ច្បាប់មួយ ដែលអនុញ្ញាតឲ្យមាន«អភ័យឯកសិទ្ធិ» ដើម្បី«ការពារអតីតប្រធានាធិបតីមួយជីវិត» ទើបនឹងត្រូវបានដាក់ ឲ្យចូលជាធរមាន នៅក្នុងប្រទេសរ៉ុស្ស៊ី បន្ទាប់ពីលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Poutine) បានចុះហត្ថលេខារួច ក្នុងថ្ងៃអង្គារទី២២ ខែធ្នូនេះ។
បើតាមច្បាប់នោះ «អភ័យឯកសិទ្ធិ»របស់ប្រធានាធិបតី នៅក្នុងប្រទេសរ៉ុស្ស៊ី មិនមែនមានត្រឹមតែ ក្នុងអាណត្តិនៃការកាន់តំណែងប៉ុណ្ណោះទេ តែច្បាប់ដ៏ពិសេស បានចែងបន្ថែមថា អតីតប្រធានាធិបតីមួយរូប របស់ប្រទេសរ៉ុស្ស៊ី មិនអាចត្រូវចោទប្រកាន់ តាមផ្លូវព្រហ្មទណ្ឌ ឬផ្លូវរដ្ឋបាលបានឡើយ ហើយក៏មិនអាចត្រូវឃាត់ខ្លួន សួរចម្លើយ ឬឆែកឆេរលំនៅដ្ឋាននោះដែរ។
ច្បាប់ថ្មីនេះ ជាផ្នែកមួយ នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់ប្រទេសរ៉ុស្ស៊ី ដែលធ្វើឡើង កាលពីរដូវក្ដៅកន្លងមក ដើម្បីអនុញ្ញាតឲ្យលោក ពូទីន បន្តនៅក្នុងអំណាច រហូតដល់ឆ្នាំ ២០៣៦។ ច្បាប់ដដែល បានកំណត់ថា ប្រធានាធិបតីរ៉ុស្ស៊ី ដែលផុតអាណត្តិ មាន«អភ័យឯកសិទ្ធិ» ដោយហេតុថា អតីតប្រធានាធិបតីរូបនោះ នឹងបន្តអង្គុយ នៅលើអសនៈមួយក្នុងរដ្ឋសភា។
តែអតីតប្រធានាធិបតី ក៏អាចបាត់បង់«អភ័យឯកសិទ្ធិ»របស់ខ្លួនដែរ ក្រោមលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម៖
កាលពីខែវិច្ឆិកាកន្លងមក ការបង្កើត និងការធ្វើវិសោធនកម្មច្បាប់ទាំងអស់ខាងលើ បានបង្កឲ្យមានពាក្យចចាមអារាមជាច្រើន ដែលអាចឲ្យគេគិតថា លោក ពូទីន នឹងដកខ្លួនចេញ ពីឆាកនយោបាយ ដោយមូលហេតុសុខភាពរបស់លោក។ តែពាក្យចចាមអារាមទាំងនោះ ត្រូវបានវិមានក្រឹមឡាំងច្រានចោល៕