ពិភពលោក

Covid-19៖ WHO ឲ្យអ៊ឺរ៉ុប​ត្រៀម​ខ្លួន​ពីការរាតត្បាត នៅ​សិសិររដូវ​ក្រោយ

នៅ​សិសិររដូវ​ក្រោយ បណ្ដាប្រទេសនៅទ្វីបអ៊ឺរ៉ុប ត្រូវត្រៀមខ្លួន ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19» ដែលអាចកើតមានជាថ្មី បើទោះនៅពេលនេះ តួលេខបង្ហាញ​ពីការថមថយ នៃការរាតត្បាតនេះក៏ដោយ។

លោកវេជ្ជបណ្ឌិត «Hans Kluge» នាយកអង្គការសុខភាពពិភពលោក (WHO Europe) ប្រចាំនៅ​ទ្វីបអ៊ឺរ៉ុប បានព្រមានឡើងដូច្នេះ និងបញ្ជាក់បន្ថែមថា ការរាតត្បាត​ជាលើក​ទីពីរ នឹង​កើតមាន ហើយអាច​សម្លាប់មនុស្ស ច្រើនជាងការរាតត្បាត នៅពេលនេះ។

ក្នុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មាន «Telegraph» នៃចក្រភពអង់គ្លេស មេដឹកនាំ​ជាតិប៊ែលហ្សិក ប្រចាំតំបន់ របស់អង្គការខាងលើ បានលើកឡើងថា ទន្ទឹមនឹង​ការអបអរ ចំពោះ​​តួលេខ​ថយចុះ​នៃការរាតត្បាត រដ្ឋាភិបាលនៃបណ្ដា​ប្រទេស​អ៊ឺរ៉ុប ចាំបាច់​ត្រូវត្រៀមខ្លួន នៅចំពោះការរាតត្បាត ជាលើកទីពីរ ដែលអាចមានសភាពរង្គាល ជាលើកនេះ។

លោកថា៖

«រលកទីពីរ នៃការរាតត្បាត នឹងមកដល់ នៅ​សិសិររដូវ​ក្រោយ ខណៈការថយចុះ នៃ​កម្លាំង​រាតត្បាត ស្ថិតនៅឆ្ងាយនៅឡើយ ពីទីបញ្ចប់របស់វា។ ការរាតត្បាតជាថ្មី នឹងមាន​សភាព​ធ្ងន់ធ្ងរ ហើយអាចសម្លាប់​មនុស្ស ច្រើនជាងពេលនេះ ដោយហេតុថា មេរោគ”Covid-19″ អាចនឹងរួមកម្លាំង ជាមួយជំងឺប្រចាំរដូវផ្សេងទៀត ដូចយ៉ាង ជំងឺ​ផ្ដាសាយ​ធំជាដើម។»

លោក «Kluge» បានស្នើឲ្យបណ្ដាប្រទេស នៅទ្វីបអ៊ឺរ៉ុប មើលគំរូរបស់ប្រទេសមួយចំនួន នៅក្នុងទ្វីបអាស៊ី។ លោកមានប្រសាសន៍ថា៖

«ប្រទេសសិង្ហបូរី និងជប៉ុន បានយល់ថា ពេលនេះ មិនមែនជាពេលស្រែកហ៊ោរកញ្ជៀវ សប្បាយនឹងការថមថយ នៃការរាតត្បាតនោះទេ តែជាពេលវេលា នៃការត្រៀមខ្លួន សម្រាប់ការរាតត្បាត ដែលអាចកើតមាន ជាបន្តបន្ទាប់ នាពេលខាងមុខ៕»

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។