បាល់ទាត់

អ៊ឹមបាពេ ធ្វើតេស្ត​​ជំងឺ​«Covid-19» ព្រោះ​ធ្លាក់ខ្លួនឈឺ​«ក»​តាំងពី​ច្រើនថ្ងៃ

Covid-19 ៖ កំពូលខ្សែប្រយុទ្ធវ័យក្មេង​របស់ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ដែលខកខាន​មិនធ្វើការហ្វឹកហាត់ ព្រោះឈឺបំពង់ក តាំងពីថ្ងៃចន្ទមកនោះ បានឆ្លងកាត់ការធ្វើតេស្ត ក្នុងថ្ងៃអង្គារទី១០ ខែមិនានេះ ដើម្បីចង់ដឹងថា តើកីឡាករបានឆ្លងជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី ដែលបណ្តាលមក​ពីមេរោគ«កូរូណា»ឬយ៉ាងណា។

សារព័ត៌មានកីឡាបារាំង «L’Equipe» ដ៏ធំ បានបង្ហើបឲ្យដឹង ពីដំណឹងខាងលើ ដោយបានបញ្ជាក់បន្ថែមថា ការធ្វើតេស្តជាលក្ខណៈ«បង្ការ»នោះ បានផ្តល់លទ្ធផលក្នុងជំហានទីមួយ ជា«អវិជ្ជមាន»។ ហើយគេត្រូវរងចាំលទ្ធផលទាំងស្រុង ដែលនឹងត្រូវឲ្យដឹង ក្នុងយប់ថ្ងៃអង្គារនេះ ឬថ្ងៃពុធស្អែក។

ប៉ុន្តែនៅមុននេះបន្តិច សារព័ត៌មានបានរាយការណ៍បន្តថា ការធ្វើតេស្តលើកីឡាករវ័យក្មេង បង្ហាញលទ្ធផល«អវិជ្ជមាន»។ នេះ ជាលទ្ធផលទាំងស្រុង និងចុងក្រោយ ដែលបានសេចក្ដីថា កីឡាករ អ៊ឹមបាពេ មិនបានឆ្លងជំងឺ«កូរូណា» ឬ«Covid-19» ដ៏អប្រិយនេះទេ។

ស្ថានភាពសុខភាព របស់កីឡាករជើងឯកពិភពលោក (ឆ្នាំ២០១៨) រូបនេះ អាចជះឥទ្ធិពល ទៅដល់ការប្រកួត​រវាងក្រុម ប៉ារីស និងក្រុម ដ័រមូន (Dortmund – អាល្លឺម៉ង់) ក្នុងយប់ថ្ងៃពុធ ដែលជាការប្រកួត «ត្រឡប់» វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុបប្រចាំ ហៅជាភាសាអង់គ្លេសថា «Champions League»។

យ៉ាងណា កំពូលខ្សែប្រយុទ្ធខាងលើ នៅតែមានឈ្មោះ ក្នុងបញ្ជីកីឡាករចេញប្រកួត របស់គ្រូបង្វឹកក្រុមប៉ារីស លោក តូម៉ាស ទូហែល (Thomas Tuchel) ដដែលដែរ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។