ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានលើកពាន «Nations League» របស់សហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» ដែលទើបត្រូវបានបង្កើតឡើង សម្រាប់រដូវកាលទីមួយ (ឆ្នាំ២០១៨-២០១៩) បន្ទាប់ពីបានប្រកួតឈ្នះក្រុម ហូឡង់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យនេះ។
ជាការប្រកួតដ៏ស្វិតស្វាញ និងប្រកបដោយគោលដៅជាក់លាក់ ពីសំណាក់មិត្តរួមក្រុម របស់កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ដ៏ល្បី នៃពិភពបាល់ទាត់។ ប៉ុន្តែកីឡាករ រ៉ូណាល់ដូ មិនបានរកគ្រាប់បាល់ ដើម្បីឲ្យក្រុមជម្រើសជាតិខ្លួន បានឈ្នះពាននោះទេ។
គេត្រូវរង់ចាំរហូតដលនាទីទី៦០ ក្នុងពាក់កណ្ដាលម៉ោងទីពីរ ទើបកីឡាករ ហ្គុងសាឡូ ហ្គេដេស (Gonçalo Guedes) អតីតខ្សែប្រយុទ្ធថ្មីវ័យក្មេង របស់ក្រុមប៉ារីស រកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន បានមួយគ្រាប់ (១-០) ហើយក៏ជាគ្រាប់បាល់តែមួយគត់ នៅក្នុងការប្រកួតនេះដែរ។
ដើម្បីរកគ្រាប់បាល់មួយនេះ កីឡាករ ហ្គេដេស បានពង្រួញខ្លួន ដើម្បីតំឡើងកម្លាំងជើងស្ដាំរបស់ខ្លួន ហើយទាត់បាល់មួយទំហឹង សំដៅផ្នែកខាងឆ្វេង នៃទីរបស់ក្រុមហូឡង់ ដែលធ្វើឲ្យកីឡាករចាំទី «Jasper Cillessen» ពិបាកក្នុងការទះបាល់ចេញ។
ចំពោះក្រុមហូឡង់វិញ ហាក់បង្កការខកចិត្តច្រើន សម្រាប់អ្នកគាំទ្រខ្លួន ជាពិសេសនៅក្នុងចង្វាក់បាល់ ដែលកីឡាករត្រូវលេង។ បើទោះជាក្រុម ហូឡង់ បានខិតខំទ្វេរឡើង ដើម្បីតំឡើងការវាយលុករបស់ខ្លួន នៅប៉ុន្មាននាទីជិតចុងបញ្ចប់ក្ដី ដែលខ្សែប្រយុទ្ធរបស់ក្រុមនេះ ពិបាកនឹងរកឱកាសច្រើន ដើម្បីចូលទៅដល់មុខទីរបស់ក្រុម ព័រទុយហ្គាល់ ណាស់។
នៅចំពោះការចាប់បាល់ ឬទះបាល់ចេញ ដ៏មានប្រសិទ្ធិភាព របស់កីឡាករចាំទី របស់ក្រុម ព័រទុយហ្គាល់ កីឡាករ «Rui Patricio» ក្រុមហូឡង់សឹងតែគ្មានសង្ឃឹមសោះឡើយ ក្នុងការរកគ្រាប់បាល់ យកស្មើ ឬយកជ័យជំនះមកវិញ។
គឺជាការប្រកួតផ្ដាច់ព្រ័ត្រ នៃរដូវកាលដំបូងក្របខណ្ឌ «Nations League» របស់សហភាពបាល់ទាត់អ៊ឺរ៉ុប ដែលប្រព្រឹតិទៅក្នុងកីឡដ្ឋាន «Dragon» នៃក្រុងព័រតួ (ប្រទេសព័រទុយហ្គាល់)។ ហើយជ័យជំនះរបស់ក្រុម ព័រទុយហ្គាល់ នឹងចារទុកក្នុងប្រវត្តិសាស្ត្ររបស់ក្រុម ជាពិសេសវាជាជ័យជំនះទីពីរ បន្ទាប់ពីក្រុមនេះ បានលើកពានបាល់ទាត់អ៊ឺរ៉ុប កាលពីឆ្នាំ២០១៦រួចហើយនោះ៕