កំពូលខ្សែប្រយុទ្ធវ័យក្មេង របស់ក្រុម ដ័រមូន (Borussia Dortmund អាល្លឺម៉ង់) កីឡាករ អឺលីង ហាឡេន (Erling Haaland) កំពុងបន្តធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ជាមួយនឹងថ្វីជើងរបស់ខ្លួន។
បន្ទាប់ពីបាន់បំបាក់ក្រុម សេវីល (FC Séville អេស្ប៉ាញ) ក្នុងការប្រកួតជុំទី១ វគ្គ១/៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Champions League» ក្នុងគ្រាប់បាល់ ២-៣ រួច នៅយប់ថ្ងៃអង្គារនេះ កីឡាករវ័យ២០ឆ្នាំ ជាតិណ័រវេស បានបន្តរកគ្រាប់បាល់ ឲ្យក្រុមបាល់ទាត់របស់ខ្លួន ក្នុងការប្រកួតជុំទី២ និងបានទម្លាក់ក្រុមសេវីល ឲ្យជ្រុះចេញជាស្ថាពរ។
ជាលទ្ធផលសម្រាប់យប់ថ្ងៃអង្គារនេះ ក្រុម ដ័រមូន នៃប្រទេសអាល្លឺម៉ង់ មានគ្រាប់បាល់ស្មើ ២-២ ជាមួយក្រុម សេវីល។ តែជ័យជំនះរបស់ក្រុម ដ័រមូន នៅខាងក្រៅផ្ទះ (ក្នុងការប្រកួតជុំទី១ កាលពីមួយខែមុន) បានផ្ដល់ជ័យជំនះ ឲ្យក្រុមពាក់អាវលឿង ដើម្បីបន្តឡើងទៅប្រកួត ក្នុងវគ្គ១/៤ (ឬវគ្គ៨ក្រុម) បន្តទៀត។
បើគិតជាសាច់បាល់វិញ ក្រុម សេវីល បានលេង និងគ្រប់គ្រងបាល់ បានច្រើនជាងក្រុម ដ័រមូន តែមិនមានលទ្ធភាព ទាត់បញ្ចូលទីរបស់គូប្រកួតបានភ្លាមៗទេ។ ផ្ទុយទៅវិញ ក្រុម ដ័រមូន បង្កគ្រោះថ្នាក់បានខ្លាំងជាង និងជាពិសេស ថ្វីជើងរបស់កីឡាករ អឺលីង ហាឡេន បានធ្វើឲ្យក្រុមអាល្លឺម៉ង់នាំមុខបានពីរគ្រាប់ (ក្នុងនោះ មួយគ្រាប់ជាបាល់ពិន័យ)។
ក្រុម ដ័រមូន ត្រូវរង់ចាំការប្រកួតក្នុងជុំទី២ វគ្គ១/៨ផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវបញ្ចប់ទាំងស្រុង នៅសប្ដាហ៍ក្រោយ (រវាងក្រុមបាល់ទាត់ទាំង១៤ផ្សេងទៀត) ទើបក្រុមនេះអាចដឹង ពីគូប្រជែងរបស់ខ្លួន នៅក្នុងវគ្គ១/៤ ដោយការចាប់ឆ្នោត ដែលជាការរៀបចំ របស់សហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA)៕