកិច្ចសន្យា ជាមួយក្រុម ប៉ារីស។

យ៉ាងណា កីឡាករ អឹមបាពេ មិនបានបង្ហើបឲ្យដឹង អំពីអនាគតក្លឹប ដែលខ្លួននឹងទៅចុះ​កិច្ចសន្យាលេង​ជាមួយនោះទេ។ ខ្សែប្រយុទ្ធ ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុត ឲ្យក្រុម ប៉ារីស គ្រាន់តែបញ្ចប់សេចក្ដីប្រកាសរបស់ខ្លួន ដោយប្រយោគចុងក្រោយដូច្នេះថា៖

«ខ្ញុំសង្ឃឹមថា យើងនឹងបញ្ចប់ឆ្នាំនេះ ជាមួយនឹងពានរង្វាន់ចុងក្រោយមួយ ហើយយើងនឹងមានរឿងពិសេសៗធ្វើជាមួយគ្នា ក្នុងពេលវេលា​ដែលនៅសេសសល់។ សូមមេត្តាយល់ថា ​អ្នក​រាល់គ្នានឹងស្ថិត​ក្នុង​បេះដូង​ខ្ញុំ អស់មួយ​ជីវិត – នេះគឺប៉ារីស – សូមជម្រាបលា៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។