បាល់ទាត់

Champions League៖ ប៉ារីស ផ្ដល់​មេរៀន​ឲ្យ មេនញ៉ូ​ ដល់ផ្ទះ ២-០

យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទោះបីក្រុម ប៉ារីស (Paris Saint-Germain – បារាំង) មិនមានវត្តមានរបស់ខ្សែប្រយុទ្ធធំៗទាំងពីរ គឺកីឡាករ ណីម៉ា (Neymar) និងកីឡាករ កាវ៉ានី (Edinson Cavani) ក៏ដោយ តែក្រុម ប៉ារីស​ បានបំបាក់​ក្រុម​បីសាច​ក្រហម មែនឆេស្ទ័រយូណាយធីត (Manchester United – អង់គ្លេស) ដល់ផ្ទះ ដោយគ្រាប់បាល់ ២-០ ។

ជាការប្រកួត«ទៅ» វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម) រវាងក្រុមទាំងពីរ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ ២០១៨-២០១៩ ដែលប្រព្រឹត្តិទៅ ក្នុងកីឡដ្ឋាន «Old Trafford» របស់ក្រុម មេនញ៉ូ (ចក្រភពអង់គ្លេស)។

ក្រៅពីអវត្តមាន របស់ខ្សែប្រយុទ្ធដ៏សំខាន់របស់ខ្លួន ក្រុមប៉ារីសនៅមានចន្លោះប្រហោងជាច្រើនទៀត នៅក្នុងខ្សែបម្រើរបស់ខ្លួន ដោយហេតុថា កីឡាករខ្សែបម្រើ ដែលក្រុមនេះបានទិញមក នៅមិនទាន់ទទួលបានការទុកចិត្ត ពីគ្រូបង្វឹក លោក ថូម៉ាស ធូហ៊ែល (Thomas Tuchel) នៅឡើយ។

លោក ធូហ៊ែល ចាំបាច់ត្រូវដាក់កីឡាករផ្សេងទៀត ដែលស្គាល់ក្រឡាលេងច្បាស់ ដើម្បីផ្គុំជាមួយកីឡាករ ម៉ាកូ វ៉ែរ៉ាទី (Marco Verratti) ដែលជាខ្សែបម្រើអាជីព នៅជាមួយក្រុមប៉ារីស តាំងពីច្រើនឆ្នាំមកហើយ។

នៅក្នុងពាក់កណ្ដាលម៉ោងដំបូង ក្រុមទាំងពីរមានសាច់បាល់ប្រហាក់ប្រហែលគ្នា។ តែគេត្រូវនិយាយដែរថា ក្រុម ប៉ារីស ចេញទៅប្រកួត​«ដល់ផ្ទះ»​របស់ក្រុមបីសាចក្រហម ជាមានទស្សនិកជនជាអ្នកគាំទ្រ សឹងតែពេញមួយកីឡដ្ឋាន។ ហើយនៅក្រុមមេនញ៉ូ បានបើកការវាយសន្ធាប់ លើក្រុម ប៉ារីស ជាច្រើនដង តែមិនទទួលបានលទ្ធផលទេ ដោយសារខ្សែការពាររបស់ក្រុមប៉ារីសរឹងមាំ ខណៈខ្សែបម្រើរត់ចុះ មកជួយទាន់ពេលជានិច្ចជកាល។

ផ្ទុយទៅវិញ នៅក្នុងពាក់កណ្ដាលម៉ោងទី២ ក្រុមប៉ារីស​បានដណ្ដើមប្រៀបលើក្រុម​មែនញ៉ូ ដោយលេង-ដណ្ដើម-បញ្ជូនបាល់ បានល្អច្បាស់លាស់ ជាងពាក់កណ្ដាលម៉ោងដំបូង រហូតដល់កីឡាករ ប្រេស្នែល គីមប៉ឹមបេ (Presnel Kimpembe) រកបានគ្រាប់បាល់ដំបូង (១-០) នៅនាទីទី៥៣ ដោយទទួលបាល់ទាត់ពីជ្រុង ដោយកីឡាករ អង់ហែល ឌីម៉ារីយ៉ា (Angel Di Maria)។

នៅប៉ុន្មាននាទីក្រោយមក ការលេងជាក្រុមបានដ៏ល្អ បានធ្វើឲ្យក្រុម ប៉ារីស ដណ្ដើមបាល់បានយ៉ាងងាយ ពីក្រុមបីសាចក្រហម ហើយបញ្ជូនឡើងទៅស្លាបឆ្វេង ឲ្យកីឡាករ ឌីម៉ារីយ៉ា ដដែលទាត់មកកីឡាករ គីលីយ៉ាន អឹមបាប៉េ (Kylian Mbappé) ដែលគ្រាន់តែប្រើជើងឆ្កឹះបន្តិច បញ្ជូនគ្រាប់បាល់មួយទៀត ឲ្យក្រុមប៉ារីស នៅនាទីទី៦០ (២-០)។

ខ្សែបម្រើ​បីសាចក្រហម​ម្នាក់ ត្រូវបានបណ្ដេញចេញ…

ក្រុមមែនញ៉ូមិនត្រឹមតែចាញ់ក្រុមប៉ារីសទេ តែក្រុមបីសាចក្រហម ថែមទាំងបានបាត់កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ខ្សែបម្រើដ៏សំខាន់របស់ក្រុមថែមទៀត។ អាជ្ញាកណ្ដាលបានពិន័យកាតលឿងជាលើកទីពីរ នៅនាទីទី៨៩ មានន័យស្មើ​នឹងកាតក្រហម​មួយ ដែលត្រូវបណ្ដេញ​កីឡាកររូបនេះ ចេញពីការប្រកួត។ ជាមួយនឹងការបណ្ដេញចេញនេះ កីឡាករ ប៉ូកបា នឹងត្រូវអវត្តមាន សម្រាប់ការប្រកួតលើកក្រោយ។ 

ក្រុមប៉ារីសបានឈ្នះ នៅខាងក្រៅផ្ទះក្នុងយប់នេះ ពិតជាមានសង្ឃឹមច្រើន ក្នុងដំណើរឆ្លងវគ្គ ឡើងទៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ជាបន្ត។ តែកុំទាន់អ! ព្រោះក្រុមប៉ារីស ត្រូវទទួលក្រុម មែនញូ សម្រាប់ការប្រកួត«ត្រឡប់» ដែលនឹងប្រព្រឹត្តិទៅ នៅ៣សប្ដាហ៍ខាងមុខ នៅកីឡដ្ឋាន «Parc des Princes» ដែលជាផ្ទះរបស់ខ្លួន៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។