បាល់ទាត់

ក្រុម​អ្នក​មានបុណ្យ ឈានជើង​មួយចំហៀង​ឡើង​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ

តាមពិតទៅ ក្រុម​អ្នក​មានបុណ្យ ឬក្រុមបាសឺឡូន (Barcelona FC – អេស្ប៉ាញ) មិនសូវ​មាន​សាច់បាល់ ក្នុងការគ្របទៅលើគូប្រកួតទេ តែក្រុមអ្នកមានបុណ្យមួយនេះ បាន​ឈាន​ជើងមួយចំហៀង រួចជាស្រេច ទៅវគ្គផ្ដាច់ព្រ័ត្រ ដោយសារប្រសិទ្ធិភាព នៃកំពូលកីឡាករខ្សែប្រយុទ្ធរបស់ខ្លួន ក្នុងការបំបាក់ក្រុមបាល់ទាត់ លីវើភូល (Liverpool FC – អង់គ្លេស) នៅក្នុងផ្ទះរបស់ខ្លួន (កីឡដ្ឋាន Camp-Nou)។

ជាការប្រកួត «ទៅ» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (ឬវគ្គ៤ក្រុម) នៃការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ដែលទើបនឹងបញ្ចប់ទៅ នៅមុននេះបន្តិច ជាមួយនឹងជ័យជំនះ របស់ក្រុមបាសា ៣-០។

តែក្រុម លីវើភូល មិនទាន់អស់សង្ឃឹម នៅឡើយទេ បើមើលតាមសាច់បាល់ ក្នុងយប់នេះ ដោយហេតុថា ក្រុមហង្សក្រហមបានគ្រប់គ្រងសាច់បាល់ បានយ៉ាងច្រើន ជាពិសេសនៅពេលចាប់ផ្ដើមការប្រកួត ទាំងនៅវគ្គពាក់កណ្ដាល​ម៉ោងដំបូង និងពាក់កណ្ដាលម៉ោ​ងទីពីរ។

អ្វីដែលក្រុមហង្សក្រហម ហាក់ប្រៀបមិនបាន នឹងក្រុមអ្នកមានបុណ្យ អេស្ប៉ាញ គឺលេងបាល់ បានយូរបន្តិច ក្រុមកីឡាករហាក់ធ្លាក់ជើង និងខ្សែប្រយុទ្ធរបស់ក្រុមនេះ ហាក់មិនមានប្រសិទ្ធិភាព ក្នុងការទាត់បញ្ចូលទីទេ។

គ្រាប់បាល់ទាំងបី របស់ក្រុមបាសា រកបានដោយកីឡាករ ល្វី ស្វារ៉េស (Luis Suarez) នៅនាទីទី២៦ និងកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) នៅនាទីទី៧៥  និងនាទីទី៨២។

យ៉ាងណា លទ្ធផលចុងក្រោយ គឺសម្រេចនៅក្រោយលទ្ធផល នៃការប្រកួត «ទៅ» ដែលនឹងប្រព្រឹត្តិទៅ នៅសប្ដាហ៍ខាងមុខ។ តែការប្រកួត «ទៅ» លើកក្រោយនេះ ក្រុមបាសា ត្រូវចេញទៅទាត់ នៅផ្ទះរបស់ក្រុមលីវើភូល (កីឡដ្ឋាន Anfield) ហើយក្រុមហង្សក្រហម ច្បាស់ជាសង្ឃឹមយ៉ាងច្រើន លើបរិយាកាស​នៅលើទឹកដីរបស់ខ្លួន ដើម្បីដណ្ដើមជ័យជំនះ ពីក្រុមអ្នកមានបុណ្យវិញ៕

» សង្ខេបការប្រកួត៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។