ប្រដាល់

«អាថ៌កំបាំង»​របស់ ផាគីអៅ នៅ​មុន​ឡើង​សង្វៀន​ប្រកួត​ទល់នឹង​ ប្រ៊ូន័រ

នៅប៉ុន្មានម៉ោង មុនការប្រកួតទល់នឹងកីឡាករ អាឌ្រីអ៊ាង ប្រ៊ូន័រ (Adrien Broner) នៅក្រុងឡាសវេហ្គាស (ភាគខាងលិចសហរដ្ឋអាមេរិក) កីឡាករប្រដាល់ មានី ផាគីអៅ (Manny Pacquiao) បានទម្លាយឲ្យដឹង ពី«អាថ៌កំបាំង»មួយចំនួន តាមរយៈទូរទស្សន៍បារាំង «Canal+»។

មនុស្សភាគច្រើន នៅលើពិភពលោក ប្រាកដជាមិនទាន់ភ្លេចទេ ពីបរាជ័យរបស់កីឡាករ ជាតិហ្វីលីពីន រូបនេះ នៅក្នុងការប្រកួត«ប្រចាំសតវត្សន៍» ទល់នឹងកីឡាករអាមេរិកាំង ផ្លយ ម៉ាយវេឌើរ (Floyd Mayweather) កាលពីខែឧសភា ឆ្នាំ២០១៥។ កីឡាករ ផាគីអៅ ក៏មិនបានភ្លេចដូចគ្នាដែរ ហើយចិញ្ចឹមចិត្ត ត្រឡប់មករកការសងសឹក នៅលើសង្វៀនវិញ។

នោះជាអ្វី ដែលកីឡាករអាយុ៤០ឆ្នាំរូបនេះ បានបង្ហើបប្រាប់ទូរទស្សន៍បារាំង ហើយដែលទើបត្រូវបាន យកមកចាក់ផ្សាយ កាលពីប៉ុន្មានម៉ោងមុន។ កីឡាករ បានថ្លែងឡើងថា៖

«ខ្ញុំមិនអាចទាយដឹង ពីលទ្ធផលនៃការប្រកួតបានទេ តែខ្ញុំដឹងអំពីអ្វី ដែលខ្ញុំមានសមត្ថភាព ហើយខ្ញុំនឹងខំប្រឹង ឲ្យអស់ពីសមត្ថភាព។»

កីឡាករ ផាគីអៅ បានបង្ហើបពីបំណង ដែលចង់ប្រកួតម្ដងទៀត ដោយមិនបញ្ចេញឈ្មោះថា តើគូប្រកួតលើកក្រោយរបស់ខ្លួន គឺជាកីឡាករ ផ្លយ នោះទេ។ កីឡាករហ្វីលីពីន បានលើកឡើង ពី«អាថ៌កំបាំង»នោះថា៖

«ខ្ញុំនឹងព្យាយាមធ្វើអ្វី ដែលខ្ញុំបានធ្វើកន្លងមក ដើម្បីឈានទៅដល់ការប្រកួតចុងក្រោយមួយ។»

សារព័ត៌មានជាច្រើន បានរាយការណ៍ថា កីឡាករ ផ្លយ ម៉ាយវេឌ័រ នឹងមានវត្តមាននៅក្នុងសាល «MGM grand» ដើម្បីទស្សនាការប្រកួតរវាងកីឡាករ ផាគីអៅ និងកីឡាករ ប្រ៊ូន័រ។ សារព័ត៌មានខ្លះ បានពន្យល់ទៀតថា វត្តមានរបស់កីឡាករ ផ្លយ គឺដើម្បីចង់មើលពីក្បាច់វ៉ៃ របស់កីឡាករ ផាគីអៅ ដោយហេតុថា ខ្លួនទំនងជាត្រូវឡើងប្រកួត ជាមួយគូសងសឹកម្នាក់នេះ ក្នុងពេលខាងមុខ។

ក្នុងយប់ថ្ងៃទី១៩ ចូលមកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ កីឡាករ ម៉ានី ផាគីអៅ ត្រូវប្រកួតទល់នឹងកីឡាករ អាឌ្រីអ៊ាង ប្រ៊ូន័រ (ជាតិអាមេរិកាំង) ដែលធ្លាប់ជា ជើងឯកពិភពលោក ផ្នែកទម្ងន់រុយដែរ។ គេចាំបាច់ត្រូវយកឈ្នះ ក្នុងការប្រកួតលើកនេះ ដើម្បីអាចឈានទៅប្រកួត ទល់នឹងកីឡាករ ផ្លយ ដែលជាម្ចាស់ខ្សែក្រវ៉ាត់៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។