បាល់ទាត់

តុលាការ​ប្រេស៊ីល​សម្រេច​មិនចាត់ការ​បណ្ដឹង​ប្រឆាំង ណីម៉ា ពីបទ​រំលោភ

ចៅក្រមមួយរូបនៃតុលាការក្រុង សាវប៉ាវឡូ (Sao Paulo – ប្រេស៊ីល) បានសម្រេចបិទសំណុំរឿង មិនចាត់ការតាមបណ្ដឹងរបស់ស្ត្រីបង្ហាញម៉ូដ ដែលបានប្ដឹងកំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar) ពីបទរំលោភ សេពសន្ធវៈ ប្រព្រឹត្តិក្នុងបន្ទប់សណ្ឋាគារមួយ នៅរាជធានី ប៉ារីស កាលពីពាក់កណ្តាលខែឧសភា។

អ្នកនាំពាក្យតុលាការក្រុង សាវប៉ាវឡូ ត្រូវបានស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា ចៅក្រមជំនាញក្នុងសំណុំរឿងហិង្សាលើស្ត្រី អ្នកស្រី «Ana Paula Vieira de Moraes» បានយល់ស្របតាមការស្នើសុំ របស់រដ្ឋអាជ្ញា ដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ឲ្យមានការលើកលែងការចោទប្រកាន់ ដោយហេតុបណ្ដាលមកពីគ្មានភស្តុតាងគ្រប់គ្រាន់។

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា៖

«អ្នកស្រីចៅក្រម បានសម្រេចឲ្យបិទសំណុំរឿង។»

កាលពីដើមខែមិថុនា ពាក្យបណ្ដឹងដ៏ភ្ញាក់ផ្អើល ប្រឆាំងកីឡាករ ណីម៉ា ត្រូវបានស្ត្រីបង្ហាញម៉ូដ នាង «Najila Trindade» ដាក់ឡើងទៅស្នងការនគរបាលក្រុង សាវប៉ាវឡូ ជុំវិញហេតុការណ៍ដែលម្ចាស់បណ្ដឹង អាយុ៣៦ឆ្នាំរូបនេះ អះអាងថា ជាការចាប់រំលោភ​សេពសន្ធវៈដោយហិង្សា និងបានកើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា ក្នុងសណ្ឋាគារ សូហ្វីតែល (Sofitel) ក្នុងសង្កាត់ «Arc de Triomphe» ដ៏ល្បីកណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង។

សម្រាប់កីឡាករខ្សែប្រយុទ្ធ របស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) បានហៅ​ពាក្យបណ្ដឹងនោះ ថាមានលក្ខណៈជាជំហាន ទៅរកការ«ជំរិត» បន្ទាប់ពីយុវតីម្ចាស់បណ្ដឹង បានរាយ«អន្ទាក់»ដាក់ខ្លួនរួច។

កាលពីប៉ុន្មានម៉ោងមុន កីឡាករខ្លួនឯង បានបង្ហោះសារ នៅបណ្ដាញសង្គម បង្ហាញពីការធូរស្រាលរបស់ខ្លួន នៅចំពោះការសម្រេច របស់តុលាការ។ ណីម៉ា បានសរសេរថា៖

«រឿងរ៉ាវនេះ នឹងមិនត្រូវបានបំភ្លេចឡើយ ក្រោមហេតុផលច្រើនយ៉ាង ជាពិសេសព្រោះវាបង្កទុក្ខ ដល់ខ្ញុំ គ្រួសារខ្ញុំ និងមនុស្សដែលស្គាល់ខ្ញុំ (…) ខ្ញុំមិនចង់និយាយថា ខ្ញុំសប្បាយចិត្ត [នឹងការសម្រេចរបស់តុលាការ] ទេ។ តែខ្ញុំគ្រាន់តែ មានការធូរស្រាលច្រើនជាង៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។