បាល់ទាត់

Champions League៖ បាយ៉ឺន បំបាក់ លីយ៉ុង និងឡើងទៅជួប ប៉ារីស

គ្មានការភ្ញាក់ផ្អើលទេ! ក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) ជើងឯកអាល្លឺម៉ង់ បានប្រកួតឈ្នះក្រុម លីយ៉ុង (Olympique Lyonnais – បារាំង) ក្នុងវគ្គ១/២ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions League»។

ជ័យជំនះនេះ ធ្វើឲ្យក្រុម បាយ៉ឺន ទទួលបានសំបុត្រ ក្នុងការឡើងទៅជួបក្រុម ប៉ារីស (Paris Saint-Germain – បារាំង) នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ ក្នុងយប់​ថ្ងៃអាទិត្យ​ខាងមុខ។

ផ្ទុយពីក្រុមបាសឺឡូន (FC Barcelonne – អេស្ប៉ាញ) ដែលចាញ់ក្រុម បាយ៉ឹន ២-៨  ក្រុម​តោបារាំង ដែលស្ថិតក្នុងចំណាត់ថ្នាក់ លេខ៧ ក្នុងក្របខណ្ឌ «Ligue 1» របស់ប្រទេស​បារាំង បានទប់ក្រុម បាយ៉ឺន ដោយទទួលគ្រាប់បាល់ ពីក្រុមយក្សមួយនេះ ត្រឹមតែ​៣គ្រាប់ ទល់នឹង០ ប៉ុណ្ណោះ។ 

ក្រុម លីយ៉ុង ថែមទាំងបានឆ្លៀតវាយបក ទៅលើក្រុម បាយ៉ឺន បានជាច្រើនដង តែការវាយបកទាំងនោះ មិនមានប្រសិទ្ធិភាពទេ។

យ៉ាងណា នៅក្នុងក្របខណ្ឌ «Champions League» រដូវកាលនេះ គេមិនអាចទ្រាំ មិនសរសើរក្រុមតោបារាំង ដែលបានឡើង មកដល់វគ្គ១/២នេះឡើង។ នៅតាមផ្លូវ ក្រុម លីយ៉ុង បានជម្រុះក្រុមយក្សធំៗ នៅអ៊ឺរ៉ុប ដូចយ៉ាងក្រុមសេះបង្កង់ (Juventus Turin – អ៊ីតាលី) និងក្រុមមេឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស) ជាដើម។

ខាងក្រោមនេះ ជាគ្រាប់បាល់ទាំង៣ ដែលក្រុម បាយ៉ឺន រកបាន ក្នុងប្រកួតយប់នេះ ទល់នឹងក្រុម លីយ៉ុង៖

  • គ្រាប់ទី១ នៅនាទីទី១៨ និងគ្រាប់ទី២ នៅនាទីទី៣៣ ដោយ​ខ្សែប្រយុទ្ធ-ស្លាប កីឡាករ «Serge Gnabry»
  • គ្រាប់ទី៣ នៅនាទីទី៨៨ ដោយខ្សែប្រយុទ្ធ កីឡាករ «Robert Lewandowski»៕
ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។