បន្ទាប់ពីក្រុម ដ័រមូន និងក្រុម ព័រតូ ដែលទទួលសំបុត្រ បានឡើងវគ្គ១/៤ (វគ្គ៨ក្រុម) កាលពីម្សិលម៉ិញរួច នៅយប់ថ្ងៃពុធ ទី១០ ខែមីនានេះ ក្រុមបាល់ទាត់យក្សពីរទៀត ក៏បានដឹកដៃគ្នា ចាកចេញពីវគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប ក្របខណ្ឌ«Chmapions League» សម្រាប់រដូវកាល២០២០-២០២១នេះដែរ។
ក្រុមទាំងពីរនោះ គឺក្រុមបារីស (Paris Saint-Germain បារាំង) និងក្រុមលីវើភូល (Liverpool អង់គ្លេស) បន្ទាប់ពីការប្រកួតជុំទី២ ត្រូវបានបញ្ចប់ ខណៈក្រុមបាល់ទាត់ពីរទៀត បាន«ហាលអាវ»ជាស្ថាពរ នៅត្រឹមវគ្គ១/៨នេះ។
ខាងក្រោមនេះ ជាលទ្ធផលនៃការប្រកួតទាំងពីរ៖
ក្នុងការប្រកួតជុំទី១ ក្រុមប៉ារីសបានបំបាក់ក្រុមបាសឺឡូន ៤-១។
ក្នុងការប្រកួតជុំទី១ ក្រុមលីវើភូលក៏បានឈ្នះក្រុមគោជល់អាល្លឺម៉ង់ ២-០ ដែរ។
ជាការកត់សម្គាល់ រដូវកាលនេះជារដូវកាលដំបូងហើយ ដែលក្រុមបាល់ទាត់ ដែលមានកីឡាករម្ចាស់បាល់មាសច្រើនជំនាន់ កីឡាករ លីយ៉ូនែល ម៉េស៊ី និងកីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) មិនបានឡើងដល់វគ្គ១/៤ រាប់ចាប់ពីឆ្នាំ២០០៥មក។
រីឯក្រុមបាល់ទាត់ដែលសម្រេច បានឡើងវគ្គ១/៤ ត្រូវរង់ចាំការប្រកួតវគ្គ១/៨ រហូតសប្ដាហ៍ក្រោម រវាង៨ក្រុមផ្សេងទៀត មុននឹងដឹងពីគូប្រកួតរបស់ខ្លួន ដោយការចាប់ឆ្នោត រៀបចំឡើងដោយសហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA)៕