បាល់ទាត់

អេដេន ហាហ្សា នាំ ឆែលស៊ី ឲ្យឈ្នះពាន «Europa League 2019»

បន្ទាប់ពីបានប្រកួត​បែបស្ទាក់ស្ទើរ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង ក្រុមតោខៀវ ឆែលស៊ី (Chelsea – អង់គ្លេស) បានបង្កើនល្បឿន ក្នុងពាក់កណ្ដាលម៉ោងទីពីរ និងយកជ័យជំនះដាច់ឆ្ងាយ ពីលើក្រុមកាំភ្លើងធំ អាសឺណល់ (Arsenal – អង់គ្លេស) ដើម្បីដណ្ដើមបានពាន «Europa League» សម្រាប់រដូវកាលនេះ មកកាន់នៅក្នុងដៃ។

ជាការប្រកួតផ្ដាច់ព្រ័ត្រ រវាងក្រុមអង់គ្លេសទាំងពីរ ឆែលស៊ី-អាសឺណល់ នៅក្នុងកីឡដ្ឋានអូឡាំពិក នៃក្រុង «បៃគូ» ប្រទេសអាហ្សែបៃហ្សង់ ក្របខណ្ឌពានរង្វាន់កម្រិតទី៣ ឬហៅថា «C3» នៃពានរង្វាន់អ៊ឺរ៉ុប​ប្រចាំរដូវកាល)។

គ្រាប់បាល់ទាំង៤ របស់ក្រុម ឆែលស៊ី រកបានដោយកីឡាករ «Giroud» នៅនាទីទី៤៩ – កីឡាករ «Pedro» នៅនាទីទី៦០ កីឡាករ «Hazard» នៅនាទីទី៦៥ (គ្រាប់បាល់ពិន័យ១១ម៉ែត្រ) និងកីឡាករ «Hazard» ដដែល នៅនាទីទី៧២។

រីឯមួយគ្រាប់របស់ក្រុម អារសឺណល់ គឺរកបាននៅនាទីទី ៦៩ ដោយកីឡាករ «Iwobi» ដែលទើបនឹងចូលប្រកួត បានបីនាទីមុន។

ជ័យជំនះនេះ ធ្វើឲ្យក្រុម ឆែលស៊ី រកបានពានក្របខណ្ឌ «Europa League» ចំនួន៥ហើយ នៅក្នុងប្រវត្តិសាស្ត្រ នៃក្រុមមួយនេះ។

កីឡាករ «Giroud» ដែលជាខ្សែប្រយុទ្ធជាតិបារាំង របស់ក្រុមតោខៀវ បានទទួលបានតំណែង ជាកំពូលកីឡាករ​ដែលរកគ្រាប់បាល់ បាន១១គ្រាប់ ច្រើនជាងកីឡាករផ្សេងទៀត នៅក្នុងរដូវកាលនេះ។

តែកីឡាករ ដែលដឹកនាំសាច់បាល់ នៅក្នុងការប្រកួត និងដែលនាំជ័យជំនះ មកឲ្យក្រុម ឆែលស៊ី គឺកីឡាករ អេដេន ហាហ្សា (Eden Hazard) ខ្សែបម្រើជាតិប៊ែលហ្សិក ដែលក្រៅពីឲ្យចង្វាក់បាល់ សម្រាប់ក្រុមរបស់ខ្លួន កីឡាករខ្លួនឯងរកបានគ្រាប់បាល់ បានដល់ទៅពីរគ្រាប់ (នាទីទី៦៥ និងនាទីទី៧២)។

ជាពិសេស ការប្រកួតនេះ អាចជាការប្រកួតលាគ្នា រវាងកីឡាករ ហាហ្សា និងក្រុម ឆែលស៊ី។ តាំងពីច្រើនសប្ដាហ៍មកហើយ ពាក្យចចាមអារាមបានអះអាង និងកាន់តែឲ្យតំរុយកាន់តែច្បាស់ឡើង ពីការចាកចេញរបស់ខ្សែបម្រើរូបនេះ ទៅកាន់ក្រុមបាល់ទាត់យក្ស នៃប្រទេសអេស្ប៉ាញ គឺក្រុមរៀលម៉ាឌ្រីត (Real Mardrid)។

សារព័ត៌មានបារាំង «L’Equipe» ថែមទាំងអះអាង កាលពីសប្ដាហ៍មុន ថាក្រុមទាំងពីរ នៅចាំតែការប្រកួតផ្ដាច់ព្រ័ត្រនេះ បញ្ចប់ទៅ នឹងអាលប្រកាសជាផ្លូវការ ពីដំណឹងខាងលើនេះប៉ុណ្ណោះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។