ការប្រកួតជាមិត្តភាព រវាងក្រុមជម្រើសជាតិប្រេស៊ីល និងកូឡុំប៊ី ទទួលលទ្ធផល បានត្រឹមស្មើ ២-២។ តែការប្រកួតនេះ ត្រូវបានកត់សម្គាល់ ដោយការវិលត្រលប់របស់កំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar Jr) ដែលបានរងរបួស តាំងពីច្រើនខែ និងឆ្លងកាត់សង្គ្រាមប៉ាកកា ដ៏ខ្លាំងក្លា ក្នុងរដូវកាលផ្ទេរកីឡាករ កន្លងមកនេះ។
វត្តមានរបស់កីឡាករ ណីម៉ា បានជួយក្រុមប្រេស៊ីល ឲ្យរកគ្រាប់បាល់បានមុន នៅនាទីទី ១៩។ គ្រាប់បាល់នោះ ត្រូវបានកីឡាករ កាសេមៀរ៉ូ (Casemiro) ប្រើក្បាលទទួលបាល់ ពីកីឡាករ ណីម៉ា ដែលទាត់ចេញពីជ្រុង ចំហៀងខាងស្ដាំ ដើម្បីដាក់បញ្ចូលទីក្រុម កូឡុំប៊ី។
តែក្រុមកូឡុំប៊ីបានរកគ្រាប់បាល់ស្មើមកវិញ ក្នុងគ្រាប់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី២៥។ ប៉ុន្មាននាទីក្រោយ គឺនៅនាទីទី៣៤ ក្រុមកូឡុំប៊ីបាននាំមុខក្រុមប្រេស៊ីល វិញម្តង ១-២។
គេត្រូវរង់ចាំ ក្នុងពាក់កណ្ដាលម៉ោងទី២ នៅនាទីទី៥៨ ទើបកីឡាករ ណីម៉ា ទាត់បញ្ចូលទីក្រុមកូឡំប៊ី បានមួយគ្រាប់ទៀត ដើម្បីជួយសង្គ្រោះក្រុមប្រេស៊ីល ដែលល្បីល្បាញខាងបាល់ទាត់ ឲ្យមានពិន្ទុស្មើ និងជាពិសេស កុំឲ្យចាញ់បាក់មុខ សម្រាប់ជំនួបមិត្តភាព ក្នុងកីឡាដ្ឋានក្រុង មីអាមី (Miami) សហរដ្ឋអាមេរិក នាថ្ងៃនេះ៕